ភ្នំពេញៈប្រធានរដ្ឋសភាកម្ពុជា បានស្នើឱ្យឯកអគ្គរាជទូតអង់គ្លេសជួយជំរុញទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភានៃប្រទេសទាំង២ ឱ្យបានកាន់តែប្រសើរនិងសកម្មថែមទៀត តាមរយៈការលើកកម្ពស់សមត្ថភាពនិងភាពអង់អាចរបស់ស្ត្រីក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់សមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាពនិងការធ្វើទំនើបកម្មដោយប្រែក្លាយរដ្ឋសភាទៅជាសភាអេឡិចត្រូនិក «E-parliament»។
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាបានលើកឡើងដូចនេះក្នុងឱកាសដែលលោកស្រីបានជួបពិភាក្សាការងារជាមួយលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យលោកស្រី ឃួន សុដារី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបនេះថា ការស្នើឡើងរបស់លោកស្រី ឃួន សុដារី ទៅដល់ភាគីចក្រភពអង់គ្លេសឱ្យជួយជំរុញទំនាក់ទំនងការទូតរដ្ឋសភានិងរដ្ឋសភានៃប្រទេសទាំង២នេះ ដោយសារស្ថាប័នទាំង២មិនទាន់មានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នានៅឡើយ។
លោក កែវ ពិសិដ្ឋ បានថ្លែងថា៖ «កន្លងមកទំនាក់ទំនងការទូតរវាងរដ្ឋសភាកម្ពុជា និងចក្រភពអង់គ្លេសមានការផ្លាស់ប្តូរគ្នាទៅវិញទៅមក ប៉ុន្តែមិនទាន់មានការគាំទ្រចំពោះទំនាក់ទំនងភាគីទាំង២ឱ្យស៊ីជម្រៅ និងនៅមានកម្រិតនៅឡើយ។ភាគីទាំង២បានជួយគ្នានៅក្នុងវេទិកាពហុភាគី ដូចជាការគាំទ្រចក្រភពអង់គ្លេសឱ្យក្លាយជាអ្នកសង្កេតការណ៍អន្តរសភាអាស៊ានផងដែរ» ។
បើតាមលោក កែវ ពិសិដ្ឋ ទំនាក់ទំនងការទូតរដ្ឋសភា ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជំរុញដល់រដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យការអនុវត្តនូវគោលនយោបាយរបស់ខ្លួនទទួលបានជោគជ័យ។មួយវិញទៀតរដ្ឋសភាគីជាតំណាងប្រជាជនក៏អាចធ្វើការងារលើកការជំរុញវិនិយោគ អប់រំ ដូចរដ្ឋាភិបាលផងដែរ ឱ្យតែការងារផ្តល់ផលប្រយោជន៍ដល់ការលើកកម្ពស់សេដ្ឋកិច្ច ជីវភាព និងសុខុមាលភាពរបស់ប្រជាជន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា នៅក្រោយជំនួបនេះបានលើកឡើងដែរថា លោកស្រី ឃួន សុដារី បានស្នើឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាឱ្យបន្តជួយគាំទ្រលើកកម្ពស់វិស័យពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេសឱ្យកាន់តែកើនឡើង បន្ទាប់ពីឆ្នាំកន្លងទៅទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេសឈានដល់ចំនួនប្រមាណជិត១ពាន់លានដុល្លារអាមេរិកនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំង២ឱ្យបានរឹងមាំនិងគ្រប់ជ្រុងជ្រោយ។
លោកស្រី បញ្ជាក់ថា ការចូលរួមចំណែករបស់ភាគីអង់គ្លេសជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាជាពិសេសការធ្វើឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍របស់កម្ពុជាដែលនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមរយៈសេចក្តីប្រកាសសារព័ត៌មាននេះ លោក Dominic Williams បានគាំទ្រការលើកឡើងរបស់លោកស្រីឃួន សុដារី ស្របពេលដែលអង់គ្លេសមានគម្រោងជាច្រើននឹងជួយដល់កម្ពុជា ក្នុងនោះមានទាំងវិស័យពាណិជ្ជកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស សង្គមកិច្ច បរិស្ថាន ជាពិសេសអង់គ្លេសនឹងបន្តជួយបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥ផងដែរ។
នាឱកាសនោះលោកស្រី ឃួន សុដារី និងលោក Dominic Williams ក៏បានបង្ហាញក្តីពេញចិត្តចំពោះវឌ្ឍនភាពដ៏ប្រសើរនៃចំណងការទូតរវាងប្រទេសទាំង២ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់ ដែលបានឈានដល់ខួបលើកទី៧០នៅឆ្នាំនេះ ជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីភាពស្ថិតស្ថេរនៃទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំង២៕