ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកនេត្រ ភក្ត្រា ស្នើឱ្យវិទ្យុមិត្តភាពកម្ពុជា-ចិនប្រចាំកម្ពុជា ជួយបង្កើនការផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យបានច្រើន ដើម្បីធ្វើឱ្យប្រជាជននៃប្រទេសទាំង ២ កាន់តែបានស្វែងយល់ពីវប្បធម៌ អរិយធម៌និងសេដ្ឋកិច្ចគ្នាទៅវិញទៅមក។
ក្នុងជំនួបជាមួយកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) នាថ្ងៃទី ២៧ ខែកញ្ញា លោក នេត្រ ភក្ត្រា បានគាំទ្រចំពោះដំណើរការផ្សព្វផ្សាយរបស់វិទ្យុនេះ ពីព្រោះនេះជាផ្នែកមួយជួយប្រជាជនកម្ពុជាបានយល់ដឹងបន្ថែមទៀតពីប្រពៃណីវប្បធម៌របស់ចិនហើយចិនក៏បានយល់ពីវប្បធម៌របស់កម្ពុជាវិញផងដែរ។
ក្រសួងព័ត៌មានឱ្យដឹងថា៖ «ឯកឧត្តម បានស្នើឱ្យវិទ្យុមិត្តភាពកម្ពុជា-ចិន ជួយបង្កើនការផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេសកិច្ចសហប្រតិប្រតិបត្តិការរវាងកម្ពុជា និងចិន ទាក់ទងទៅនឹងសក្តានុពលទេសចរណ៍ និងការវិនិយោគធ្វើឱ្យប្រជាជននៃប្រទេសទាំង ២ កាន់តែបានស្វែងយល់ពីវប្បធម៌ អរិយធម៌ វិស័យសេដ្ឋកិច្ចគ្នាទៅវិញទៅមក ព្រោះចិន និងកម្ពុជា គឺជាមិត្តដែកថែប»។
លោក នេត្រ ភក្ត្រា បានអនុញ្ញាត និងលើកទឹកចិត្តឱ្យវិទ្យុនេះពង្រីកការផ្សាយរបស់ខ្លួនតាមរយៈ APP ក្រសួងព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនិងសម្បូរបែបដល់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសថែមទៀត។
លោកថ្លែងថា ការផ្សព្វផ្សាយជាមួយបណ្តាញព័ត៌មានរបស់ក្រសួងព័ត៌មាននេះក៏ជាការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់រាជដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនឱ្យកាន់តែស៊ីជម្រៅជាពិសេសយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលផ្តួចផ្តើមឡើងដោយប្រទេសចិន ហើយផ្តល់ផលប្រយោជន៍ដល់បណ្តាប្រទេសក្នុងតំបន់។
កញ្ញា Yao Shiya បានថ្លែងថា វិទ្យុមិត្តភាពកម្ពុជា-ចិន បានចាប់ផ្តើមផ្សាយសំឡេងជាផ្លូវការកាលពីឆ្នាំ ២០០៨ ដែលជាសមិទ្ធផលនៃកិច្ចសហ ប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅក្រោមការអនុញ្ញាតពីក្រសួងព័ត៌មានកម្ពុជា។
កញ្ញាបន្តថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលភាសាអង់គ្លេសហៅថា China Media Group (CMG) គឺជាប្រព័ន្ធផ្សព្វផ្សាយដ៏មានទ្រង់ទ្រាយធំបំផុតមួយក្នុងពិភពលោក ដែលរួមទាំង CCTV និង CGTN ជាដើម បានទាក់ទាញប្រិយមិត្តតាមដានជាប្រចាំជាជនជាតិចិនជាង ១,៤ ពាន់លាននាក់ និងប្រិយមិត្តអន្តរជាតិតាមដានជាប្រចាំរាប់ពាន់លាននាក់៕