ភ្នំពេញៈ ការនាំចេញម្រេចកម្ពុជា គ្រប់ប្រភេទទៅក្រៅប្រទេស ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ សម្រេចបានក្នុងរង្វង់ជាង ៥ ០៩៤ តោន ថយចុះជាង ៣០ ភាគរយ បើធៀបនឹង ៨ ខែ ក្នុងឆ្នាំ២០២២។នេះបើតាមការឱ្យដឺងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ពីក្រសួងកសិកម្ម បានបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចសកលលោក បណ្តាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទមានការថយចុះ ក្នុងនោះក៏មានផលិតផលម្រេចផងដែរ។ ម្យ៉ាងវិញទៀត ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាប្រែប្រួលអាកាសធាតុនាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ ព្រមទាំងការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ ( ការនាំចេញក្រៅផ្លូវការ) តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមួយចំនួនមិនមានការកត់ត្រាជាដើម។
លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញាថា មូលហេតុ និងស្ថានភាពនៃការការធ្លាក់ចុះនេះ មិនខុសពីកាលពីឆមាសទី១នោះទេ ពោលគឺដោយសារតែតម្លៃម្រេចនៅលើទីផ្សារមានការធ្លាក់ចុះ ខណៈដែលទិន្នផលម្រេច ផលិតបានជាធម្មតា ធ្វើឱ្យកសិករខ្លះផ្អាកលក់ និងហាលទុកសិន រង់ចាំដល់ម្រេចឡើងថ្លៃបន្តិចវិញទើបលក់។
លោកបានបន្តថា អាកាសធាតុក្តៅខ្លាំងពេក ហើយខ្វះទឹកស្រោចស្រពផងនោះ បានធ្វើឱ្យម្រេចងាប់ច្រើនឆ្នាំនេះ ខណៈដែលតម្លៃក៏មិនសូវបានថ្លៃទៀត។
លោកបាននិយាយទៀតថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការរកទីផ្សារថ្មីៗ ព្រោះថា នៅពេលម្រេចកម្ពុជាមានទីផ្សារថ្មីៗកាន់តែច្រើន ពិតជាអាចទាក់ទាញអ្នកវិនិយោគមកបន្ថែមទៀត លើការដាំដុះ និងនាំចេញម្រេចទៅកាន់ប្រទេសផ្សេងៗទៀត ក្រៅពីវៀតណាម។
លោកម៉ាក នី បានបញ្ជាក់ថា៖ «ក្នុងតំបន់អាស៊ាននេះ វៀតណាមគឺជាទីផ្សារដ៏ធំសម្រាប់ម្រេចកម្ពុជា។ម្យ៉ាងវិញទៀត បើទោះបីជា កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគីមួយចំនួនហើយក៏ពិតមែន តែបញ្ហារបាំងពន្ធមួយចំនួន និងភូតគាមអនាម័យ ជាដើម។ ដូច្នេះអ្នកនាំចេញនឹងធ្វើការប្រៀបធៀបថា តើការនាំចេញទៅតាមវៀតណាមចំណេញជាង ឬនាំចេញទៅប្រទេសផ្សេងទៀតដោយផ្ទាល់ តាមកិច្ចព្រមព្រៀងចំណេញជាង?»។
លោក ដាម សាវួន ជំនួយការសមាគមម្រេចកំពត បានថ្លែងថា ស្ថានភាពនាំចេញម្រេចកំពត តាំងពីពេលប្រមូលផលរហូតមកដល់ពេលនេះ មានបរិមាណចំនួន ៨៨តោនទៅហើយ ដែលចំនួននាំចេញនេះ វាមានបរិមាណប្រហាក់ប្រហែលទៅនឹងឆ្នាំមុនដែរ។
លោកបានបន្តថា ថ្មីៗនេះ ក្រុមហ៊ុន ស៊ីយូលែន ដែលទើបទិញម្រេចកំពតពីកសិករ ប្រហែល ២៦តោន នឹងស្នើសុំឯកសារនាំចេញនូវបរិមាណ២៦តោនតែម្ដងនៅក្នុងខែកញ្ញានេះ ដូចនេះបរិមាណនាំចេញ ជុំវិញ ៩០តោន ហើយឈានដល់ជាង១០០តោន នៅដំណាច់ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា៖«ចំពោះតម្លៃម្រេចកំពត មិនមានការប្រែប្រួលទេ ដូចឆ្នាំមុនៗដែរ។ការបញ្ជាទិញម្រេច រវាងក្រុមហ៊ុន និងកសិករ ប្រព្រឹត្តតាមកិច្ចសន្យាទិញលក់រវាងគ្នា ដោយសមាគម សង្កេតឃើញថា ម្រេចកំពតរបស់កសិករ ត្រូវបានក្រុមហ៊ុនទិញទាំងអស់ទៅតាមកិច្ចសន្យា ក្នុងឆ្នាំ២០២៣»។
«បើទោះបីមានបាតុភូត អែលនីណូ កំពុងគំរាមកំហែងទិន្នផលកសិកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យ៉ាងណាក៏ដោយ ក៏ខ្ញុំគិតថា វាមិនមានផលប៉ះពាល់ដល់ការដាំដុះ ថែទាំ និងផលិតម្រេចកំពតទេ ដោយសារយើងមានលក្ខខណ្ឌអាកាសធាតុ ទឹកដី ភ្នំ អំណោយផលជាលក្ខណៈភូមិសាស្ត្រល្អសម្រាប់ដំណាំម្រេចកំពត»។ នេះបើតាមលោក ដាម សាវួន បានបញ្ជាក់បន្ថែម។
យោងតាមតារាងតម្លៃទីផ្សារម្រេចរបស់សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានបង្ហាញថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ តម្លៃម្រេចខ្មៅធម្មតា ចន្លោះ ២ ៧៨០ដុល្លារទៅ៣ ១២០ដុល្លារ ក្នុង១តោន។ ដោយឡែកម្រេច ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រGI រួមមានម្រេចខ្មៅ តម្លៃ១៥ ០០០ដុល្លារ ក្នុង១តោន,ម្រេចស តម្លៃ ២៨ ០០០ដុល្លារក្នុង១តោន និងម្រេចក្រហមតម្លៃ២៥ ០០០ដុល្លារក្នុង១តោន។
បើតាមក្រសួងកសិកម្ម ប្រទេសកម្ពុជា មានខេត្តចំនួន១៨ ដែលមានការដាំដុះម្រេច នៅក្នុងនោះខេត្ត ដែលសម្បូរការដាំដុះម្រេចច្រើនដែរ មាន ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ និងខេត្តកំពត។ កម្ពុជា ក៏បាននាំចេញម្រេចទៅកាន់ប្រទេសមួយចំនួនផងដែរដូចជា វៀតណាម អាល្លឺម៉ង់ ថៃ បារាំង ឥណ្ឌា បែលហ្សុិក តៃវ៉ាន់ សាធារណរដ្ឋឆែក ប៉ូឡូញ ជប៉ុន រុស្សី កូរ៉េ សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀត៕