ភ្នំពេញៈ ​ការប្រកួត​ប្រដាល់ «​សេនា​គុន​ខ្មែរ​យ័ន្ត​ ៨​ ទិស​» ដែល​នឹងត្រូវ​រៀបចំឡើង នៅ​ថ្ងៃទី​៣០ ខែកញ្ញា ខាងមុខនេះ ត្រូវបាន​អ្នករៀបចំ​របស់​ស្ថានីយទូរទស្សន៍​ថោ​ន ព្រមទាំង​សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ និង​ម្ចាស់​ឧបត្ថម្ភ​ធំ បាន​ចាត់ទុកថា ជា «​មហា​ព្រឹត្តិការណ៍​ដ៏​សម្បើម អស្ចារ្យ លំដាប់​ពិភពលោក​» ដែល​ប្រមូលផ្តុំ​ទៅដល់​កីឡាករ​លំដាប់​ខ្លាំង មកពី​ស្ទើរ​គ្រប់​ទ្វីប​ឱ្យមក ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក និង​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ជើង​ខ្លាំង​លំដាប់ ប្រទេស​របស់​កម្ពុជា សរុប​ចំនួន​ ៨ ​គូ​។​

​ជាមួយ​ការ​រចនា​ឱ្យមាន​សង្វៀន ​៨​ ទិស ជា​លើកដំបូង នៅ​កម្ពុជា​នេះ អ្នករៀបចំ​កម្មវិធី​ប្រកួត ប្រដាល់​របស់​សង្វៀន​ថោ​ន បាន​សម្រិតសម្រាំង​កីឡាករ​ជើង​ខ្លាំង​លំដាប់​ប្រទេស​ចំនួន​៨​នាក់ ឱ្យ​ឈរ​តំណាង នៅតាម​ទិស​ទាំង​ ៨ ឬ​យ័ន្ត​ ៨​ ទិស ដោយ​ក្នុងនោះ ព្រំ សំណាង ឈរ​នៅ​ទិសឧត្តរ ឈុត សេរី​វ៉ាន់​ថង ទិស​ពាយព្យ ធឿន ធារ៉ា ទិសបស្ចិម ពេជ្រ សម្បត្តិ ទិសនិរតី រឿង សោ​ភ័​ណ្ឌ ទិសទក្សិណ ឈឿង ល្វៃ ទិសអាគ្នេយ៍ ម៉ា​នូ សិល្បៈ ទិស​បូព៌ា និង ផល សោ​ភ័​ណ្ឌ ឈរ​នៅ​ទិសឦសាន​។​

​ចំពោះ​បេក្ខភាព​តំណាងឱ្យ​កម្ពុជា​ទាំង​ ៨ ​នាក់ គឺ ព្រំ សំណាង និង ធឿន ធារ៉ា ត្រូវបាន​ដាក់ឱ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​កម្រិត​ខ្ពស់បំផុត​របស់​ស្ថាប័ន International Professional Combat Council (IPCC) ជាមួយ​អ្នក​ប្រយុទ្ធ​មកពី​ក្រៅ​ទ្វីប​ដូចគ្នា ចំណែក រឿង សោ​ភ័​ណ្ឌ និង ផល សោ​ភ័​ណ្ឌ ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ Wurkz World IPCC Kun Khmer ជាមួយ​អ្នក​ប្រយុទ្ធ​មកពី​ជប៉ុន និង​ថៃ ចំណែក​កីឡាករ​កម្ពុជា​៤​នាក់​ទៀត ត្រូវ​ប្រកួត​អន្តរជាតិ​ជាមួយ​ជើង​ខ្លាំង​មកពី ​៤​ ប្រទេស​ផ្សេងគ្នា​។​

​ជាមួយគ្នានេះ លោក Tommy Kim ទីប្រឹក្សា​កីឡា​របស់​ស្ថានីយទូរទស្សន៍​ថោ​ន និង​ជា​អ្នកតំណាង IPCC ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២១ ខែកញ្ញា​ថា​៖ «​សេនា​គុន​ខ្មែរ​យ័ន្ត​៨​ទិស ជា​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក ដែល​យើង​បាន​បង្កើតឡើង ដើម្បី​លើកស្ទួយ និង​ផ្សព្វផ្សាយ​គុន​ខ្មែរ ក៏ដូចជា​រួមគ្នា​បង្កើត​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​គុន​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា ព្រោះនេះ​ជា​កម្មវិធី​ធំ​បំផុត មិន​ធ្លាប់មាន នៅក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​គុន​ខ្មែរ​របស់​យើង​នោះទេ​»​។

​ចំណែក លោក ម៉ិ​ល កាដូ ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​និយាយថា​៖ «​ការប្រកួត​សេនា​គុន​ខ្មែរ​យ័ន្ត​៨​ទិស​នេះ មាន​កីឡាករ​បរទេស​មក​ចូលរួម​សឹង​គ្រប់​ទ្វីប ហើយ​មាន​ទាំង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ និង​ប្រកួត​មិត្តភាព​អន្តរជាតិ សរុប​៨​គូ ដូច្នេះ​កម្មវិធី​នេះ​ពិតជា​ល្អ ហើយ​កក្រើក និង​មិន​ធ្លាប់មាន សូម្បីតែ​ឈ្មោះ ក៏​យើង​ឃើញថា​ល្អប្រសើរ​ដែរ​»​។​

​តាម​ការប្រកាស នៅក្នុង​សន្និសីទកាសែត​នោះ ព្រំ សំណាង នឹងត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខ្ពស់បំផុត​របស់ IPCC Kun Khmer Intercontinental ជាមួយ​ម្ចាស់​ខ្សែក្រវាត់ WBC មកពី​អាមេរិក ចំណែក ធឿន ធារ៉ា ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ IPCC Kun Khmer Intercontinental ជាមួយ​ម្ចាស់​ជើងឯក​៣​សម័យកាល​មកពី​ប្រទេស​ទុយ​នី​ស៊ី​។ រីឯ រឿង សោ​ភ័​ណ្ឌ ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ Wurkz World IPCC Kun Khmer ជាមួយ​ម្ចាស់​ខ្សែក្រវាត់ IPCC របស់​ជប៉ុន ក្នុង​ទម្ងន់ ​៦៩​ គីឡូក្រាម​។​

​ចំណែក ផល សោ​ភ័​ណ្ឌ ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ Wurkz World IPCC Kun Khmer ជាមួយ​កីឡាករ​ថៃ Changpuak Jesada ទម្ងន់​ ៦៦ ​គីឡូក្រាម​។ ចំពោះ​ការប្រកួត​មិត្តភាព​វិញ ម៉ា​នូ សិល្បៈ ត្រូវ​ជួប​ថៃ ខណៈ ឈឿង ល្វៃ ត្រូវ​ប៉ះ​ម្ចាស់​ខ្សែក្រវាត់​ មកពី​ប្រទេស​អ៊ីតាលី ហើយ ឈុត សេរី​វ៉ាន់​ថង ត្រូវ​ប្រកួត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់ IPCC របស់​ជប៉ុន រីឯ ពេជ្រ សម្បត្តិ និង​កីឡាករ​ប្រេ​ស៊ី​ល អា​ឡិច​សាន់​ដ្រូ ត្រូវ​ប្រកួត​គ្នា​ដណ្តើមយក​រហស្សនាម «​ក្របីព្រៃ​» ផ្តាច់មុខ ព្រោះ​បច្ចុប្បន្ន អ្នក​ទាំង​២​នេះ ប្រើ​រហស្សនាម​ក្របីព្រៃ​ដូចគ្នា​។​

​លោក Tommy Kim បាន​បន្ថែមថា​៖ «​ការប្រកួត​សេនា​គុន​ខ្មែរ​យ័ន្ត​ ៨ ​ទិស​នេះ យើង​បាន​បញ្ចូល​នូវ​វប្បធម៌​ខ្មែរ គឺ​យ័ន្ត​របស់​យើង​ទៅនឹង​កីឡា ហើយ​កីឡាករ ដែល​ឈរ​នៅតាម​ទិស​នីមួយៗ សុទ្ធតែ​អ្នកមាន​សមត្ថភាព​ខ្លាំង ចំណែក​កីឡាករ​បរទេស​ទាំង​៨​នាក់ ដែល​ត្រូវ​នាំយកមក​ប្រកួត សុទ្ធ​តែមាន​សមត្ថភាព​ខ្លាំង​ដូចគ្នា​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កីឡាករ ដែល​មកឈរ​នៅ​ទិស​នីមួយៗ គឺ​ត្រូវបាន​សម្រិតសម្រាំង​អស់​រយៈពេល​៣​ខែ​មកហើយ ហេតុនេះ ​សម្រាប់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទាំង​ ៤ ​ស្ថាប័ន​នេះ គឺ​ខាង IPCC បាន​សម្រិតសម្រាំង​យក​សុទ្ធតែ​អ្នកខ្លាំង​មក​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​យើង​ដូចគ្នា ហើយ​យើង​ព្យាយាម​យក​កីឡាករ​នៅ​អឺរ៉ុប អាស៊ី និង​អាមេរិក ដើម្បី​ឱ្យគេ​មក​ប្រកួត​នៅ​យើង នឹង​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​របស់​យើង​ត្រឡប់​ទៅវិញ​»​។​

​ចំណែក​អ្នកឧកញ៉ា លាង ម៉េង ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស ដែលជា​អ្នក​ឧបត្ថម្ភ​ធំ ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ថ្លែងថា​៖ «​យើង​ច្បាស់​ទាំងអស់គ្នា​ហើយ​ថា យើង​ចង់​បំផុស​ឱ្យ​កីឡាករ​របស់​យើង​កាន់តែ​ល្បី និង​ធ្វើឱ្យ​ពិភពលោក​កាន់តែ​ស្គាល់​យើង តែបើ​គ្មាន​អ្នក​ឧបត្ថម្ភ​ក៏​យើង​មិនអាច​ទៅរួច​ដែរ អ៊ីចឹង​យើង​ត្រូវមាន​ការគាំទ្រ​គ្នា​ទៅវិញទៅមក ហើយ​ជាមួយគ្នានេះ កីឡាករ​របស់​យើង ក៏​ត្រូវតែ​ខ្លាំង និង​ពូកែ​ដែរ ទើប​មានការ​គាំទ្រ ហេតុនេះ​ខ្ញុំ​ចង់ឱ្យ​កូន​ខ្មែរ​ត្រូវ​ខំប្រឹង​ពួតដៃគ្នា ដើម្បីឱ្យ​យើង​មាន​ភាព​ល្បី​ទាំងអស់គ្នា​»៕