ព្រះសីហនុៈ រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​បាន​ផ្អាក​ចរាចរ​ណ៍​បណ្តោះ​អាសន្ន​លើ​កំណាត់​ផ្លូវជាតិ​លេខ ​៤ ​ត្រង់​គីឡូ​ម៉ែត្រ​លេខ ​១៥៣-១៥៤ ​ស្ថិត​ក្នុង​ភូមិ​ស្ទឹង​ឆាយ​ខាង​ត្បូង ឃុំ​ស្ទឹង​ឆាយ​ ស្រុក​កំពង់សិលា ខេត្ត​ព្រះ​សីហនុ​ ចាប់​ពី​ម៉ោង​៩:៣០​នាទី​ព្រឹក​ថ្ងៃទី ​២៧ ​ខែកញ្ញា ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាថ្មី ​បន្ទាប់ពី​កំណាត់​ផ្លូវ​នេះ​រងការ​ជន់​លិច​ទាំង​ស្រុង​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​។​

​សេចក្តី​ជូន​ដំណឹង​រដ្ឋ​បាល​ខេត្ត​ព្រះសី​ហនុ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២៧ ​ខែកញ្ញា ​នេះ ​កម្រិត​ជំនន់​ទឹក​ភ្លៀង​បាន​កើន​ឡើងជា​លំដាប់ ​ហើយ​បាន​ជន់​លិច​ទាំង​ស្រុង​កំណាត់​ផ្លូវ​នេះ​ដែល​មាន​ប្រវែង​ជាង១២០​ម៉ែត្រ​។ ស្ថាន​ភាព​បែប​នេះ​មិន​អាច​អនុញ្ញាត​ឱ្យ​យានយ​ន្ត​គ្រប់​ប្រភេទ​ធ្វើដំណើរ​​ឆ្លង​កាត់​ទីតាំង​នោះបា​ន​ទៀត​​ទេ​។​

​សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា​៖«​ដើម្បី​ការពារ​សុវត្ថិ​ភាព​ជូន​បង​ប្អូន​ប្រជា​ពលរ​ដ្ឋនិង​ដើម្បី​ថែរក្សា​គុណ​ភាព​ផ្លូវ ស្ពា​ន​កុំឱ្យ​មានការ​បាក់​ស្រុត ​ធានា​ប្រើ​ប្រាស់​បាន​យូរ​អង្វែង ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ ​សូម​ធ្វើ​ការ​ផ្អាក​ចរាចរណ៍​​បណ្តោះ​អាសន្ន​ចំពោះ​យាន​យន្ត​គ្រប់​ប្រភេទ​»​។​

​ក្នុង​ករណី​អ្នក​ធ្វើ​ចរា​ចរណ៍​មាន​បំណង​ធ្វើដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ រដ្ឋបាល​ខេត្ត​ស្នើឱ្យ​ធ្វើដំ​ណើរ​វាង​តាម​ផ្លូវ​ល្បឿន​លឿនឬ​តាម​ផ្លូវ​ជាតិ​លេខ​៣​វិញ​។​

​រដ្ឋ​បាល​ខេត្ត​អំពាវនា​វ​ដល់​អ្នក​ធ្វើច​រាច​រណ៍​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់និង​ចូលរួម​សហ​ការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ឱ្យ​បាន​ល្អ​ប្រសើរ​៕