ស្ទឹងត្រែងៈ ខេត្តស្ទឹងត្រែង និងខេត្តអត្តពឺនៃប្រទេសឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសគ្រឿងញៀនតាមបណ្តោយព្រំដែននៃខេត្តទាំង ២។
ការចុះហត្ថលេខានេះធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៦ រវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងខេត្តអត្តពឺ នាថ្ងៃទី ២៦ ខែកញ្ញា នៅឯខេត្តអត្តពឺ ដែលកិច្ចប្រជុំនេះធ្វើឡើងដើម្បីបន្តជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំង ២ ស្ទឹងត្រែងអត្តពឺឱ្យកាន់តែប្រសើរឡើង។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូនៃមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចូលរួមប្រជុំជាមួយភាគីឡាវ ដឹកនាំដោយលោក ឡេត សៃយ៉ាផន អភិបាលខេត្តអត្តពឺ។
គេហទំព័រមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងបញ្ជាក់នាថ្ងៃទី ២៧ ខែកញ្ញាថា៖ «ភាគីទាំង ២ បានចុះហត្ថលេខាព្រមព្រៀងប្រតិបត្តិលើកិច្ចសហប្រតិបត្តិការការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន»។
ភាគីទាំង ២ បានព្រមព្រៀងយកចិត្តទុកដាក់ចំពោះប្រជាជននៅតាមព្រំដែន ធានានូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការចេញចូលសួរសុខទុក្ខជាប្រពៃណីជាបងប្អូន ការដោះដូរទំនិញ ជាលក្ខណៈគ្រួសារ និងការព្យាបាលជំងឺ ដើម្បីទំនាក់ទំនង សាមគ្គីភាព មិត្តភាព អ្នកជិតខាងល្អ។ ភាគីទាំង ២បានព្រមព្រៀងរក្សា និងទប់ស្កាត់ធនធានធម្មជាតិ ផ្លាស់ប្តូរព័ត៌មានពីឧតុនិយម និងជលសាស្ត្ររួមគ្នាជាប្រចាំដើម្បីការពារសុវត្ថិភាពជូនប្រជាជន ចូលរួមវិនិយោគក្នុងវិស័យដឹកជញ្ជូន និងសម្របសម្រួលការដឹកជញ្ជូនផលិតផល។
ភាគីទាំង ២ បានព្រមព្រៀងលើកកម្ពស់ការផ្លាស់ប្តូរផលិតផលតាមតម្រូវការទីផ្សារ រក្សាទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ប្រវត្តិសាស្ត្រល្អរបស់ប្រជាជាតិទាំង ២ និងខេត្តទាំង ២ ឱ្យកាន់តែល្អប្រសើរឡើង។ ខេត្តទាំង ២ ក៏បានឯកភាពគ្នាបន្តអនុវត្តផែនការមេនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម និងការផ្សព្វផ្សាយសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ដល់ឆ្នាំ ២០៣០ ព្រមទាំងគាំទ្រ និងពង្រឹងលើវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើងឱ្យមានកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូដកស្រង់បទពិសោធន៍លើវិស័យអប់រំ យុវជន និងកីឡា។
គេហទំព័រដដែលបន្តថា៖«[ភាគីទាំង២] ឯកភាពបន្តតាមដាន និងមានវិធានការបង្ការ គ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ផ្លាស់ប្តូរទិន្នន័យស្តីពីការព្យាបាល បញ្ជូនអ្នកជំងឺ និងអ្នកបាត់បង់ជីវិត ផ្លាស់ប្តូសេវាសុខភាព ស្ត្រីវ័យបន្តពូជ និងមនុស្សចាស់ គ្រប់គ្រងលើវិស័យព័ត៌មានសុខភាពសាធារណៈ ចាប់ពីថ្នាក់ខេត្ត រហូតដល់មណ្ឌលសុខភាព»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៧ ខែកញ្ញា ថា ខេត្តទាំង ២ ដែលជាប់ព្រំដែនគ្នានេះជាតំបន់ព្រំដែនដែលស្ងាត់ជ្រងំដែលមានព្រៃជ្រៅរហោឋាន ហើយងាយនឹងការឆ្លងកាត់ឬចរាចរគ្រឿងញៀន។ ជាក់ស្ដែងគឺមានការឆ្លងកាត់គ្រឿងញៀនច្រើនបានរហូតដល់កម្រិតតោនបើតាមសេចក្តីរាយការណ៍ព័ត៌មានកន្លងទៅ។
លោកថ្លែងថា៖ «ការឆ្លងដែនគ្រឿងញៀនហ្នឹងគឺវាញាំញីសេដ្ឋកិច្ច វាញាំញីមុខមាត់នៃប្រទេសយើងខ្លាំងណាស់រវាងប្រទេសទាំង ២ ហ្នឹង។ អ៊ីចឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ហ្នឹងគឺជារឿងសំខាន់ ប៉ុន្តែកុំឱ្យតែមានកិច្ចសហប្រតិបត្តិការហើយអត់មានសកម្មភាពជាក់ស្ដែង។ សុំឱ្យមានសកម្មភាពជាក់ស្ដែង ទប់ស្កាត់ជាក់ស្ដែងឱ្យបានដើម្បីជាប្រយោជន៍នៃសេដ្ឋកិច្ចសង្គម សន្តិសុខសណ្តាប់ធ្នាប់រវាង ២ ប្រទេសហ្នឹង។ អ៊ីចឹង ខ្ញុំសាទរប្រសិនបើយើងមានកិច្ចសហប្រតិបត្តិការហើយយើងធ្វើបាន បង្ក្រាបបទល្មើសបានជាក់ស្ដែងប្រាកដមែន»៕