ភ្នំពេញៈ សហព័ន្ធ​កីឡាកាយសម្ព័ន្ធ​កម្ពុជា បាន​និង​កំពុង​ចាប់​ផ្តើម​ពង្រឹង​ធន​ធាន​គ្រូ​បង្វឹក​កម្រិត​មូល​​​ដ្ឋាន ដើម្បី​ឱ្យ​អ្នកទាំង​នោះ ចូលរួមចំណែក​បណ្តុះបណ្តាល​កីឡាករ កីឡាការិនី​វ័យក្មេង​ឱ្យ​បាន​​​កាន់តែ​ច្រើន និង​មាន​គុណ​ភាព សម្រាប់ត្រៀមឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​២០២៩ ដែល​កម្ពុជា នឹង​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ លើកដំបូង។

បើទោះបីជា ការ​ប្រកួត​កីឡាយុវជន​អាស៊ី ឆ្នាំ​២០២៩ នៅ​មាន​រយៈពេល​វែង​ទៀត ប៉ុន្តែ​លោក ណយ ផាណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កម្ពុជា បានអះអាង​ថា ដើម្បីឈាន​ទៅ​រក​ការ​ទទួល​បានជោគ​ជ័យ ក្នុងព្រឹត្តិការណ៍​ដ៏​ធំ ដែល​មាន​៤៥​ប្រទេស​ចូលរួមនេះកម្ពុជាត្រូវ​តែ​ត្រៀម​លក្ខណសម្បត្តិ​ពី​ពេល​នេះទៅអាច​​នឹង​ទទួល​បានជោគ​ជ័យដូច​ការ​​​ធ្វើម្ចាស់​ផ្ទះ​​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី៣២ និងអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្រ្ត កន្លង​មក​​នេះ។​

ជាមួយការ​ដាក់ចេញ​​ផែន​ការ​វែង​ឆ្ងាយនេះ សហព័ន្ធ​កីឡាកាយសម្ព័ន្ធ​កម្ពុជា ដោយ​មាន​លោក​​​ទេសរដ្ឋមន្រ្តី ថោង ខុន ជាប្រធាន ​បាន​រៀបចំ​​វគ្គ​​បណ្តុះបណ្តាល​គ្រូ​បង្វឹក​កីឡា​កាយសម្ព័ន្ធកម្រិត១ និង​បោះជំរំ ឆ្នាំ​២០២៣ (Academy in Aerobic level 1 + Training Camp) នៅ​ខេត្តកំពង់​ឆ្នាំង ដែលទើប​​បានបញ្ចប់ កាលពីថ្ងៃទី​២៦ ខែកញ្ញា បន្ទាប់ពី​បាន​បើក​ដំណើរ​​ការ កាលពី​ថ្ងៃទី​២២ ខែកញ្ញា។

សម្រាប់​វគ្គបណ្តុះបណ្តាល ដែល​ទទួល​បានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និង​កីឡា​នេះ ត្រូវ​បាន​ ​លោក ណយ ផាណា ឱ្យ​ដឹង​ថា មានសិក្ខាកាម​ចូលរួមចំនួន២២​នាក់ (ស្រី​៨នាក់) គឺ​មានមក​​ពី​ខេត្តកំពង់​ឆ្នាំង​១៣​នាក់ (ស្រី​៥នាក់) ខេត្តក្រចេះ​៤​នាក់ (ស្រី​១នាក់) រាជធានី​ភ្នំពេញ មាន​៤នាក់ (ស្រី២នាក់) និងមកពី​ខេត្ត​​កំពង់​ចាម​១នាក់។

អគ្គលេខាធិការសហព័ន្ធកីឡា​កាយសម្ព័ន្ធ​កម្ពុជា​រូបនេះ បាន​​បន្ថែម​ថា៖ «វគ្គ​បណ្ដុះ​បណ្ដាល​នេះ ជា​វគ្គ​មួយដ៏សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ ក៏​ដូចជាជំរុញ​ និង​ផ្តល់ចំណេះ ជំនាញ​ដល់​លោក​គ្រូ អ្នក​គ្រូ មកពីតាម​បណ្តា​ក្លិប ក្នុង​រាជធានី​ខេត្ត​ចំនួន​៤​នេះ ឱ្យមានការ​យល់ដឹងពី​ចំណេះ ជំនាញ​នេះ ​​ឱ្យ​បានពិត​ប្រាកដ​ ព្រោះ​កីឡាករ កីឡាការិនី​វ័យ​ក្មេង​របស់​យើង ត្រូវ​ការគ្រូ ដែល​មាន​​ជំនាញ​ច្បាស់លាស់ ក្នុងការ​បណ្តុះបណ្តាល​ដល់​ពួកគេ»។

លោក ណយ ផាណា ដែលជា​ប្រធានគ្រប់​គ្រង​​​ និងជា​គ្រូឧទ្ទេសម្នាក់​ក្នុង​វគ្គ​​បណ្តុះបណ្តាល​គ្រូ​បង្វឹក​កីឡា​កាយសម្ព័ន្ធកម្រិត១ និង​បោះជំរំ ឆ្នាំ​២០២៣នេះ បាន​ឱ្យ​ដឹងទៀត​​ថា នៅ​ក្នុង​ការសិក្សា​រយៈពេល​៥​ថ្ងៃ​នេះ សិក្ខាកាមទាំង​២២​នាក់ ត្រូវ​បានបង្ហាត់​បង្ហាញ​​ទាំង​ទ្រឹស្តី ជាពិសេស​ការ​អនុវត្ត​ផ្ទាល់ជាមួយ​កីឡាករ​ កីឡាការិនី​វ័យ​ក្មេងជា​ច្រើននាក់ ដែល​ត្រូវបាន​យក​មក​ហ្វឹកហាត់​ក្នុង​វគ្គនេះដែរ។

លោក​បានបន្ថែម​ថា៖ «កីឡាករ កីឡាការិនី​កម្រិត​មូល​ដ្ឋាន​ មាន​អាយុ​៨​ឆ្នាំ ឬ​ក្រោម​១៥​ឆ្នាំ ​គឺ​គាត់​នឹង​មាន​ភាព​បត់បែនលឿន បើ​សិនជា​គ្រូ​​របស់​យើង​មាន​លក្ខណៈបច្ចេក​ទេស​ត្រឹម​ត្រូវ អ៊ីចឹង​គ្រូត្រូវតែ​មានជំនាញ​នេះ​ឱ្យ​បាន​ពិត​ប្រាកដ ដើម្បី​ចៀស​វាង​កុំ​ឱ្យមានកំហុស​ឆ្គង នៅ​ក្នុង​ការ​​បង្ហាត់បង្រៀន​ដល់​កីឡាករ កីឡាការិនី»។

លោក ផាណា បានបញ្ជាក់​ថា៖ «ជាមួយ​គ្នា​នេះ សហព័ន្ធ ក៏​បានពិនិត្យ​ទៅ​លើ​កីឡាករ កីឡាការិនី​វ័យក្មេង មាន​អាយុ​ក្រោម​​​១៥​​ឆ្នាំ​​ដែរ ដើម្បី​ជា​ការ​ត្រៀមលក្ខណៈ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ដែល​កម្ពុជា ​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​ អ៊ីចឹង​​យើង​ត្រូវត្រៀម​លក្ខណៈ​ចាប់ពីពេលនេះតទៅ។ បើ​មិនដូច្នោះ​ទេ យើង​​មិនអាច​រៀបរយ​ទាន់ពេល​​ទេ ដោយសារយើង​ត្រូវ​ការកីឡាករ កីឡាការិនី​វ័យ​ក្មេង​អាយុ​ក្រោម​​១៧​ឆ្នាំ ដើម្បី​ចូលរួម​ការ​ប្រកួត​​កីឡា​យុវជន​អាស៊ី​ ឆ្នាំ​២០២៩​នេះ»៕