ភ្នំពេញៈ ក្រសួងមហាផ្ទៃកម្ពុជាកំពុងពិនិត្យសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃនីហ្សេរីយ៉ា ដោយឈរលើស្មារតីនៃជំនួបរវាងអតីតរដ្ឋមន្ត្រីមហាផ្ទៃ លោកស ខេង និងឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា ដែលបានរៀបចំសេចក្តីព្រាងបឋមរួចរាល់នាពេលកន្លងទៅ។
យោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃ ការពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ដឹកនាំកិច្ចប្រជុំដោយលោក អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីអគ្គនាយករង អគ្គលេខាធិការរង អនុប្រធានក្រុមប្រឹក្សានីតិកម្ម អនុប្រធាននាយកដ្ឋានព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផង។
បើតាមក្រសួងមហាផ្ទៃ លោក អ៊ូច ចាន់ណូរ៉ា បានត្រួតពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាង MoU នេះ ក្នុងន័យបន្តស្មារតីសេចក្តីព្រាងបឋមជុំវិញកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជានេហ្សេរីយ៉ា ដែលសម្រេចឡើងពីជំនួបរវាងលោកស្រី Folakemi I.Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃប្រទេសនីហ្សេរីយ៉ា និងលោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ។
ជុំវិញបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា នេះជាដំណើរល្អក្នុងការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការជាមួយបណ្តាប្រទេសនានាក៏ដូចកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តន៍ច្បាប់ជាមួយនីហ្សេរីយ៉ានេះជាដើម ដែលជាការបើកច្រកអនុវត្តន៍ច្បាប់រវាងប្រទេសទាំង ២។
លោកបានបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំង ២ នេះនឹងផ្តល់គុណប្រយោជន៍ដល់ប្រទេសទាំងសងខាង ពាក់ព័ន្ធច្បាប់អន្តោប្រវេសន៍ ច្បាប់ឧក្រិដ្ឋកម្មឆ្លងដែន ចរាចរណ៍គ្រឿងញៀន សព្វាវុធ និងបញ្ហាផ្សេងៗទៀត។ ការគិតគូរទុកជាមុន ជារឿងសំខាន់ ដើម្បីមានមូលដ្ឋានច្បាប់ក្នុងការធ្វើការរួមគ្នា»។
ទោះបីកម្ពុជានិងនីហ្សេរីយ៉ានៅឆ្ងាយពីគ្នាក្តី តែលោកយង់ពៅ បានគាំទ្រការចុះអនុស្សរណៈយោគយល់ផ្នែកអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃប្រទេសទាំង ២ ដើម្បីអាចធ្វើការរួមគ្នាបានទាន់ពេលវនៅពេលជួបប្រទះបញ្ហាណាមួយក្នុងពេលខាងមុខ។
ស្រដៀងគ្នានេះដែរ លោក កង ឫទ្ធិគីរី ជាមេធាវី និងជាសាស្ត្រាចារ្យផ្នែកច្បាប់ព្រមទាំងជាអតីតមេធាវីតំណាងក្នុងសំណុំរឿង ០១ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) បានសាទរចំពោះកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់រវាងប្រទេសទាំង២ ដោយលោកថ្លែងថាតាមសង្កេតឃើញថា បច្ចុប្បន្នមានពលរដ្ឋនីហ្សេរីយ៉ាជាច្រើនធ្វើដំណើរមកកាន់កម្ពុជា ដូច្នេះកិច្ចសហប្រតិបត្តិការនេះជាការបង្ការ និងការពារលើឧក្រិដ្ឋកម្ម ឬបទល្មើសជាយថាហេតុណាមួយកើតឡើង។
លោកបានប្រាប់ថា៖ «ការចុះ MoU គឺបង្កើនភាពងាយស្រួលផ្នែកច្បាប់ដល់ប្រទេសទាំង ២ ទោះបីជានីហ្សេរីយ៉ានៅឆ្ងាយពីកម្ពុជាឬជាប្រទេសតូចក្តី ដូចជាបារាំង សហរដ្ឋអាមេរិកជាដើមក៏មកចុះ MoU ជាមួយកម្ពុជានោះដែរ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា»។
គួររំឭកថា នៅក្នុងជំនួបរវាងលោក ស ខេង និងលោកស្រី Folakemi I.Akinleye កាលពីឆ្នាំ ២០២២ ភាគីទាំង ២ បានព្រមព្រៀងពង្រីកកិច្ចសហ ប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំង ២ ជាពិសេសលើការងារសន្តិសុខ ឧក្រិដ្ឋកម្មឆ្លងដែន ជាអាទិ៍អំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនខុសច្បាប់ និងអំពើភេរវកម្មជាដើម៕