ភ្នំពេញៈ យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ករ​បស់​ក្រសួងបរិស្ថាន​ក្រោម​ប្រធាន​បទ ​«​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» បាន​ទៅដល់​សាលារៀន​ចំនួន​ជាង ១ ០០០​ ហើយ​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​សិស្សានុសិស្ស​ប្រមាណ​ជាង​ ១​ លាន​នាក់​ចូលរួម​។

​នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានលើកឡើង​បែបនេះ​ក្នុងពេល​ជួប​សម្តែង​ការគួរសម​ជាមួយ​អ្នកតំណាង​ប្រចាំ​ប្រទេស​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល GGGI នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា​។

លោក អ៊ាង សុផល្លែត​ បាន​ថ្លែងថា យុទ្ធនាការ​នេះ​កំពុង​បន្ត​នៅតាម​សាលារៀន​ខណៈ​គោលដៅ​របស់​ក្រសួង​ចង់​ធ្វើឱ្យបាន​ទូទាំងប្រទេស ហើយ​បន្ទាប់ពី​យុទ្ធនាការ​នៅតាម​សាលារៀន​រួច ក្រសួង​ក៏​នឹង​បន្តធ្វើ​ជាមួយ​ក្រុមហ៊ុន រោង​ចក្រ​សហគ្រាស​ផ្សេងៗ​ទៀតផង​ដែរ​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា​៖ «​ក្រសួងបាននិងកំពុង​អនុវត្ត​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​កលើ​ប្រធានបទ "​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​​ស្ទិ​ក​ទេ​"​ជាមួយនឹង​សិស្សានុសិស្ស​ប្រមាណ​ជាង ​១ ​លាន​នាក់​ហើយ នៅតាម​សាលារៀន​ជាង ​១ ០០០ ក្នុងប្រទេស​កម្ពុជា​។ ជា​ជំហាន​បន្ទាប់​ក្រសួង នឹង​បន្ត​យុទ្ធនាការ​នេះ ជាមួយ​បណ្តា​រោងចក្រ សហគ្រាស និង​ក្រុម​ហ៊ុន​ឯកជន​ថែមទៀត​»​។​

​កញ្ញា Shomi Kim តំណាង វិទ្យា​ស្ថាន​អភិវឌ្ឍន៍​បៃតង​សកល GGGI បាន​អបអរសាទរ​ដល់​ក្រសួងបរិស្ថាន​ចំពោះ​ជោគជ័យ​ដំបូង​ដែល​ក្រសួង​សម្រេច​បានជា​បន្តបន្ទាប់​នូវ​យុទ្ធនា​ការ​នេះ​នៅតាម​សាលារៀន​។ កញ្ញា​បាន​ថ្លែងថា GGGI​ នឹងចូលរួម​គាំទ្រ​ក្រសួងបរិស្ថាន​ចំពោះ​យុទ្ធនាការ​កាត់​បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដ៏​មាន​ប្រយោជន៍​នេះ​តាមរយៈ​ការផលិត​ជីវ​​ប្លា​ស្ទិ​ក និង​ការពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​រវាង​ក្រសួងបរិស្ថាន និង​វិទ្យាស្ថាន ​GGGI ឱ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ​។​

​គួ​បញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដាក់​ចេញ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នៅតាម​សាលារៀន​កាលពី​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២៣ ដោយ​ចាប់​ផ្តើមដំបូង​ចេញពី​សាលារៀន​ចំនួន​ ៤៤​ កន្លែង ដែលមាន​សិស្ស​សរុប​ជាង ​១៨ ០០០​ នាក់ នៅ​ទូទាំង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ក្នុង​គោលបំណង​ធ្វើឱ្យ​កម្ពុជា​អាច​កាត់បន្ថយ​សំណល់​សំរាម​ប្លា​ស្ទិ​ក​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​។​

​លោក ហែម សុ​ភេ​ម ស្ថាបនិក​ក្រុម​និស្សិត​បា្ល​ស្ទិ​កបាន​គ្រាំទ្រ​ក្រសួងបរិស្ថាន​ចំពោះ​ការបង្កើត​យុទ្ធនាការ​នេះ ដោយ​លោក​ថា គឺជា​រឿង​ល្អ​ ១ ដែល​ជួយ​ដល់​សិស្សានុសិស្ស ក៏ដូចជា​គ្រូបង្រៀន​ឱ្យ​ភ្ញាក់ស្មារតី​ចាប់ផ្តើម​ខ្វា​យ​ខ្វល់​ពី​ផលប៉ះពាល់​ប្លា​ស្ទិ​ក​ទៅលើ​បរិ​ស្ថាន និង​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​ថែរក្សា​បរិស្ថាន​កុំឱ្យ​មានការ​បោះចោល​ប្លា​ស្ទិ​ក​ពាសវាល​ពាសកាល​។

​លោក​បាន​បញ្ជាក់ថា​៖ «​បញ្ហា​ប្លា​ស្ទិ​ក​ហ្នឹង​កំពុងតែ​ស្ថិតក្នុង​បញ្ហា​ ១ ​ដែល​ប្រឈម​ទាំងអស់គ្នា អ៊ីចឹង​នៅពេល​ដែលមាន​ប្រជាពលរដ្ឋ​កាន់តែច្រើន​មានបំណង​ខ្វាយខ្វល់​ពី​ការកាត់បន្ថយ ឬក៏​ការឈប់​ប្រើប្រាស់​ប្លា​ស្ទិ​ក​តែម្តង​នោះ​វា​ធ្វើឱ្យ​សំណល់​ប្លា​ស្ទិ​ក​កាត់បន្ថយ​ទៅវិញ ហើយ​បរិស្ថាន​យើង​នឹង​ស្រស់បំព្រង​»​។

​បើតាម​លោក ហែម សុ​ភេ​ម ការងារ​របស់​និស្សិត​ប្លា​ស្ទិ​ក​ក្នុងពេល​បច្ចុប្បន្នកំពុង​ធ្វើឱ្យ​បរិស្ថាន​មាន​ភាពល្អប្រសើរ​ជាង​មុន​ដោយ​ធ្វើការ​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​នៅតាម​ទីកន្លែង​នានា​ក៏ដូចជា​នៅតាម​ទីសាធារណៈ តាម​មាត់ទន្លេ ឬ​តាម​សាលារៀន​។ លោក​ថា សំណល់​ប្លា​ស្ទិ​ក មាន​ផលប៉ះពាល់​ច្រើន​ដល់​បរិស្ថាន​ជាពិសេស​ដល់​សុខភាព និង​ការរស់នៅ​របស់​មនុស្ស រុក្ខជាតិ ក៏ដូចជា​សត្វ​ផ្សេងៗ​ដែរ​៕