ភ្នំពេញៈ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បានមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង បន្ទាប់ពីលោកបានចូលកាន់តំណែងរយៈពេលជាង ១ ខែ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា លោក ថាវីស៊ីន និងលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងមានជំនួបទ្វេភាគីដើម្បីកំណត់ទិសដៅធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ភាគីទាំង២ក៏នឹងជជែកអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។
លោក ថាវីស៊ីន នឹងមានជំនួបដាច់ដោយឡែកជាមួយលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា លោកហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រីឃួន សុដារី ប្រធានរដ្ឋសភា៕