ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានចេញសារាចរណែនាំនូវការអនុវត្តគោលការណ៍ប្រណិប័តន៍លើជំនឿ សាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បន្ទាប់ពីមានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា។
លោកបានលើកឡើងតាមរយៈសេចក្តីណែនាំ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា ព្រះពុទ្ធសាសនានៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងស្មារតីនៃការគោរព ប្រណិប័តន៍និងបណ្ដុះនូវស្មារតីសីលធម៌ និងគុណធម៌ ដែលជាប្រភពនៃការទ្រទ្រង់ព្រះពុទ្ធសាសនាធ្វើឱ្យកង់ពុទ្ធចក្រនិងអាណាចក្រ ធ្វើដំណើររួមគ្នាដោយខានពុំបាន ក្នុងការអភិវឌ្ឍជាតិឆ្ពោះទៅរកភាពសម្បូរ រុងរឿង សុខសន្តិភាព សម្រាប់មនុស្សជាតិ។
លោក ចាយ បូរិន បានបន្តទៀតថា ៖ «ក្រសួងធម្មការ និងសាសនា បានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ»។
លោកបានបន្តថា៖ «សកម្មភាពទាំងនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ ដែលទង្វើទាំងនោះមិនស្របទៅនឹងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន»។
ឈរលើស្មារតីនេះ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំនូវចំណុចសំខាន់ៗមួយចំនួន ដោយក្នុងនោះ លោកហាមដាច់ខាតការយកត្រៃចីវរទៅស្លៀកដណ្តប់តាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានារបស់សាសនា។
លោក ចាយ បូរិន ក៏បានហាមយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មតាមគ្រប់រូបភាពដូចជា ទេសនាបង្រៀនធម៌ ផ្សព្វផ្សាយប្រាសចាកធម៌វិន័យ សេចក្តីពិតនៃព្រះធម៌ មន្តអាគមអូមអាម សីលវិជ្ជាការ (ទុវិជ្ជា)ដែលជាសកម្មភាព មានលក្ខណៈបោកប្រាស់។
លោកបញ្ជាក់ថា ៖ «មិនត្រូវយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាឬវត្ថុជាទីសក្ការៈនៃសាសនា ទៅធ្វើការទាក់ទាញ បំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្ខពួកក្រុមរបស់ខ្លួន ដែលធ្វើឱ្យ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម»។
លោកក៏បានហាមយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ និងមិនត្រូវយកព្រះពុទ្ធរូបឬសញ្ញាសម្គាល់ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយ ពាណិជ្ជកម្មទាក់ទាញរកផលប្រយោជន៍ ឬតម្កល់ទុកក្នុងទីមិនសមគួរ ឬដាក់តម្កល់ដើម្បីលម្អទាក់ទាញ (ហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម)។
លោក ចាយ បូរិន សង្កត់ធ្ងន់ថា ៖ «មន្ទីរធម្មការ និងសាសនា រាជធានីខេត្ត និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាព និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត»។
សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ បានមានសង្ឃដីកា គាំទ្រចំពោះសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនានេះ។
សម្តេចមានសង្ឃដីកាថា ៖ «នេះគឺជារឿងល្អសម្រាប់ជាការដាស់តឿន ប៉ុន្តែគួរតែមានការអនុវត្តវិធានការច្បាប់បន្ថែមទៀត ព្រោះបុគ្គលខ្លះបានប្រព្រឹត្តមិនខ្លាចបាបនោះទេ។ ដូច្នេះ បើមានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដោយមានការដាក់ទោសទណ្ឌផ្សេងៗ អាចនឹងធ្វើឱ្យបុគ្គលនោះមានការភ័យខ្លាចខ្លះដែរ ព្រោះថា ព្រះពុទ្ធស្រឡាញ់តែបុគ្គលណាដែលស្រឡាញ់ធម៌វិន័យ និងធ្វើសេចក្តីល្អតែប៉ុណ្ណោះ»។
សម្តេចបន្តថា អ្នកខ្លះបានយកស្បង់ចីពរ យកទៅស្លៀកពាក់ធ្វើដូចជាព្រះសង្ឃ ដើរបិណ្ឌបាត និងបានប្រព្រឹត្តបទល្មើសផ្សេងៗ តាមរយៈការដើរឆបោកប្រាក់របស់អ្នកទៃ។ មានអ្នកខ្លះ ត្រូវបានចាប់ផ្សឹក ជាច្រើនដងហើយនៅតែមិនរាងចាល ទាល់តែមានវិធានការច្បាប់ឱ្យបានតឹងរ៉ឹងបន្តិច ទើបល្អប្រសើរ។
បើតាម សម្តេច ឃឹម សន មានករណីថ្មីៗមួយចំនួន គឺបុគ្គលយកស្បង់ចីពរ ធម៌វិន័យ ទៅស្លៀកពាក់ប្រព្រឹត្តមិនល្អ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងមក ដែលអាជ្ញាធរមានសមត្ថកិច្ចគ្រាន់តែឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ប៉ុន្តែមួយរយៈក្រោយមកទៀត បុគ្គលនោះបានទៅធ្វើរឿងផ្សេងមួយទៀត ដែលនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ៕