ភ្នំពេញៈ ​បន្ទាប់ពី​មាន​ករណី​នៃ​ការផ្ទុះ​ករណី​ជំងឺភ្នែកក្រហម​ជិត​ ១០០ ​ករណី នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី កាលពីពេល​ថ្មីៗ​នេះ ក្រសួងសុខាភិបាលបានណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យការពារពី​ជំងឺភ្នែកក្រហម​នេះ ថ្វីបើជំងឺ​ប្រភេទនេះ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ក៏ដោយ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្ដីពី​ករណី​ផ្ទុះ​ជំងឺ​រលាក​ភ្នែក​នៅកម្ពុជាក្នុង​ឆ្នាំ​នេះចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ បានឱ្យដឹងថា មន្ត្រី​ជំនាញ​នៃ​ក្រសួងសុខាភិបាល និង​មន្ត្រី​សុខាភិបាល​ក្នុង​មូលដ្ឋាន​បាន​ចុះទៅពិនិត្យ​ស្រាវជ្រាវ ផ្តល់​ការព្យាបាល​ថែទាំ​អ្នកជំងឺ និង​អប់រំ​ភ្លាមៗ​ផងដែរ បន្ទាប់ពី​ទទួលបាន​ការរាយការណ៍​ពី​បញ្ហា​នៃ​ការឆ្លង​ជំងឺភ្នែកក្រហម​នេះ​។​

​ក្រសួងសុខាភិបាលបាន​លើកឡើងថា ករណី​ភាគច្រើន​នៃ​ជំងឺភ្នែកក្រហម​គឺ​ស្រាល​។ជាធម្មតា​ការឆ្លង​នឹង​ជាសះស្បើយ​ក្នុង​រយៈពេល​ពី៧ទៅ១៤​ថ្ងៃ ដោយ​មិន​តម្រូវឱ្យមាន​ការព្យាបាល និង​មិនមាន​ផលវិបាក​រយៈពេល​វែង​នោះទេ​។

​សេចក្តីប្រកាស​បញ្ជាក់ថា ៖ «​ទោះយ៉ាងណា​ក៏ដោយ ក្នុង​ករណីខ្លះ ការ​រលាក​ភ្នែក​ដោយ​វីរុស​ត្រូវការ​រយៈពេល ២ ទៅ ៣សប្តាហ៍ឬ​ច្រើនជាង​នេះ​ដើម្បី​ជាសះស្បើយ​។ គ្រូពេទ្យ​អាច​ផ្ដល់​ថ្នាំ អង់​ទី​ប្យូទិច ដូចជា​ថ្នាំ​បន្តក់​ភ្នែក ឬ​ថ្នាំ​ដាក់​ភ្នែក​បាន​»​។​

​រោគសញ្ញា​ជំងឺភ្នែកក្រហមរួមមាន​ នៅ​ផ្នែក​ស​នៃ​ភ្នែក​ឡើង​ពណ៌​ផ្កាឈូកឬ​ពណ៌​ក្រហម ហើម​ត្របកភ្នែក ជាពិសេស​នៅពេល​ព្រឹក​មាន​ហូរ​ទឹកភ្នែក​ច្រើនជាង​មុនដោយសារ​មានការ​កើនឡើង​នូវ​ការផលិត​ទឹកភ្នែក រកាំភ្នែក​ដោយសារ​មាន​អារម្មណ៍​ថា​មាន​អ្វី​នៅក្នុង​ភ្នែកឬ​ចង់​ញី​ភ្នែក រមាស់​ភ្នែក រលាក និង​/​ឬ​ក្រហាយ​ភ្នែក មាន​អាចម៍​ភ្នែក និង​ចុក​គ្រាប់ភ្នែក​ជាដើម​។​

​លោក ងី ម៉េង គ្រូពេទ្យ​ឯកទេស​ចក្ខុរោគបានក៏ណែនាំ​ផងដែរ​ពី​វិធី​ការពារ​ការឆ្លង​ជំងឺភ្នែកក្រហម ក្នុងនោះ​ត្រូវ​លាងដៃ​ឱ្យបាន​ញឹកញាប់​ ជាមួយ​សាប៊ូ និង​ទឹក​ក្តៅ​ឧណ្ហៗ ​យ៉ាងហោចណាស់ ២០ វិនាទី​ មុន​នឹង​ក្រោយពេល​សម្អាត​ភ្នែកឬ​ដាក់​ថ្នាំ​ភ្នែក​។​

​លោក​បាន​បន្តថា ៖ «​ប្រសិនបើ​មិនមាន​សាប៊ូ​និង​ទឹក​ទេ​សូម​ប្រើ​ទឹក​លាងដៃ​ដែលមាន​ជាតិ​អាល់កុល​យ៉ាងតិច​៦០ភាគរយដើម្បី​លាង​សម្អាត​ដៃ​។​ចៀសវាង​ការប្រើប្រាស់​របស់របរ​រួមគ្នា​ដូចជា​ភួយ​ខ្នើយ កន្សែង ក្រមា ឬ​វ៉ែនតា​ជាដើម​ដែលមាន​ផ្ទុក​វីរុស ឬ​បាក់តេរី ហើយ​យកមក​ប៉ះ​ភ្នែក​»​។​

​លោក ងី ម៉េង បាន​បន្តថា ត្រូវ​ផ្អាក​ពាក់​កែវភ្នែក (contact lens) រហូតដល់​គ្រូពេទ្យ​ភ្នែក​របស់​អ្នក​និយាយថា​មិន​អី​ទេ​ក្នុងការ​ចាប់ផ្តើម​ពាក់​វា​ម្តងទៀត​និង​ចៀសវាង​ការប្រើ​វិធី​បុរាណ​ក្នុងការ​ព្យាបាល​ដោយ​ខ្លួនឯង(​លាង​ទឹក​ម្លូ​ដាក់​ទឹកនោម​ដាក់​ទឹកប្រមាត់​ត្រី​»​។​

​លោក​ថា ៖ «​ករណី​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព ឬ​កន្លែង​ផ្ដល់​សេវា​ព្យា​ល​បាល​ភ្នែក​ដែល​នៅ​ជិត​បំផុត ដោយ​ត្រូវ​ចៀសវាង​ការ​ប៉ះ ឬ​ត្រដុស​ឬ​ញី​ភ្នែក ពីព្រោះ​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ ឬ​រាលដាល​ទៅ​ភ្នែក​ម្ខាង​ទៀត​»​។​

​ក្រសួងសុខាភិបាល​ក៏បានបញ្ជាក់​ដែរ​ថា ជំងឺភ្នែកក្រហម​ដោយ​វីរុស​និង​បាក់តេរី​ឆ្លង​លឿន​ណាស់ដោយ​ងាយស្រួល​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សផ្សេងទៀត​។ អ្នក​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​រលាក​ភ្នែកឬ​ការចម្លង​ទៅ​អ្នកដទៃ​ដោយ​អនាម័យ​ល្អ​។

​សូម​រំឭកថា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ប្រកាស​រកឃើញ​ជំងឺភ្នែកក្រហម​កម្រិត​ស្រាល​ចំនួន៩៣​ករណី​នៅក្នុង​ខេត្តរតនគិរី ខណៈ​ខេត្ត​ព្រំប្រទល់​គ្នា​ក៏បាន​អប់រំ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​ផងដែរ​៕