ភ្នំពេញៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចូនអ្នកជំនាញទៅត្រួតពិនិត្យការសាង់សង់សំណង់ប្រសាទនៅក្នុងវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ប្រទេសថៃ ដែលមានភាពស្រដៀងនឹងប្រាសាទអង្គរវត្ត «ដោយក្រសួងមិនបណ្តែតបណ្តោយឱ្យមានសកម្មភាពរំលោភលើកម្មសិទ្ធិបញ្ញានៃស្នាដៃមរតកដូនតាឡើយ» ហើយក្រសួងនឹងនៅតែធ្វើគ្រប់វិធីដើម្បីដោះស្រាយលើករណីនេះ។
ការបញ្ជាក់របស់ក្រសួងវប្បធម៌ដូច្នេះ ជាការឆ្លើយតបទៅនឹងប្រតិកម្មរបស់ប្រជាជនកម្ពុជា ជាពិសេសនៅលើបណ្តាញសង្គម ដែលប្រជាជនលើកឡើងថា សំណង់ប្រាសាទនោះ មានរចនាប័ទ្មស្រដៀងនឹងប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ដោយទទូចឱ្យមានកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ។
កាលយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងវប្បធម៌បានចេញសេចក្តីប្រកាសថា ក្រសួងតែងយកចិត្តទុកដាក់លើការសាងសង់ប្រាសាទនៅប្រទេសថៃជានិច្ច និងបានបញ្ជូនអ្នកជំនាញទៅតាមដានជាប្រចាំនៅនឹងកន្លែងផ្ទាល់ ចាប់តាំងពីមានប្រតិកម្មពីមហាជនក្នុងឆ្នាំ២០២១ មកម្ល៉េះ ដោយប្រើប្រាស់យន្តការការទូតរវាងក្រសួងវប្បធម៌ និងស្ថាតទូត នៃប្រទេសទាំង២។
ក្រសួងបញ្ជាក់ថា ៖ «គ្រាបញ្ចូនអ្នកជំនាញទៅពិនិត្យទីតាំងសាងសង់សំណង់នៅវត្តភូម៉ានហ្វានោះ សំណង់នោះមិនមានការសាងសង់បន្ថែមឡើយ»។
ទោះជាយ៉ាងណា ក្រសួងសង្កត់ធ្ងន់ទៀតថា៖ «ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យនិងចរចា គឺយើងមានជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើង ដោយផ្អែកលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិនិងអន្តរជាតិក្នុងករណីត្រូវប្រកាន់យក»។
លោកស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញាថា ក្រសួងកំពុងយកចិត្តទុកដាក់ដោយមិនបានបណ្តែតបណ្តោយនោះទេ តាំងពីករណីនេះផ្ទុះឡើងនៅឆ្នាំ២០២១មក ជាពិសេសការដោះស្រាយនឹងភាគីថៃតាមយន្តការការទូត។
លោកថា កន្លងមកភាគីកម្ពុជាបានស្នើសុំប្លង់ស្ថាបត្យកម្មសំណង់នោះដើម្បីឱ្យដឹងថា សំណង់នោះចម្លង ឬមិនចម្លងរចនាបប័ទ្មអង្គរវត្ត ប៉ុន្តែភាគីថៃឆ្លើយថាមិនមាន។
លោកស៊ុំ ម៉ាប់ បន្តថា ក្រៅពីនេះ ភាគីកម្ពុជាបានបញ្ជូនអ្នកជំនាញទៅត្រួតពិនិត្យដល់ទីតាំងផ្ទាល់បន្ថែមទៀត ក្នុងរូបភាពបញ្ជូនអ្នកស្រាវជ្រាវដើម្បីចៀសវាងភាពល្អក់កករលើទំនាក់ទំនងការទូតនៃប្រទេសទាំង២។ រដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះរឿងនេះឡើយ គ្រាន់តែអនុវត្តក្នុងជំហានទន់ភ្លន់ប៉ុណ្ណោះ។
លោកបញ្ជាក់ថា ៖ «គេមិនអាចចោទថា ភាគីថៃសាងសង់សំណង់នេះ ដូចចម្លងតាមគំរូស្ថាបត្យកម្មអង្គរវត្ត នោះទេ លុះត្រាអ្នកជំនាញធ្វើការប្រៀបធៀបសំណង់ទាំងមូលថា អាចមានការចម្លងត្រង់ណា ខណៈអ្នកជំនាញទើបធ្វើការពិនិត្យថ្មីៗនេះឃើញថា សំណង់នេះទើបសាងសង់កំពែងព័ទ្ធជុំវិញ និងច្រកចូលនោះ ដែលមិនទាន់អាចវាយតម្លៃបានឡើយ»។
លោកស៊ុំ ម៉ាប់ ថ្លែងបន្តថា៖ «មនសិការជាតិគឺមានជានិច្ច ការទប់ស្កាត់ការលួចចម្លង ការសាងសង់សំណង់ពីមរតកថ្លៃថ្លារបស់យើង គឺយើងមានជំហរទប់ស្កាត់ ហើយយើងប្រើប្រាស់គ្រប់លទ្ធភាពដែលយើងធ្វើបាន យើងមិនបានទុកបញ្ហាហ្នឹងដោយឡែកចោលឡើយ»។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្រ្ត ក៏បានលើកឡើងដែរថា ជាការល្អដែលប្រជាជនខ្មែរ ជាពិសេសក្នុងចំណោមយុវជនមានប្រតិកម្មទៅលើសំណង់នៅប្រទេសថៃ លើករណីរចនាប័ទ្មស្រដៀងអង្គរវត្តនេះ។
នេះជាការបង្ហាញនូវការយកចិត្តទុកដាក់លើបេតិកភណ្ឌជាតិ ប៉ុន្តែលោកស្នើឱ្យពិចារណាឡើងវិញ ចំពោះប្រតិកម្មនានា ចៀសវាងបង្កើតកំហុសអសីលធម៌ និងធ្វើឱ្យចម្រូងចម្រាសលើទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃ ខណៈរដ្ឋាភិបាលនិងអ្នកជំនាញកំពុងយកចិត្តទុកដាក់ទៅលើករណីនេះ។
លោក សំបូរ មាណ្ណារ៉ា បន្តថា កន្លងមកមានបណ្តាប្រទេសមួយចំនួនតួយ៉ាងបារាំង ចិន ជប៉ុន និងនៅតំបន់អឺរ៉ុបជាដើម បានសាងសង់គំរូប្រាសាទអង្គរវត្តនៅលើទឹកដីរបស់ខ្លួន ហើយសំណង់ទាំងនោះមិនអាចដូចប្រាសាទដើមគឺអង្គរវត្តដែលសាងសង់ឡើងតាំងពីសតវត្សរ៍ទី១២ នោះទេ ហើយករណីនៅខេត្តបុរីរម្យនេះ លោកសង្កត់ធ្ងន់ថា គ្មានថ្ងៃអាចសាងសង់ដូចអង្គរវត្តឡើយ។
លោកថ្លែងថា៖ «នៅសតវត្សរ៍ទី២១ នេះ យើងមិនអាចរារាំងគេមិនឱ្យស្រឡាញ់មរតកវប្បធម៌ពិភពលោក ដូចប្រាសាទអង្គរវត្តនេះបានទេ ព្រោះយើងបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីឆ្នាំ១៩៩២រួចហើយ ដែលនរណាៗក៏គេដឹងថា អង្គរវត្តជារបស់ខ្មែរដែរ។ នៅពេលគេសាងសង់សំណង់ស្រដៀងអង្គរវត្ត គេចូលរួមផ្សព្វផ្សាយយើងហើយ លើកលែងតែគេផ្សព្វផ្សាយអាក្រក់ពីរបស់នោះ»។
អ្នកជំនាញផ្នែកប្រវត្តិសាស្រ្តរូបនេះ បានបន្ថែមទៀតថា កម្ពុជាមិនអាចចោទប្រកាន់គេចម្លងអង្គរវត្តនោះទេ ខណៈសំណង់មិនទាន់សាងសង់រួចរាល់ ហើយ[យើង] ក៏មិនទាន់ពិនិត្យប្លង់មេដែរ ដែលការងារនេះជាភារកិច្ចរបស់ក្រសួងវប្បធម៌ និងអង្គការយូណេស្កូដែលកំពុងព្យាយាមដោះស្រាយ។
លោកថា ៖ «កូនខ្មែរគួរព្យាយាមសិក្សានិងផ្សព្វផ្សាយពីប្រាសាទអង្គរវត្តឱ្យពិភពលោកបានស្គាល់ ជាជាងគ្រាន់តែប្រតិកម្ម»៕