ភ្នំពេញៈលោក​ស្រី​ ហ៊ុន កុស​នី អ​នុប្រធាន​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មាធិ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ខេត្ដ​កណ្ដាល​បាន​លើក​ឡើង​ថា​ ការ​រំលោភ​បំពាន​និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​លើ​កុមារ​គឺជា​សកម្ម​ភាព​ដែល​មិន​អាច​អត់​ឱន​បាន ​ទោះ​ក្នុង​រូប​ភាព​ណា​ក៏ដោ​យ​ ព្រោះ​វាប៉ះ​ពាល់​ដល់​ការអ​ភិវឌ្ឍ​របស់​កុមារ​ សីល​ធម៌​សង្គម​ សេចក្តី​ថ្លៃ​ថ្នូរ និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នា​ពេល​អនា​គត​ផង​ដែរ​។​

​ការ​លើក​ឡើង​របស់​លោក​ស្រី​ហ៊ុន កុស​នី ​ដូច​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុងអំ​ឡុង​ពេល​បើក​វគ្គប​ណ្តុះ​បណ្តាល​សេវា​គាំទ្រ​កុមារ​រងគ្រោះ​នៃ​ការរំលោ​ភបំពា​ន​ផ្លូវភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​ជូន​ដល់​មន្ត្រី​ជួរមុខ​ប្រមាណ​៥៦​នាក់​ដែល​មកពី​មន្ទីរ​សង្គម​កិច្ច​ខេត្ត ​ក្រុង និង​ស្រុក​ចំនួន​៥ ​ក្នុង​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃទី​២៧ ​ខែកញ្ញា​។​

​វគ្គ​បណ្តុះ​បណ្តាល​នេះ​សហ​ការ​រៀបចំ​ដោយ​អាជ្ញាធរ​ខេត្ត​កណ្តាល​និង​អង្គការ​APLE​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ដល់​មន្ត្រី​ជួរ​មុខ​ឱ្យ​យក​ចំណេះ​ដឹង​នេះ​ទៅ​ផ្សព្វ​ផ្សាយ​ជូន​កុមារ​និង​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​។​នេះ​បើតាម​រដ្ឋបាល​ខេត្ត​កណ្តាល​។​

​លោក​ស្រី ហ៊ុន កុស​នី ​ដែល​ជាអភិ​បាលរ​ង​ខេត្ត​កណ្តា​ល​ផង​នោះ​បាន​លើក​ឡើង​ថា ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​លើ​កុមារ​គឺជា​បញ្ហា​សកល​ដែល​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ស្ទើរ​ពេញ​មួយ​ជីវិតនៃ​ជន​រង​គ្រោះ​នោះ​ទេ​ប៉ុន្តែ​ដល់​សង្គម​ជាតិ​ទាំង​មូល​ទៀត​ផង​។

លោក​ស្រី​បញ្ជាក់​ថា​៖«​វគ្គ​នេះ​គឺមាន​សារៈ​សំខាន់​ណាស់​ក្នុង​ការជួយ​លើក​កម្ពស់​ការ​យល់​ដឹង​បន្ថែម​អំពី​ហានិ​ភ័យ ដែល​អាច​កើត​មាន​ឡើង​ចំពោះ​កុមារ ​ដូច​ជា ​ការ​កេង​ប្រវ័ញ្ច​និង​ការរំលោភ​បំពាន​ផ្លូវភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ដើម​។ដូច្នេះ​ហើយសិក្ខា​កាម​ទាំង​អស់​ត្រូវ​យក​ចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ទៅ​ផ្សព្វ​ផ្សាយ​បន្ត​ជូន​កុមារ​គ្រួសារ​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​របស់​ខ្លួន​ឱ្យមាន​ប្រសិទ្ធ​ភាព​ប្រកប​ដោយ​កា​រទទួល​ខុសត្រូវ​ខ្ពស់​»​។​

​លោក​ស្រី​ បាន​បន្ថែ​មថា ស្រី្តនិង​កុមារ​នៅតែ​ជា​បញ្ហា​អាទិ​ភាព​ដែល​ក្រុម​ការងារ​កិច្ច​ការ​ពារ​កុមារ​ខេត្ត​កណ្តាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​និង​គាំទ្រ ថ្វីបើ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ស្ថាន​ភាព​កិច្ច​ការពារ​កុមារ​នៅ​ខេត្តនេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ក៏​ដោយ​ ប៉ុន្តែ​នៅតែ​មាន​កុមារ​មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​នៅ​ឡើយ​។

​លោក​ស្រី​បាន​បន្ដ​ថាដើម្បី​ឆ្លើយ​តប​និង​ចូលរួម​ដោះ​ស្រាយ​បញ្ហា​នេះ​គឺ​ត្រូវ​ប្តេជ្ញា​ចិត្ត​រួមគ្នា​ខិតខំ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​បង្កើន​ការ​យល់​ដឹង​និង​បង្ការ​ទប់​ស្កាត់​និង​ការ​ឆ្លើយ​តប​លើ​គ្រប់​ទម្រង់​នៃ​ការ​រំលោភ​បំពាន​និង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​លើ​កុមារ​ក្នុង​ខេត្ត​នេះ​។​

​យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​ឈ្មោះថា​ ការ​បញ្ឈប់​គ្រោះ​ថ្នាក់​ក្នុង​ប្រទេស​កម្ពុជា​(Dis​rupting Harm in Cam​bodia)​ដែល​ចុះ​ថ្ងៃទី​៣០​ ខែកញ្ញា ឆ្នាំ​២០២២​កន្លង​មក បាន​រ​កឃើញ​ថា ១៦ភា​គរយ​នៃ​កុមារ​ត្រូវបាន​ទទួល​រង​ការ​បញ្ចេញ​មតិ​ទាក់​ទង​នឹង​ផ្លូវ​ភេទ​របស់​ពួក​គេ​ដែល​កើត​ឡើង​ជា​ចម្បង​នៅលើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​(Social Media)​១៦​ភាគ​រយ​ទៀត​នៃ​កុមារ​ត្រូវ​បាន​ផ្ញើ​សារ​រូបភាព​ផ្លូវ​ភេទ​និង​៩ភាគ​រយ​នៃ​កុមារ​ទទួល​បាន​ការ​ស្នើ​សុំ​ចែក​រំលែក​រូប​ភាព​ផ្លូវ​ភេទ​របស់​កុមារ​ទាំង​នោះ​។​

​ដោយ​ឡែក​នៅ​ថ្ងៃទី​២៨​ ខែកញ្ញា ​ឆ្នាំនេះ​ អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​បន្ត​ចុះ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដីពី​កា​រប​ង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស ​អំពើ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ ​ច្បាប់​ស្ដីពី​ការទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសា​រនិង​កិច្ច​ការពារ​ជន​រង​គ្រោះ ផល​ប៉ះពាល់​នៃ​ការធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន​ជូន​ដល់​ប្រជា​ពលរដ្ឋ​និង​សិស្សានុ​សិស្ស​ជាង​៣០០​នាក់ នៅ​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ​ផង​ដែរ​៕