កំពតៈអង្គការជីវិតធម្មជាតិនៅកម្ពុជា បានដំឡើងលូដាក់សម្បកថ្នាំគីមីកសិកម្មចំនួន ២៩ ទីតាំង នៅតាមវាលស្រែមិត្តក្រៀល ជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីលើកកម្ពស់ការគ្រប់គ្រងសម្បកថ្នាំពុលគីមីនិងឱ្យប្រជាជនចូលរួមទុកដាក់បានត្រឹមត្រូវ ដើម្បីកាត់បន្ថយសារធាតុពុល ។
យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងថា ការប្រមូលសម្បកថ្នាំពុលគីមីកសិកម្មនេះ គឺធ្វើឡើង ២ដងក្នុង១ឆ្នាំ នៅភូមិចំនួន៤ មានដូចជា ភូមិកោះចម្ការ កោះត្នោត ព្រះទ្រហឹង និងជ្រេស ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
អង្គការបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្បកថ្នាំពុលគីមីកសិកម្មដែលត្រូវបានប្រមូលសរុបមានចំនួន១ ៤៧៩ កំប៉ុង និង១ ៤២៦ កញ្ចប់ ដោយក្រុមការងារទីវាលរបស់អង្គការជីវិតធម្មជាតិក្នុងសហគមន៍និងមន្ត្រីគ្រប់គ្រងតំបន់ការពារទេសភាពអន្លង់ព្រីងបានចុះប្រមូលពីតាមលូនីមួយៗនៅជុំវិញតំបន់ការពារនោះ។
ទន្ទឹមនឹងនេះ អង្គការជីវិតធម្មជាតិក៏បានស្នើសុំកិច្ចសហការពីមន្ទីរបរិស្ថានខេត្តកែបឱ្យជួយសម្របសម្រួលដំណើរការឡដុតសម្បកថ្នាំពុលគីមីកសិកម្មដែលមានទីតាំងនៅក្នុងក្រុងកែប ខេត្តកែបផងដែរ។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានថ្លែងកាលពីថ្ងៃទី២៧ ខែកញ្ញាថា គម្រោងនេះធ្វើឡើងដើម្បីលើកកម្ពស់ការចូលរួមពីសហគមន៍ក្នុងការគ្រប់គ្រងការបោះចោលសម្បកថ្នាំគីមីកសិកម្មដែលមានជាតិពុលខ្លាំងទៅក្នុងធម្មជាតិ ។ គម្រោងនេះអនុវត្តបាន៤ឆ្នាំមកហើយ ដោយឆ្នាំនេះគឺជាឆ្នាំទី៤ ដែលគម្រោងធ្វើនៅក្នុងតំបន់អន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
លោកបានបញ្ជាក់ថា៖«នៅក្នុងខែសីហា[កន្លងមកនេះ]គឺជាលើកទី៣ ដែលអង្គការជីវិតធម្មជាតិនៅកម្ពុជា បានធ្វើការប្រមូលសម្បកថ្នាំគីមីកសិកម្មជាង ៨៥០ កំប៉ុង (នេះបើយោងតាមប្រភពទិន្នន័យ ដែលផុសនៅលើហ្វេសប៊ុកផេចរបស់លោកផ្ទាល់) រួមមានសម្បកថ្នាំ កំប៉ុងថ្នាំ និងថង់ប្លាស្ទិក ដែលប្រជាជនបានដាក់នៅក្នុងប្រព័ន្ធរបស់អង្គការ ដោយអង្គការបានដាក់ធុងធ្វើអំពីស៊ីម៉ងត៍ “Concrete” យកមកឱ្យប្រជាជនបានដាក់ រួចទើបប្រមូលរាប់យកទៅដុតក្នុងឡដែលផ្តល់ដោយក្រសួងបរិស្ថាននៅខេត្តកែប»។
ជាមួយគ្នានេះលោកបានសង្កត់ធ្ងន់ថា៖«និយាយរួមពួកគាត់មានការចូលរួមច្រើនហើយគាត់យល់ដឹងពីផលប៉ះពាល់ប្រសិនបើគាត់មិនមានការគ្រប់គ្រងដែលប៉ះពាល់ទាំងទិដ្ឋភាពរស់នៅរបស់ពួកគាត់ក៏ដូចជាអេកូឡូស៊ី ជាពិសេសគឺសត្វក្រៀលដែលស្ថិតនៅក្នុងទីតាំងនោះ»។
ក្រៅពីនេះ លោក ប៊ូ វរសក្ស បានលើកឡើងពីផលប្រយោជន៍នៃការដំឡើងលូដាក់សម្បកថ្នាំពុលគីមីនេះ ដោយលោកអះអាងថា ទី១ គឺផ្តល់ផលប្រយោជន៍ដល់សុខភាព ដោយពួកគាត់មិនចោលកាកសំណល់ពាសវាលពាសកាលទៅក្នុងប្រភពទឹកដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ទី២ គឺផ្តល់ផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី តំបន់ដីសើម ដូចជា សត្វក្រៀល មិនមានឃើញស្លាប់ដូចលើកមុនទេ។
លោកបានបញ្ជាក់ថា៖«កាលពីឆ្នាំ២០១៨ មានសត្វក្រៀលដែលជាប្រភេទសត្វកម្រ ត្រូវបានងាប់ ដែលរងគ្រោះ អាចឈានទៅដល់ការផុតពូជ»។ យ៉ាងណាមិញ តាមរយៈការគ្រប់គ្រងចំនួន២ឆ្នាំចុងក្រោយនេះ លោកមិនមាន ឃើញការពុលស្លាប់ទៅលើសត្វក្រៀលដូចមុនទេ។
ចំពោះគម្រោងឆ្នាំទី៤នេះ លោកប៊ូ វរសក្ស ថា លោកមានបំណងពង្រឹងការចូលរួមដល់ក្រុមប្រឹក្សាឃុំនិងអាចពង្រីកការងារគ្រប់គ្រងនេះទៅក្រៅភូមិឬឃុំផ្សេងទៀតដើម្បីជាផលប្រយោជន៍សម្រាប់សុខភាពរបស់ប្រជាជន ក៏ដូចជាអេកូឡូស៊ីរបស់តំបន់ដីសើម និងនៅក្នុងតំបន់ទេសភាពនេះទាំងមូល។
លោកបានបញ្ជាក់ថា៖«នៅថ្ងៃមុខលោកនឹងព្យាយាមបញ្ចុះបញ្ចូលក្រុមប្រឹក្សាឃុំឱ្យទទួលយកដឹកនាំការងារនេះ ស្ថិតនៅក្រោមការដឹកនាំដោយឃុំផ្ទាល់ហើយប្រើថវិការបស់ឃុំដោយនេះអាចរក្សាបាននិរន្តរភាពដែលជាគោលដៅមួយរបស់លោក ក្រោយពីការសាកល្បង ៤ ឆ្នាំ ហើយ»៕
កុសល សិរីកន្យា