ភ្នំពេញៈ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យដឹងថានាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ ជាអ្វីដែលអ្នកវិភាគចាត់ទុកទស្សនកិច្ចនេះថា មានសារៈសំខាន់សម្រាប់ពង្រឹងនិងពង្រីកនូវសហប្រតិបត្តិការរវាងប្រទេសទាំង ២។
លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត បានឱ្យដឹងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ ថា ការមកបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថែលោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី ២៨ ខាងមុខ ជាការឆ្លើយតបតាមការអញ្ជើញពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។
លោកបានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃក្នុងឱកាសនេះនឹងជំរុញនូវការពង្រឹងទំនាក់ទំនងដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់ល្អប្រសើរឡើងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ជាដើម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ២ ផងដែរ»។
បើតាមលោក មាស សុភ័ណ្ឌ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោក សេដ្ឋា ថាវីស៊ីន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។
លោកបានបន្តថា លោកនាយករដ្ឋមន្ត្រីថៃក៏អញ្ជើញជួបសម្តែងការគួរសមជាមួយ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី,ជួបសម្តែងការគួរសមចំពោះលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។
ក្រៅពីនោះ លោក សេដ្ឋា ថាវីស៊ីន ក៏នឹងជួបសម្តែងការគួរសមជាមួយលោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាព្រមទាំងមានការចូលរួមក្នុងកម្មវិធីផ្សេងៗមួយចំនួនទៀតផងដែរ ដូចជាកម្មវិធីជប់លៀងផ្លូវការដែលនឹងរៀបចំដោយនាយករដ្ឋមន្ត្រីកម្ពុជា។
ជុំវិញដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីថៃនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់សម្រាប់ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ហើយក៏ជាការបង្ហាញឱ្យឃើញនូវសញ្ញានៃការរត់រកគ្នារវាងមេដឹកនាំទាំង ២។
លោកបានបន្តថា ប្រទេសថៃ និងកម្ពុជាតែងតែត្រូវការគ្នា ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងរវាងមេដឹកនាំ និងមេដឹកនាំ។
លោកបានបញ្ជាក់ថា៖ «បើនិយាយពីទិដ្ឋភាពនយោបាយ យើងឃើញថាមេដឹកនាំទាំង ២ ប្រទេសជាពិសេសមកពីគណបក្សកាន់អំណាចទាំង ២ នេះតែងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកគ្រប់វេទិកាតំបន់និងពិភពលោក ជាពិសេសគឺពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុងរៀងខ្លួនៗគឺត្រូវការគ្នា ថៃត្រូវការកម្ពុជា ហើយកម្ពុជាក៏ត្រូវការថៃ»។
លោក គិន ភា បានបន្ដថា ចំណែកផ្នែកសេដ្ឋកិច្ចវិញក៏ដូចគ្នាដែរគឺភាគីទាំង ២ នៅតែត្រូវការគ្នាទៅវិញទៅមក ដោយកម្ពុជាត្រូវការនាំទំនិញមកពីថៃតាមរយៈការយកពន្ធផ្សេងៗ ការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំង ២ ហើយក៏ត្រូវការប្រទេសថៃសម្រាប់ការបញ្ជូននូវពលករខ្មែរចេញទៅធ្វើការនៅក្នុងប្រទេសផងដែរ។
លោកបានបញ្ជាក់ថា៖ «រីឯថៃ ក៏ត្រូវការកម្ពុជាដែរ ត្រូវការកសិផលដែលនាំចេញពីកម្ពុជាទៅ ហើយអ្វីដែលត្រូវការសំខាន់ផងដែរនោះគឺកម្លាំងពលករពីកម្ពុជា ពីព្រោះការងារមួយចំនួនត្រូវប្រើកម្លាំងរបស់ពលករខ្មែរ ដែលការងារខ្លះប្រជាជនថៃមិនធ្វើនោះទេដោយសារវាត្រូវការប្រើកម្លាំងកាយ ហើយដូចជា បើខ្មែររឹតត្បិតកម្មកររបស់ខ្លួនចេញទៅធ្វើការនៅថៃ ក៏ថៃជួបបញ្ហាផងដែរ»។
សូមរំឭកដែរថា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ប្រទេសថៃ និងកម្ពុជាទទួលបាននាយករដ្ឋមន្ត្រីថ្មីក្នុងថ្ងៃតែមួយ។
ក្នុងថ្ងៃនោះដែរ លោកនាយករដ្ឋន្ត្រី ហ៊ុន ម៉ាណែត បានទូរស័ព្ទអបអរសាទរគ្នាទៅវិញទៅមកជាមួយនឹងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ គឺលោក សេដ្ឋា ថាវីស៊ីន បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ដោយថ្នាក់ដឹកនាំប្រទេសទាំង ២ បានប្តេជ្ញាចិត្តនឹងពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំង ២ ឱ្យរីកចម្រើនបន្ថែមទៀត៕