បាត់ដំបងៈអង្គការ Aide et Action និងដៃគូបានបញ្ចប់ការបង្កើតបណ្ណាល័យ១សម្រាប់កុមាររស់នៅតំបន់ទឹកលិច(តាមរដូវ)នៅតំបន់ទន្លេសាបស្ថិតក្នុងសាលាបឋមសិក្សា ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណៈបណ្ណាល័យនេះមានសៀវភៅអានរាប់រយចំណងជើងនិងសម្ភារចាំបាច់ផ្សេងទៀតសម្រាប់ទាក់ទាញការអានរបស់កុមារ។
បណ្ណាល័យនៅសាលាបឋមសិក្សាឃុំកោះជីវាំង គឺស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាតំបន់លិចទឹកតាមរដូវជាប់បឹងទន្លេសាប ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២១ ខែកញ្ញា។ ការបង្កើតបណ្ណាល័យនេះ ជាផ្នែកមួយនៃគម្រោងសកម្មភាពរបស់អង្គការ Aide et Action ដើម្បីលើកកម្ពស់អក្ខរកម្មនិងកសាងវប្បធម៌អាន និងរៀនក្នុងចំណោមក្មេងស្រី ក្មេងប្រុស និងមនុស្សពេញវ័យ។
លោក វន់ សំភាស់ នាយកប្រចាំកម្ពុជានៃអង្គការ Aide et Action បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៥ ខែកញ្ញាថា អង្គការ Aide et Action និងដៃគូ បានបញ្ចប់ការបង្កើតបណ្ណាល័យមួយសម្រាប់កុមាររស់នៅតំបន់ទឹកលិច (តាមរដូវ)នៅទន្លេសាបនៅសាលាបឋមសិក្សាឃុំកោះជីវាំង ដោយបណ្ណាល័យនេះ មានបំពាក់នូវទូរទស្សន៍ឆ្លាតវៃមួយឈុត កង្ហារអគ្គិសនី ភ្លើង ការតភ្ជាប់អ៊ីនធឺណិត សៀវភៅរូបភាព សៀវភៅអានរាប់រយចំណងជើង សម្ភារចាំបាច់ផ្សេងទៀត និងប្រព័ន្ធចម្រោះទឹក។
លោកបានបញ្ជាក់ថា៖«អត្ថប្រយោជន៍នៃការបង្កើតបណ្ណាល័យនេះ នឹងរួមចំណែកលើកកម្ពស់សកម្មភាពសិក្សានិងជំនាញផ្សេងៗទៀត ដូចជាជំនាញថែទាំខ្លួនឯង ចំណេះដឹងថែទាំសុខភាពជាដើម។ ចំពោះទូរទស្សន៍ SmartTVនឹងត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រសកម្មភាព និទានរឿង និងចំណេះដឹងទាក់ទងនឹងជំនាញវិទ្យាសាស្ត្រអនុវត្ត(STEM)ផងដែរ។ បណ្ណាល័យឌីជីថលនេះ ក៏នឹងបម្រើជាកន្លែងសម្រាប់គ្រូបង្រៀន ដើម្បីស្រាវជ្រាវ និងប្រើប្រាស់សម្រាប់គរុកោសល្យ និងការណែនាំផ្សេងៗផងដែរ»។
លើសពីនេះ លោក វន់ សំភាស់ បានលើកឡើងថា កុមារ និងមនុស្សពេញវ័យនៅក្នុងសហគមន៍លិចទឹក នឹងមានលទ្ធភាពទទួលបានព័ត៌មាន សៀវភៅ និងឧបករណ៍ក្មេងលេងដែលកំពុងសិក្សាកាន់តែប្រសើរឡើងពីបណ្ណាល័យ១នេះ បន្ទាប់ពីបណ្ណាល័យ បានបើកដំណើរការជាផ្លូវការ។
ដំបូងឡើយសាលាបឋមសិក្សាឃុំកោះជីវាំងដែលមានសិស្សានុសិស្សជាង៣០០នាក់ គឺមិនមានបណ្ណាល័យនោះទេ ហើយសាលាមានតែសៀវភៅអានបន្តិចបន្តួច សម្រាប់ដាក់នៅក្នុងថ្នាក់នីមួយៗ ហើយចល័តសៀវភៅទាំងនោះទៅតាមថ្នាក់ពី១ថ្ងៃទៅ១ថ្ងៃ ដើម្បីឱ្យសិស្សានុសិស្សបានផ្លាស់ប្តូរគ្នាអាន។ នេះគឺជាការរៀបរាប់របស់លោកនួន វុទ្ធី នាយកសាលា បឋមសិក្សាឃុំកោះជីវាំង។
លោកនាយកសាលាបានបន្តថា ក្រោយមក បន្ទាប់ពីមានការគាំទ្រពីអង្គការ Aide et Action និងដៃគូ សាលា ក៏ទទួលបានបណ្ណាល័យចល័តតាមទូកដែលមានអ្នកបើកបរមកឈប់សំចតនៅសាលារបស់លោកពី២ទៅ៣ដង ក្នុង១សប្តាហ៍សម្រាប់សិស្សានុសិស្ស បានអានសៀវភៅក្នុងបណ្ណាល័យចល័តនោះ។
លោកបានបញ្ជាក់ថា៖«សាលាខ្ញុំនេះ នៅតំបន់លិចទឹក ហើយមិនសូវជាមានធនធានដំណើរការបណ្ណាល័យ ហើយភាគច្រើនបណ្ណាល័យមានតែតាមថ្នាក់។ យើងមានសៀវភៅបន្តិចបន្តួចសម្រាប់ដាក់នៅក្នុងថ្នាក់នីមួយៗ ហើយយើងចល័តសៀវភៅរឿងហ្នឹងពី១ថ្ងៃទៅ១ថ្ងៃផ្លាស់ប្តូរគ្នា។ ប៉ុន្តែក្រោយមានការគាំទ្រពីអង្គការ យើងមានបណ្ណាល័យចល័តតាមទូកដែលមានសៀវភៅច្រើនសម្រាប់ឱ្យសិស្សខ្ញុំអាន»។
ជាមួយនឹងការទទួលបានបណ្ណាល័យផ្ទាល់សាលាក្នុងពេលនេះ លោក នួន វុទ្ធី បានចាត់ទុកថា រឹតតែមានសារៈសំខាន់សម្រាប់សាលារបស់លោកជាពិសេសគឺសម្រាប់សិស្សានុសិស្សនៅក្នុងសាលាទាំងមូលតែម្តង ដោយ
សារតែពួកគេចូលចិត្តអាន។ បន្ថែមពីនេះ លោកក៏មើលឃើញដែរថា បណ្ណាល័យផ្ទាល់មួយនេះនឹងជំរុញការអានដល់ក្មេងៗកាន់ច្រើនបន្ថែមទៀត ព្រោះវាសម្បូរទៅដោយសៀវភៅដែលបានទាក់ទាញកុមារឱ្យកាន់តែចាប់អារម្មណ៍ក្នុងការអានសៀវភៅ។
លោកបានបញ្ជាក់ថា៖«យើងមានបន្ទប់១ទំនេរ យើងបង្កើតជាបណ្ណាល័យ។ បើទោះជាបណ្ណាល័យនេះ មិនទាន់ជាបណ្ណាល័យស្តង់ដាក៏ដោយ ក៏បណ្ណាល័យនេះបានចូលរួមចំណែកឱ្យក្មេងៗគាត់ចូលទៅអាននៅពេលចេញលេង។យើងសង្កេតឃើញថា ក្មេងៗចូលចិត្តអានច្រើនពេលគាត់ចេញលេងគឺគាត់ចូលទៅអាន។ បណ្ណាល័យនេះបានកាត់បន្ថយការលេង(បែបគ្រោះថ្នាក់)របស់ក្មេងៗ ព្រោះសាលាយើងលិចទឹកនៅខែវស្សា
អ៊ីចឹងទៅមិនមានទីធ្លាទេ។ ដល់មានបណ្ណាល័យនេះ គាត់មិនសូវលេងច្រើន ហើយចូលអានសៀវភៅវិញ»។
តាមអង្គការAide et Action គម្រោងបង្កើតបណ្ណាល័យនៅតាមសាលារៀនជាមួយអង្គការដៃគូក្នុងពេលបច្ចុប្បន្ន គឺបានគាំទ្រដល់បណ្ណាល័យជាង១០កន្លែងជុំវិញតំបន់បឹងទន្លេសាប ខណៈអង្គការបានគាំទ្រដល់បណ្ណាល័យចល័តតាមម៉ូតូកងបីចំនួន៩និងបណ្ណាល័យតាមទូកចំនួន១៕