ភ្នំពេញៈ លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រីបានថ្លែងថា ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង សំដៅសម្រេចគោលបំណងរួម គឺពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរដោយក្នុងនោះកម្ពុជាទទូចឱ្យមានសកម្មភាពសកល ដើម្បីធ្វើឱ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរនេះ។
លោកបានថ្លែងដូចនេះកាលពីថ្ងៃទី ២៦ ខែកញ្ញា នាកិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធនិងលើកកម្ពស់ទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
តាមរយៈសុន្ទរកថា លោក អ៊ុច បូររិទ្ធ បានថ្លែងថា៖ «នៅពេលដែលយើងបន្តមើលឃើញការគំរាមកំហែងជាប់លាប់ដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែរ និងទំនើបកម្មរបស់វា វាជាការចាំបាច់សម្រាប់រដ្ឋសមាជិកទាំងអស់ រួមទាំងរដ្ឋអាវុធនុយក្លេអ៊ែរ (NWS) ចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដចំពោះការមិនរីកសាយភាយអាវុធ និងសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»។
លោកបន្តថា៖«យើងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងឡើងវិញឆ្ពោះទៅរកគោលដៅរួមរបស់យើងគឺ ពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ»។
ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជារួមជាមួយនឹងសមាជិកអាស៊ានទាំងអស់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្ត «សន្ធិសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ»និងផែនការសកម្មភាពរបស់សន្ធិសញ្ញានេះ។ នេះបើតាមលោក អ៊ុច បូររិទ្ធ។
លោកបន្តថា ដោយទទួលស្គាល់ពីសារៈសំខាន់នៃវិធីសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសម្រេចបាននូវការលុបបំបាត់សញ្វវុធ និងការមិនរីកសាយភាយសញ្វវុធ ប្រទេសកម្ពុជាលើកទឹកចិត្តជាខ្លាំងចំពោះ ក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដោយធ្វើការចុះហត្ថលេខាលើ «ពិធីសារនៃសន្ធិសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ»។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងកោតសរសើរពីជំហររបស់កម្ពុជាក្នុងការប្រឆាំងការរីកសាយភាយអាវុធនុយក្លេអ៊ែរនេះពីព្រោះវាអាចបង្កគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល។
លោកសង្កត់ធ្ងន់ថា៖ «សហគមន៍អន្តរជាតិគួរស្វះស្វែងរកវិធីសាស្ត្របែបណាដើម្បីចម្រាញ់សារធាតុនុយក្លេអ៊ែរពីក្បាលគ្រាប់យកមកផលិតជាថាមពលស៊ីវិល ដើម្បីជាប្រយោជន៏ដល់ប្រជាជន។ ប្រទេសមហាអំណាច ឬប្រទេសដែលមានអាវុធនុយក្លេអ៊ែរក៏គួរឈប់យកអាវុធនេះធ្វើជាកម្លាំងនយោបាយដើម្បីចរចារកប្រយោជន៍ឬធ្វើនយោបាយតូបនីយកម្មមកលើប្រទេសដទៃ»។
លោកបន្ថែមថា អង្គការសហប្រជាជាតិតាមរយៈភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) គួរសហការជាមួយប្រទេសមហាអំណាចដើម្បីធ្វើយ៉ាងណាកាត់បន្ថយការផលិត និងបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងគោលដៅផលិតអាវុធនុយក្លេអ៊ែរ ហើយពង្រឹងកិច្ចសហការជាមួយភ្នាក់ងារតំបន់ និងអន្តរជាតិធ្វើការតាមដាន និងគ្រប់គ្រងការចរាចរសារធាតុអ៊ុយរ៉ាញ៉ូមនេះ ដើម្បីបង្ការការគំរាមសន្តិសុខពិភពលោកទាំងមូល។
ចំណែកលោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា សាទរចំពោះការអំពាវនាវរបស់កម្ពុជាក្នុងការបំបាត់ចោល ការសាយភាយអាវុធនុយក្លេអ៊ែរ ខណៈពេលបច្ចុប្បន្ន បច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរកំពុងត្រូវបានអភិវឌ្ឍបន្ថែមទៀត។ លោកបន្តថា ប្រទេសមួយចំនួនកំពុងបន្តផលិតយ៉ាងអនាធិបតេយ្យ ជាការគំរាមកំហែងសន្តិសុខកាន់តែខ្លាំងឡើងព្រោះបើតាមការស្មាន សមត្ថភាពអាវុធនុយក្លេអ៊ែរបច្ចុប្បន្នមានអានុភាពជាងនៅសម័យសង្គ្រាមលោកលើកទី២ និងសម័យសង្គ្រាមត្រជាក់ទៅទៀត។
លោក យង់ ពៅ ប្រាប់ថា៖ «អាវុធនុយក្លេអ៊ែរ មើលទៅមិនបានកាត់បន្ថយទេ មានតែកើនឡើងបន្ថែម ពង្រីកកាន់តែច្រើនឡើងទៅលើបណ្តាប្រទេសមួយចំនួនដែលមិនស្ថិតក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរដូចជាកូរ៉េខាងជើង អ៊ីរ៉ង់ ជាដើម ដែលជាការព្រួយបារម្ភរបស់សកល»។
លោកថា ដើម្បីបង្ការមិនឱ្យមានវិបត្តិអាវុធនុយក្លេអ៊ែររឹតតែធ្ងន់ធ្ងរ បណ្តាប្រទេសដែលស្ថិតនៅក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ មិនត្រូវផ្តល់ ឬផ្ទេរបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរនេះដល់បណ្តាប្រទេសមិនស្ថិតក្នុងសន្ធិសញ្ញានោះទេ ជាពិសេសក្នុងចំណោមប្រទេសមហាអំណាចក្នុងស្ថានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ មិនត្រូវផ្ទេរបច្ចេកវិទ្យានុយក្លេអ៊ែរក្នុងរូបភាពណាមួយជាដាច់ខាត៕