ភ្នំពេញៈក្រសួងអប់រំ នឹងបន្តពង្រីកឱ្យមានសាលាជំនាន់ថ្មី កាន់តែច្រើននៅតាមគ្រឹះស្ថានសាធារណៈ ក៏ប៉ុន្តែសមាគមគ្រូបង្រៀនមើលឃើញថា ការពង្រីកសាលាជំនាន់ថ្មីកាន់តែច្រើន វានឹងធ្វើឱ្យសាលារដ្ឋក្លាយទៅជាសាលាឯកជន។
តាមរយៈទំព័រហ្វសប៊ុកក្រសួងអប់រំ ថ្ងៃទី២៦ ខែកញ្ញាថា លោក ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារចុះទស្សនកិច្ច និងសិក្សាតាមដានពីវឌ្ឍនភាពនៃដំណើរការពង្រីក និងពង្រឹងកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ។
តាមការលើកឡើងរបស់ក្រសួង ការអនុវត្តតាមកម្មវិធីបង្រៀនសាលារៀនជំនាន់ថ្មី បានបង្កើតជាធនធានបង្រៀនសម្បូរបែបរួមមាន វីដេអូ សន្លឹកកិច្ចការសិស្ស សៀវភៅឯកសារថ្មីៗ និងកម្មវិធីបង្រៀនបែបឌីជីថល ព្រមជាមួយនឹងសមិទ្ធផលជាច្រើន ដែលសាលាសម្រេចបាន។ ពិសេសគឺ ជោគជ័យក្នុងការបណ្តុះបណ្តាល និងបញ្ជូនសិស្សឆ្នើម ១០ រូប ទៅចូលរួមប្រកួតជាអន្តរជាតិ និងចូលរួមកម្មវិធីសិក្សា ផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ នៅបរទេស ដូចជា ប្រទសជប៉ុន អូស្ត្រាលី កូរ៉េ ថៃ សិង្ហបុរី និងចិនជាដើម។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ «ក្រសួងនឹងបន្តយុទ្ធសាស្ត្រពង្រីកឱ្យមានសាលាជំនាន់ថ្មីកាន់តែច្រើន និងបន្តពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស តាមរយៈការផ្លាស់ប្តូរវប្បធម៌សាលារៀន និងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានណែនាំឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបន្ថែមការយកចិត្តទុកដាក់លើការអប់រំចរិយាធម៌ និងសីលធម៌បែបព្រះពុទ្ធសាសនា និងរៀបចំបញ្ចូលទៅក្នុងកម្មវិធីសិក្សា ដោយយោងតាមអនុសាសន៍នាយករដ្ឋមន្ត្រីកម្ពុជា។
ទាក់ទងនឹងការពង្រីកសាលាជំនាន់ថ្មីនេះ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឱ្យថ្លែងនៅថ្ងៃទី២៧ ខែកញ្ញាថា ប្រសិនបើក្រសួងមានការបង្កើតសាលាជំនាន់ថ្មីកាន់តែច្រើន គឺពលរដ្ឋជាអាណាព្យាបាលដែលមានកូនរៀននៅសាលានោះ កាន់តែមានបន្ទុកកាន់តែធ្ងន់ ដោយសារតែសាលាជំនាន់ថ្មី ជាសាលាដែលអាចនិយាយបានថាពាក់កណ្ដាលឯកជន។ ដូច្នេះសិស្សានុសិស្សដែលកំពុងសិក្សានៅសាលានោះ ត្រូវតម្រូវបង់ថវិកា។
អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា៖ «សព្វថ្ងៃនេះ ខ្ញុំយល់ថា ការបង្កើនសាលាហ្នឹង វាហាក់បីដូចជាកំពុងតែបង្កើនសាលាមួយ ដែលយកថវិកាពីប្រជាពលរដ្ឋ ដើម្បីយកទៅផ្គត់ផ្គង់ ឬចាត់ចែងនៅក្នុងសាលាទាំងមូលអ៊ីចឹង»។
អ្នកស្រីបន្ថែមថា ទោះបីកន្លងមកការអប់រំសាលាជំនាន់ថ្មីបានធ្វើឱ្យសិស្សទទួលលទ្ធផលសិក្សាល្អក៏ដោយ ប៉ុន្តែសិស្សដែលរៀននៅសាលានោះ គឺសុទ្ធតែជាសិស្ស ដែលរៀនពូកែ និងមានសមត្ថភាព ហេតុនេះសិស្សដែលពូកែស្រាប់ហើយ ប្រមូលយកទៅដាក់នៅសាលាជំនាន់ថ្មីនេះ វាមិនមានអ្វីប្រែប្រួល និងសាទរនោះទេ។
សូមរំឭកថា ក្រសួងបាននិងកំពុង សិក្សានៅតាមសាលារៀនរដ្ឋចំនួន៨ទៀត នៅរាជធានីខេត្តមួយចំនួន ដើម្បីឱ្យអនុវត្តកម្មវិធីសិក្សាសាលាជំនាន់ថ្មីនេះខណៈដែលបច្ចុប្បន្នមានសាលាចំនួន១១ដែលកំពុងអនុវត្តកម្មវិធីសិក្សាសាលាជំនាន់ថ្មីនេះ។
គួរជម្រាបដែរថា រដ្ឋាភិបាលកម្ពុជាបានបង្កើតកម្មវិធីសាលាជំនាន់ថ្មីផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM)ដើម្បីជំរុញឱ្យមានអ្នកជំនាញខាងវិទ្យាសាស្ត្រកាន់តែច្រើននៅកម្ពុជា។កម្មវិធីនេះ ត្រូវបានក្រសួងអប់រំ ដាក់ឱ្យអនុវត្តសាកល្បងតាំងពីឆ្នាំ២០១៥មក៕