ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរពីការអប់រំ មិនត្រឹមតែផ្តល់តែចំណេះដឹងនោះទេ គឺត្រូវឱ្យមានគុណធម៌ សីលធម៌ និងឥរិយាបថ ដែលការអប់រំទាំងនេះ ត្រូវតែបណ្តុះបណ្តាលតាំងពីថ្នាក់មត្តេយ្យមក។
លោកបានលើកឡើងដូចនេះ ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដានាទីក្រុងញូវយ៉ក នាល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមប្រព័ន្ធតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត។
លោកមានប្រសាសន៍ថា៖«ត្រូវយកចិត្តទុកដាក់ លើការពង្រឹងការអប់រំ ដែលគោលការណ៍កែទម្រង់ការអប់រំរបស់យើងមានរាប់ឆ្នាំ យើងមានផែនការវែង តែក្នុងអាណត្តិនេះយើងផ្តោតលើការពង្រឹងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ធ្វើយ៉ាងណាឱ្យការអប់រំ មិនត្រឹមតែបង្រៀនមនុស្សឱ្យចេះអក្សរ មានសមត្ថភាព តែត្រូវគួបផ្សំឱ្យមាន គុណធម៌ សីលធម៌ និងឥរិយាបថល្អដែលជាធនធានមនុស្សរបស់យើង»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឥរិយាបថគឺពិតជាសំខាន់ណាស់សម្រាប់ធនធានមនុស្ស។ គុណធម៌ សីលធម៌ ផ្នត់គំនិតរបស់យុវជនគឺមានការរៀបចំតាំងពីក្មេងមក។ លោកបានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡារៀបចំកម្មវិធីមួយចំនួន ដើម្បីបំផុសគំនិតរបស់ក្មេងៗផងដែរ ដូចជាការជួយយកអាសាគ្នា ការធ្វើការស្ម័គ្រចិត្តជាដើម។
លោកសង្កត់ធ្ងន់ថា៖«ចំណេះដឹង យើងត្រូវគិតហើយ ប៉ុន្តែបើមានតែសមត្ថភាពខ្វះឥរិយាបថ ខ្វះគុណធម៌ក៏មិនកើតដែរ គឺយើងត្រូវតែពង្រឹង។ អ៊ីចឹង បានជាយើងត្រូវធ្វើការពង្រឹងឥរិយាបថតាំងតែពីក្មេងមក គឺពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ដែលជាគោលដៅអាទិភាពសំខាន់»។
លោកក៏បានលើកឡើងផងដែរ ពីការភ្លើតភ្លើនរបស់ក្មេងៗ នាសម័យបច្ចុប្បន្ននេះ ទៅលើសកម្មភាព និងរូបភាពនៃការបង្ហោះម៉ូតូតាមទីសាធារណៈនានា។
លោកថា៖ «ការអប់រំមនុស្សមានតែ៣កន្លែងទេ នៅផ្ទះគឺឪពុកម្តាយ នៅសាលា គឺគ្រូ និងបរិស្ថានជុំវិញ»។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងជាអ្នកអប់រំផ្នែកក្រមសីលធម៌ដ៏លេចធ្លោ ១រូប បានបង្ហាញការគាំទ្រការលើកឡើងរបស់លោកហ៊ុន ម៉ាណែត ចំពោះការឱ្យបណ្តុះបណ្តាល គុណធម៌ សីលធម៌ និងឥរិយាបថនេះ ដល់ក្មេងៗតាំងពីថ្នាក់កម្រិតមត្តេយ្យដល់ថ្នាក់ធំ។
លោកបានប្រាប់ឱ្យដឹងថា លោកបានជួបផ្ទាល់ជាមួយនឹងលោក ហ៊ុន សែន ដើម្បីសុំអនុសាសន៍រៀបចំផែនការអប់រំឱ្យមានលំដាប់ ចាប់តាំងពីថ្នាក់មូលដ្ឋានមកវិញ (មតេ្តយ្យ និងបឋម) ដោយផ្តោតលើគុណធម៌ សីលធម៌ និងចរិយាធម៌ ព្រោះលោកមើលឃើញពីតម្លៃនៃការគ្រប់គ្រងត្រូវបានបាត់បង់ ដោយសារតែឪពុកម្តាយ មិនបានដើរតួនាទីក្នុងការអប់រំកូនរបស់ខ្លួននោះទេ ដោយទុកឱ្យតែក្រសួង សាលារៀន និងលោកគ្រូ អ្នកគ្រូជាអ្នកធ្វើទៅវិញ។
លោក សំបូរ មាណ្ណារ៉ា ថ្លែងថា៖«អ៊ីចឹង! ប្រសាសន៍របស់សម្តេចមហាធិបតី ក៏ជាលម្ហគំនិតក្នុងការគិតដើម្បីសម្រង់ទិសដៅ កំណត់ឱ្យក្រសួង សាលារៀន គ្រូបង្រៀន ឪពុកម្តាយជាដើម ឱ្យយកចិត្តទុកដាក់គិតពីបញ្ហានេះ»។
បើតាម លោក សំបូរ មាណ្ណារ៉ា ការបណ្តុះឱ្យមានគុណធម៌ និងសីលធម៌នេះ កើតចេញពីឪពុកម្តាយព្រោះថា បើតាមទ្រឹស្តីរបស់ព្រះ គឺមាតាបិតា ដែលហៅថា ឪពុកម្តាយ ជាបុព្វចារ្យ ឬគ្រូដើមរបស់កូនដែលមានតួនាទីជាអ្នកអប់រំកូន តែមកទល់ពេលនេះ មានតែគ្រូបង្រៀន និងសាលារៀនជាអ្នកអប់រំកូន ហើយឪពុកម្តាយមួយចំនួនបែរជាឱ្យទូរស័ព្ទជាអ្នកអប់រំកូនៗពួកគេទៅវិញ៕