ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេសបានប្តេជ្ញាថា នឹងបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំរបស់អង់គ្លេសដែលអាចដើរតួក្នុងការធានាថាកម្ពុជាមានជំនាញដែលត្រូវការដើម្បីបន្តកំណើនសេដ្ឋកិច្ច និងក្នុងការអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំង ២។
ការលើកឡើងនេះ ធ្វើឡើងដោយលោកស្រី Heather Wheeler បេសកជនពាណិកម្មនៃរដ្ឋមន្ត្រីចក្រភពអង់គ្លេសនៅក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា (De Montfort University Cambodia) កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ដែលជាសាកលវិទ្យាល័យរបស់ប្រទេសអង់គ្លេសដំបូងគេបង្អស់នៅកម្ពុជា។
តាមការប្រកាសលើបណ្តាញហ្វេសប៊ុកក្រសួងអប់រំ កាលពីថ្ងៃទី ២៦ ខែកញ្ញា លោកស្រី Heather Wheeler បានលើកឡើងថា លោកស្រីចង់ឃើញប្រជាជនកម្ពុជាកាន់តែច្រើនទទួលបានការអប់រំ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅចក្រភពអង់គ្លេស។ លោកស្រីថា ការបើកឱ្យដំណើរការសាកលវិទ្យាល័យនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយដែលនឹងចូលរួមផ្តល់ការអប់រំដ៏ល្អបំផុត និងការបង្រៀនប្រកបដោយគុណភាព។
បន្ថែមពីនេះលោកស្រីក៏បានប្តេជ្ញាថា៖ «ចក្រភពអង់គ្លេសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ពិសេសការអប់រំរបស់អង់គ្លេសអាចដើរតួក្នុងការធានាថាកម្ពុជាមានជំនាញ ដែលត្រូវការដើម្បីបន្តកំណើនសេដ្ឋកិច្ច និងក្នុងការអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំង ២»។
លោក Dominic Williams ឯកអគ្គរាជរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជា បានបង្ហាញក្តីរំភើបចំពោះវត្តមានសាកលវិទ្យាល័យចក្រភពអង់គ្លេសដំបូងគេនៅកម្ពុជាដែលទើបបើកដំណើរការនៅក្នុងឆ្នាំនេះ ចំខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា និងចក្រភពអង់គ្លេស។
លោកបានបញ្ជាក់ថា៖ «តាមរយៈសាកលវិទ្យាល័យនេះ នឹងអាចបង្ហាញថា វិស័យអប់រំ ពិតជាសំខាន់សម្រាប់ជំហានបន្ទាប់នៃការអភិវឌ្ឍប្រទេសកម្ពុជា ហើយវាក៏ជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសជាមួយកម្ពុជា»។
លោក Dominic Williams បន្តថា សាកលវិទ្យាល័យនេះក៏បង្កើតឱ្យមានទំនាក់ទំនងពិសេសរវាងពលរដ្ឋ និងពលរដ្ឋក៏ដូចជានិស្សិតកម្ពុជាដែលបានសិក្សានៅវិទ្យាស្ថានរបស់អង់គ្លេសទាំងក្នុង ឬក្រៅប្រទេសដែលតែងផ្សារភ្ជាប់ជាមួយអង់គ្លេស ហើយទំនាក់ទំនងនេះក៏នៅជាប់ជាមួយពួកគេពេញ ១ ជីវិតដែរ។
នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងវិស័យអប់រំនៅកម្ពុជា សម្រាប់ឱ្យយុវជនអាចទទួលបានការអប់រំប្រកបដោយគុណភាពតាមស្ដង់ដារបស់ចក្រភពអង់គ្លេស ដោយសិក្សារៀនសូត្រនៅប្រទេសកម្ពុជាផ្ទាល់តែម្ដង។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនិងអនុវត្តគម្រោងអប់រំរបស់ចក្រភពអង់គ្លេសនៅកម្ពុជានាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្នផងដែរ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ២០៣ អនក្រ.បក ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ របស់រាជរដ្ឋាភិបាល។ នេះជាសាកលវិទ្យាល័យអង់គ្លេសដំបូងគេបង្អស់នៅកម្ពុជាដែលមានមហាវិទ្យាល័យចំនួន ៦ រួមមាន៖ មហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងនីតិសាស្ដ្រ ,មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ,មហាវិទ្យាល័យរចនា មហាវិទ្យាល័យភាសាអង់គ្លេស,មហាវិទ្យាល័យអប់រំនិងមហាវិទ្យាល័យវិស្វកម្ម។
ជុំវិញវត្តមានសាកលវិទ្យាល័យដ៏ធំរបស់អង់គ្លេសនៅកម្ពុជានេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជាបានថ្លែងនៅថ្ងៃទី ២៧ ខែកញ្ញាថា វាជារឿងល្អ នៅពេលមានលំហូរអប់រំថ្មីពីបណ្តាប្រទេសអភិវឌ្ឍន៍ ហើយលោកក៏បានជំរុញឱ្យសាកលវិទ្យាល័យក្នុងស្រុកអាចរៀនសូត្របន្ថែមពីសាកលវិទ្យាល័យទាំងនោះផងដែរ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។
ជាមួយគ្នានេះ លោកបានបន្តជំរុញសិស្សនិស្សិតកម្ពុជាថា៖ «សូមឱ្យប្អូនៗសិស្សនិស្សិតត្រូវត្រៀមខ្លួនពង្រឹងសមត្ថភាពជំនាញភាសាអង់គ្លេស ចំណេះដឹងទូទៅ គណិតវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីត្រៀមខ្លួនចាប់យកឱកាសបន្តសិក្សានៅប្រទេសអង់គ្លេស និងបណ្តាប្រទេសដទៃទៀត»៕