ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរសារថ្លែងអំណរគុណចំពោះលោក ដេវីដ សុទ្ធ (David Soth) ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកដែលបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មអាមេរិក ដើម្បីផ្សព្វផ្សាយពីរូបភាពស្វាគមន៍ដល់រូបលោកនៅលើផ្ទាំងប៉ាណូ តាមតំបន់សំខាន់ៗមួយចំនួន នៅទីក្រុងញូវយ៉ក នាអំឡុងពេលលោកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨។
លោក ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសប៊ុករបស់លោកនាថ្ងៃទី ២៥ ខែកញ្ញា បន្ទាប់ពីវិលត្រឡប់ពីសហរដ្ឋអាមេរិកវិញថា៖ «សូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដែលប្អូនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ ដល់រូបខ្ញុំនៅលើ Billboard តាមតំបន់សំខាន់ៗមួយចំនួន នៅទីក្រុងញូវយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នើសុំពីអ្នកណា»។
លោកបន្តថា៖ «នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្អូន សម្រាប់រូបខ្ញុំផ្ទាល់ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏សូមអរគុណចំពោះក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាម Billboard ដែលបានជួយផ្សាយដោយឥតគិតថ្លៃ ចំពោះសារស្វាគមន៍នេះ»។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះ បន្ទាប់ពីមានការលើកឡើងពីក្រុមប្រឆាំងនៅក្រៅប្រទេសថា រាជរដ្ឋាភិបាលកម្ពុជាបានជួលផ្ទាំងប៉ាណូនៅសហរដ្ឋអាមេរិកសម្រាប់ផ្សព្វផ្សាយពីរូបភាពស្វាគមន៍លោក ហ៊ុន ម៉ាណែត ក្នុងឱកាសបំពេញបេសកកម្មនាទីក្រុងញូវយ៉ក ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣។
ទន្ទឹមនឹងនេះដែរ ក្រុមអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងការសោកស្តាយ ចំពោះការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកឡើងថា ការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ ឬ
ផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard ពីសកម្មភាពលោក ហ៊ុន ម៉ាណែត នៅតំបន់ Time Square ថា ជាការរៀបចំ និងជាការចំណាយថវិកាខ្ជះខ្ជាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្ដីបំភ្លឺព័ត៌មានរបស់ក្រុមអ្នកនាំពាក្យនៅថ្ងៃទី ២៥ ខែកញ្ញា បញ្ជាក់ថា៖ «ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងកេងចំណេញនយោបាយ និងបំភាន់សាធារណមតិ»។
សេចក្តីបំភ្លឺបន្តថា ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូនេះ ពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ តែការរៀបចំនេះ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្តស្រលាញ់ និងការគាំទ្រ របស់ប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះលោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។
ប្រភពដដែលបន្តថា៖ «ការរៀបចំនេះមានការសម្របសម្រួលពីបងប្អូនខ្មែរយើងនៅសហរដ្ឋអាមេរិក និងមានការចូលរួមគាំទ្រផ្សព្វផ្សាយដោយឥតគិតថ្លៃ ពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម តាមផ្ទាំងប៉ាណូ ឬផ្សព្វផ្សាយតាម billboard ផងដែរ»។
ជាមួយគ្នានេះលោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា នេះជាភារកិច្ចរបស់អ្នកនាំពាក្យក្នុងការចេញសេចក្តីបំភ្លឺជូនសាធារណជនគឺជារឿងធម្មតា ប៉ុន្តែរាជរដ្ឋាភិបាល មិនគួរចាប់អារម្មណ៍ខ្លាំងពេកចំពោះការរិះគន់នេះទេ។ លោកថា សំខាន់រាជរដ្ឋាភិបាលបានបំពេញការងារ ជាគុណប្រយោជន៍ចំពោះជាតិ ហើយនិងបន្តពង្រឹងលើការងារនេះ បន្ថែមទៀតតាមរយៈការជំរុញការកៀរគរវិនិយោគិនការទូតសេដ្ឋកិច្ច ឱ្យបានច្រើន ជាជាងការចំណាយពេលវេលា អារម្មណ៍ និងការគិតតបតចំពោះការបញ្ចេញមតិប្រឆាំងនានា។
លោកបានថ្លែងទៀតថា៖ «រាជរដ្ឋាភិបាលយើងចេញដូច្នេះបាន ប៉ុន្តែយើងមិនគួរយកចិត្តទុកដាក់ខ្លាំងពេកទេ យើងគួរតែយកពេលវេលា ជំរុញការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍បន្ថែមទៀត ដើម្បីកៀរគរអ្នកវិនិយោគ កៀរគរនឹងការផ្សព្វផ្សាយ ទេសចរណ៍របស់យើង ឱ្យបានទូលំទូលាយបន្ថែមទៀត។ រីឯការរិះគន់ចំពោះទស្សនៈ ១ ជ្រុង គឺជាការយល់ឃើញពីសង្គមនៃប្រទេសនោះទេ»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២៥ ខែកញ្ញាថា ចំពោះការលើកឡើងថា ការយករូបភាពផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូ ដើម្បីឱ្យសហគមន៍អន្តរជាតិ និងប្រតិភូនានា នៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិ ដើម្បីឱ្យមានការទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជានោះ គឺជារឿងមិនពិតនោះទេ៕