ភ្នំពេញៈ​ អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅក្នុងឆ្នាំនេះបានដុតបំផ្លាញ និង​កម្ទេច​វត្ថុតាង​គ្រឿងញៀនសារធាតុ​គីមី​ផ្សំ និង​កញ្ឆា​ដែលបង្ក្រាបបាននៅ​រាជធានី​ភ្នំពេញ-ខេត្ត​នានា ​ជា​បន្តបន្ទាប់​ពិសេសចាប់ពី​ថ្ងៃទី​ ២៨ ខែមិថុនា ដល់​ថ្ងៃទី ​២៩ ខែសីហា ឆ្នាំ ​២០២៣​​។ ការដុត​បំផ្លាញ​នេះ​ធ្វើឡើង​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា​សុ​រប​ចំនួន​ ១០ ​លើកដែល​តាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិបង្ហាញថាគ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ ដែល​ដុត​បំផ្លាញចោល​នៅក្នុង​ឆ្នាំ​នេះមាន​ចំនួន​រាប់សិប​តោន​។

​លោកម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួលផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញឿ​ននៃ​អគ្គស្នងការ​នគរបាល​ជាតិបានឱ្យដឹងថា អាជ្ញាធរ​បាន​ដុតបំផ្លាញ​និងកម្ទេច​វត្ថុតាង​គ្រឿងញៀនសរុប​គ្រឿងញៀន១៣​តោននិង​ជាង​៧៩៦​គីឡូក្រាមសារធាតុ​គីមី​ផ្សំ​សរុប​៣៤២​តោននិង​ជាង​២៥៧​គីឡូក្រាមនិង​កញ្ឆា​ក្រៀម​សរុប​ជាង​១១​គីឡូក្រាមដែល​ការដុតបំផ្លាញ​នេះ​ធ្វើឡើងដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រឆាំង​គ្រឿងញៀនថ្ងៃទី​២៦ខែមិថុនាឆ្នាំ​២០២៣​។​

​លោក​បានបន្តថា ការដុត​បំផ្លាញ​ទាំង​១០​លើក​ដែលមាន​គ្រឿងញៀន​សរុប​ជាង​១៣​តោន​នេះគឺ​ប្រមូលបាន​មកពី​១៩រាជធានីខេត្តហើយ​បានដុតបំផ្លាញ​នៅ​ទីតាំង​ផ្សេងៗ​គ្នារួម​មាននៅ​កោះ​ពេជ្រ​រាជធានី​ភ្នំពេញខេត្ត​ព្រះសីហនុបាត់ដំបងស្វាយរៀងបន្ទាយមានជ័យត្បូងឃ្មុំស្ទឹងត្រែងនិង​ខេត្តកំពង់ឆ្នាំង​។វត្ថុតាងគ្រឿងញៀនសារធាតុ​គីមី​ផ្សំនិង​កញ្ឆា​ក្រៀម​ដែល​ត្រូវបានដុត​កម្ទេច​ចោល​នេះបានមកពី​កិច្ចខិតខំ​ប្រឹងប្រែងបង្ក្រាប​រប​ស់​កម្លាំង​សមត្ថកិច្ច​​នាពេល​កន្លងទៅ​និងបានបញ្ជូនទៅ​តុលាការហើយ​ត្រូវបាន​តុលា​ការចេញ​សាលក្រម​ស្ថាពរ​។

​នៅ​ឆ្នាំ​២០២២គ្រឿងញៀន​ដែល​ត្រូវបាន​ដុតបំផ្លាញ​ចោល​មាន៨តោន ប្រៀបធៀប​នឹង​ការដុត​បំផ្លាញចោល​ក្នុង​ឆ្នាំ​២០២៣​ដែលមាន​ចំនួន​ជាង១៣​តោនសបញ្ជាក់​ឱ្យឃើញថា​ការបង្ក្រាប​គ្រឿងញៀន​មាន​ប្រសិទ្ធភាព​ជាង​មុនព្រោះ​សមត្ថកិច្ច​ចាប់បាន​គ្រឿងញៀន​មានការ​កើនឡើង​ប្រមាណ​៥​តោន​។ការ​ចាប់បាន​គ្រឿងញៀន​កាន់តែ​ច្រើនឡើង​នេះដោយសារ​ការបង្ក្រាប​ចំ​គោលដៅក្នុងករណី​ធំៗ​។នេះ​បើតាម​ការបន្ថែម​របស់​លោក​ម៉ក់ជី​តូ​។

​ការ​ពិត​ដែល​មិនអាច​ប្រកែក​បានគឺក្នុងពេល​បច្ចុប្បន្ន​បញ្ហា​គ្រឿងញៀន​បាន​រីកសាយ​ដល់​តំបន់​ជនបទ​ដាច់ស្រយាល​ជាច្រើន​ឆ្នាំ​មកហើយប៉ុន្តែ​បើ​ក្រឡេក​ទៅក្រោយ​ត្រឹម​អំឡុង​ឆ្នាំ​១៩៨០បញ្ហា​គ្រឿងញៀន​ហាក់​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ទេហើយ​ការរីក​សាយភាយ​នៅ​តំបន់​ជនបទ​ក៏​មិនទាន់​ខ្លាំងក្លា​ដែរ​។

​លោកម៉ក់ ជី​តូ បានឱ្យដឹងថា នៅ​ឆ្នាំ​១៩៨៩ស្ថាប័នគយ​ប្រចាំខេត្ត​កោះកុងចាប់បាន​គ្រឿងញៀន​ដំបូង​បំផុត​ចំនួន​៤​តោនដែល​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​។ក្រោយពី​ចាប់បាន​គ្រឿងញៀន​ដ៏​ច្រើន​នេះ​មកគេស​ង្កេត​ឃើញថាបញ្ហា​គ្រឿងញៀន​បានកើត​ឡើងជា​បន្តបន្ទាប់រហូត​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀននៅ​ខែឧសភាឆ្នាំ​២០០៩និង​បាន​បើក​ឱ្យមាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅ​ចុងឆ្នាំ​២០១៦ដើមឆ្នាំ​២០១៧ដើម្បី​បង្ក្រាប​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

​លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​គ្រឿងញៀនរហូត​បាន​បង្កើត​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនដើម្បី​ដឹកនាំ​នយោបាយ​ប្រឆាំង​គ្រឿងញៀន​ទូទាំងប្រទេសអ៊ីចឹង​ទាំងអស់គ្នា​មាន​ភារកិច្ចតស៊ូ​ប្រ​ឆាំ​ង​គ្រឿងញៀនអ៊ីចឹ​ង​ក្រោយពី​ឆ្នាំ​២០១៧​មកតាំងពី​មាន​យុទ្ធនាការយើង​ប្រឹង​ទាំងអស់គ្នា​ទៅទើបបាន​យើង​រកឃើញ​និង​បង្ក្រាបបាន​ច្រើន​»​។

​លោកមាស វី​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនបានឱ្យដឹងដែរថារៀងរាល់ឆ្នាំ​កម្ពុជា​តែងមាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រឆាំង​គ្រឿងញៀនដែល​តាមរយៈ​ការ​ប្រា​ព្ធ​ទិវា​នេះប្រសិន​បើមាន​គ្រឿងញៀន​ត្រូវ​ដុត​បំផ្លាញចោលទាំង​នៅ​រាជធានី​ភ្នំពេញនិង​តាម​បណ្តា​ខេត្តគេ​នឹង​ដុតចោល​ ដើម្បី​បង្ហាញ​សាធារណជន​ឱ្យបាន​ជ្រាប​។

​លោកបាន​ថ្លែងថា​៖ «​អាជ្ញាធរ​នឹងដុត​បំផ្លាញចោល​គ្រឿងញៀនប្រសិន​បើ​ត្រូវបាន​សមត្ថកិច្ច​ចាប់យកហើយ​មាន​ដីកាឬក៏​សាលក្រម​សម្រេច​ស្ថាពរ​របស់​សាលាដំបូង​»​។

​លោកបានបន្ដ​ថា ការដុត​បំផ្លាញ​នេះ​ដើម្បី​កុំឱ្យ​មានការ​យល់ច្រឡំថា​កម្លាំង​អនុវត្ត​ច្បាប់​ចាប់បាន​ហើយតើ​យក​គ្រឿងញៀន​ទាំនោះ​ទៅ​ទុក​ឯណា?ជាពិសេស​ការដុត​គ្រឿងញៀន​នៅ​ទីសាធារណៈ​នេះក៏​ដើម្បី​ជាការ​ផ្សព្វផ្សាយក្រើនរំឭក​ស្មារតី​មហាជនកុំឱ្យ​ពាក់ព័ន្ធ​គ្រឿងញៀនព្រោះ​លទ្ធផល​នៃ​ការជាប់​ពាក់ព័ន្ធ​គ្រឿងញៀនមានតែ​ផ្តល់​ភាពអន្តរាយ​ដល់​ខ្លួនឯងនិង​នាំទុក្ខ​ដល់​គ្រួសារ​ប៉ុណ្ណោះ​។

​លោក​ថ្លែងថា​៖ «គ្រឿងញៀន​វា​មិនមាន​ប្រយោជន៍​អ្វី​ទេយើង​ត្រូវតែ​បោះបង់ព្រោះ​បើប្រើប្រាស់​គឺ​ខុសច្បាប់ហើយ​បើ​គេ​ចាប់បាន​គេ​ត្រូវ​យកទៅ​បំផ្លាញចោលព្រោះ​ការចាប់យក​វាត្រូវ​រក្សាទុកអ៊ីចឹង​យើង​ត្រូវចំណាយពេល ​ចំណាយ​ធនធានក្នុងការ​រក្សាទុក ​អ៊ីចឹង​យើង​ត្រូវតែបំផ្លាញ​វា​ចោល​»​។​

​លោកមាស វី​រិ​ទ្ធ បាន​បន្ថែមថា ការដុត​បំផ្លាញ​គ្រឿងញៀន​គឺដើម្បី​ធូរស្រាល​ក្នុងការ​រក្សាទុកដែល​ទាមទារ​ឱ្យមាន​ទាំង​ការ​យាមកាមនិង​ការប្រើប្រាស់​មធ្យោបាយ​ផ្សេងៗព្រោះ​បារម្ភ​ខ្លាច​បាត់បង់ឬ​មាន​ហេតុផល​ណាមួយដែល​អាចមាន​ការលំបាកក្នុងការដោះស្រាយក្នុងពេល​អនាគត​នៅពេល​រក្សាទុក​រយៈពេល​យូរ​ពេក។

​បើតាមលោកមាស វី​រិ​ទ្ធ គ្រឿងញៀន​បាន​រី​ករាលដាល​ដល់​តំបន់​ជនបទ​ដាច់ស្រយាលក្នុងអំឡុង​ឆ្នាំ​២០១២-២០១៣ពោលគឺ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំមុនដែល​ករណី​នេះ​អាចពាក់ព័ន្ធ​នឹង​ការធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេសពិសេស​ប្រទេស​ថៃដែល​ធ្វើ​ការងារ​ចុះទូក​ទៅ​សមុទ្រឬមួយ​ទៅរក​ឈើប្រណីត​ខុសច្បាប់ហើយ​ត្រូវបាន​គេ​ឱ្យប្រើ​ប្រាស់​គ្រឿងញៀនដើម្បី​មាន​កម្លាំងមិន​ងងុយដេក​ធ្វើការ​ងារ​បាន​ច្រើន​។លោក​បន្តថាពីមុន​គ្រឿងញៀន​មានតម្លៃ​ខ្ពស់ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​គ្រឿងញៀន​បាន​ចុះថោកដែល​អ្នកណា​ក៏​អាចមាន​លទ្ធភាព​ទិញ​បានដែរធ្វើឱ្យ​ការរីក​រាលដាល​កាន់តែ​ងាយ​ទៅដល់​គ្រប់ទីកន្លែង​។​

​តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនក្នុង​ឆ្នាំ​២០២២​កម្លាំង​អនុវត្តន៍​ច្បាប់​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប៦៣៩០ករណីស្មើនឹង១០១,៣០ភាគរយប្រៀបធៀប​នឹង​ឆ្នាំ​២០២១ដែលមាន៦៣០៨​ករណី​ច្រើនជាង៨២​ករណីឬកើនឡើង​១,៣០ភាគរយ​។ឃាត់ខ្លួន​ជនសង្ស័យ​សរុប១៥០០២​នាក់ស្រី​៩៥២​នាក់ចាប់យក​គ្រឿងញៀន​បាន​ចំនួន១៤​តោននិង​ជាង​៩១៩​គីឡូក្រាម​។ ដោយឡែក​ក្នុង​រយៈពេល​៨​ខែ​១២​ថ្ងៃ​ ឆ្នាំ​២០២៣​នេះ កម្លាំង​អនុវត្តន៍​ច្បាប់​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​៥៤០៥​ករណីឃាត់ខ្លួន​ជនសង្ស័យ១៣២១៤​នាក់ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ចំនួន​ជាង​២៦៧៣​គីឡូក្រាម​។

​លោកហង្ស ប្រសើរ អនុប្រធាន​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀនឌី​ធី​អេបានឱ្យដឹងថា ការ​សេពគប់​មិត្តភក្តិ​មិនល្អ​គឺជា​ដើមហេតុ​នាំឱ្យ​ធ្លាក់ចូល​ក្នុង​បញ្ហា​គ្រឿងញៀនជាពិសេស​សម្រាប់​អ្នក​ដែល​មិនធ្លាប់ស្គាល់​អ្វីជាគ្រឿងញៀនហើយ​ត្រូវបាន​គេ​អូសទាញ​។លោក​បញ្ជាក់ថាអ្នក​ដែល​ត្រូវគេ​អូសទាញ​មាន​ច្រើន​ ហើយតាម​ការសាកសួរ​មនុស្ស១០​នាក់គឺមាន​៨​ទៅ​៩​នាក់​ឆ្លើយថាពួកគេត្រូវបាន​​អូសទាញឯករ​ណី​នឹកឃើញ​ប្រើប្រាស់​គ្រឿងញៀនដោយ​ខ្លួនឯង​ជាការ​កម្រ។

​លោក​ថ្លែងថា​៖«​ករណី​ដែល​ប្រើ​ហ្នឹង​មិនមែន​នៅ​សុខៗគាត់​នឹកឃើញ​ទៅប្រើ​ទេជួនកាល​គាត់​ដើរ​ជាមួយ​មិត្ត​មិនល្អ​យូរៗ​ទៅគឆ្លៀតឱកាស​ដាក់ចូល​ក្នុង​អ្វី​ផ្សេងៗដូចជា​គ្រឿង​ស្រវឹងឬ​របស់​ហូបចុក ឬ​ជួនកាល​​គាត់​​ចង់​សាក​ចង់ដឹងហើយ​គេ​ជំរុញ​បន្ថែម​ពេល​ផឹកស៊ី​ស្រវឹង​ក្លា​ហា​នក៏មានឬមួយ​ក៏​បណ្តាលមកពី​វិបត្តិ​ផ្លូវចិត្ត​អី​ផ្សេងៗក៏​អាចជា​កត្តា​ជំរុញ​ពួកគាត់​ឱ្យហ៊ាន​សាកល្បង​គ្រឿងញៀន​ដែរ​»​។

​លោកហង្ស ប្រសើរ បានឱ្យដឹងទៀតថា បច្ចុប្បន្ន​មជ្ឈមណ្ឌល​មាន​អ្នកញៀន​គ្រឿងញៀន​កំពុង​ទទួល​ការព្យាបាល​មាន​ចំនួន​២០០​នាក់ដែលចំនួន​នេះ​បានថយចុះ​ពាក់កណ្តាល​បើ​គិត​មុន​ឆ្នាំ​២០១៩ដែលមាន​ចំនួន​ជាង​៤០០​នាក់​។លោ​កថា​ការថយចុះ​នេះ​អាច​មកពី​មាន​វិបត្តិ​កូ​វីដ​១៩​ក្នុងពេល​កន្លងទៅក៏ដូចជា​បញ្ហា​សេដ្ឋកិច្ច​សកល​បណ្តាលមកពី​សង្គ្រាមនិង​ការប្រែប្រួល​អាកាសធាតុ​។

​លោកសុខ ភាក់ ជា​ប្រជាពលរដ្ឋ​១​រូប​នៅ​ស្រុក​បន្ទាយមាសខេត្តកំពតបានឱ្យដឹងថា ទោះបីជា​មានការ​បង្ក្រាប​ជា​បន្តបន្ទាប់​នៅតាម​មូលដ្ឋាន ប៉ុន្តែ​កន្លែង​ខ្លះ​បញ្ហា​គ្រឿងញៀន​នៅតែ​កើតមានតាម​តំបន់តាម​ភូមិ​តាម​ឃុំ​នានាក្នុងនោះ​ក៏មាន​យុវវ័យ​សិស្សសាលា​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ។ហេតុនេះ​ការបញ្ជ្រាប​ការយល់ដឹង​អំពី​ផលប៉ះពាល់​និង​គ្រោះថ្នាក់​គ្រឿងញៀន​ជា​កត្តា​សំខាន់​មួយក្នុងការ​លុបបំបាត់​ប​ញ្ហា​គ្រឿងញៀន​។

​លោក​ភាក់​ បានបន្តថា ការ​​អប់រំ​ណែនាំ​កូនៗ​អំពី​បញ្ហា​គ្រឿងញៀន​ជា​រឿង​ដែល​ឪពុកម្តាយឬ​អាណាព្យាបាល​គ្រប់រូប​ត្រូវតែ​ធ្វើប៉ុន្តែ​យ៉ាងណា​ក៏​មិន​ដូច​ការអប់រំ​នៅ​សាលារៀន​ដែរ​។ លោក​ថា​៖ «​ខ្ញុំ​បាន​ចូលរួម​ប្រាប់​ណែនាំ​កូនៗ​ខ្ញុំអំពី​បញ្ហា​គ្រឿងញៀនប៉ុន្តែ​ការយល់ដឹង​ពី​បញ្ហា​នេះដូចជា​មិនសូវមាន​ពេល​គ្រប់គ្រាន់ខ្ញុំ​មិនអាច​ណែនាំ​កូន​បានល្អ​ដូច​នៅ​សាលារៀន​ទេអ៊ីចឹង​ខ្ញុំ​គិតថាសាលា​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​អប់រំ​ពី​បញ្ហា​នេះ​។​យើង​មើល​តាម​ភូមិ​ខ្លះឪពុកម្តាយ​និយាយ​កូន​មិន​ស្តាប់​ផង​ហ្នឹង​»​។

​កាលពី​ខែឧសភា ឆ្នាំ​២០២០ ក្រសួង​អប់រំ​យុវជន​និង​កីឡាបានរៀបចំ​ឯកសារ​ស​ម្រា​ប់​ការអប់រំបង្ការទប់ស្កាត់ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់នៅតាម​គ្រឹះស្ថានសិក្សាដែល​ឯកសារ​នេះ​គ្រោងនឹងដាក់​ឱ្យ​ប្រើប្រាស់​តាម​សាលារៀន​ទូទាំងប្រទេស​នៅ​ឆ្នាំ២០២១​។យ៉ាងណាក៏ដោយភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បន្ថែម​ជុំវិញ​បញ្ហា​នេះពី​ក្រសួង​អប់រំ​យុវជននិង​កីឡា​បានទេ។

​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀនប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាលោកហ៊ុនម៉ា​ណែ​តបាន​បង្កើ​ន​សមាសភាព​មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនដែល​តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១២ ខែកញ្ញាបង្ហាញថា ក្បាលម៉ាស៊ីន​ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀនមាន​លោកនេ​តសាវឿនឧបនាយករដ្ឋមន្ដ្រីនិង​មាន​អនុប្រធាន​៣​រូបគឺ​លោកសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃលោក​ទៀសីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិង​លោក​កើតរិ​ទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ព្រមទាំង​សមាជិក​ជាច្រើនរូប​ទៀត​។

​លោកនាយក​រដ្ឋមន្ត្រីបានចាត់ទុក​បញ្ហា​គ្រឿងញៀនជា​អាទិភាព​ទី​៤ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ គឺ​ភូមិ​ឃុំ​មាន​សុវត្ថិភាពផ្ដោត​ចម្បង​ទៅលើ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ លោក​ធ្លាប់បាន​ថ្លែង​ក្នុងពេល​ជួប​កម្មករនិយោជិតនៅខេត្តកំពង់ស្ពឺកាលថ្ងៃទី​៩ខែកញ្ញាថា​៖«​ពាក់ព័ន្ធ​នឹង​អាទិភាព​ទី​៤​នេះខ្ញុំ​សូមបញ្ជាក់​បន្តិច​។ការប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀនឈានទៅដល់​ការកាត់បន្ថយ​និង​ការលុបបំបាត់​ទៅ​ថ្ងៃក្រោយ​។យើង​មាន​បញ្ហា​ច្រើន​។វា​ជា​បញ្ហាលំបាក​។ជា​បញ្ហា​ដែល​ចាក់ស្រែះ​។ប្រទេស​ទាំងអស់​ក្នុង​តំបន់សូម្បីតែ​មហាអំណាច​នៅ​បារាំងនៅ​អឺរ៉ុបនៅ​អាមេរិក​ក៏​មិនទាន់​ជោគជ័យ​ដែរ​»​។

​កាលពី​ថ្ងៃទី១៥ខែកញ្ញាលោកនេ​ត សាវឿន ក្នុងនាមនាយករដ្ឋមន្ត្រី​ស្តីទីនិងជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនបាន​បើក​កិច្ចប្រជុំ​១​នៅ​វិមាន​សន្តិភាពដើម្បី​ស្វែងរក​យុទ្ធសាស្ត្រវិធីសាស្ត្រនិង​សកម្មភាព​ថ្មីៗដើម្បី​ឱ្យ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ក្នុង​អាណត្តិ​ថ្មី​នៃ​រាជរដ្ឋាភិបាល​កម្ពុជាសំដៅ​សម្រេច​ឱ្យបាន​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ស្តីពី​ការបន្ត​ជំរុញនិង​លើកកម្ពស់​ប្រសិទ្ធភាព​​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ក្នុង​បំណង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​៕