នៅក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យានឹងបន្តគាំទ្រវិស័យទឹកស្អាត និងពង្រីកកិច្ចសហការលើវិស័យវិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយកម្ពុជា ដោយលោកចាត់ទុកថា វិស័យទឹកស្អាត មានសារៈសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយភាគីទាំងពីរ បានពិភាក្សាការងារ ជុំវិញការបន្តការគាំទ្រដល់វិស័យទឹកស្អាតនៅកម្ពុជា និងកិច្ចសហការទ្វេភាគី។ នេះបើតាមក្រសួងឧស្សាហកម្ម បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
នាឱកាសនោះ លោក UENO Atsushi បានបង្ហាញសេចក្តីរីករាយចំពោះការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈដែលឆ្នាំ២០២៣ នេះជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ទន្ទឹមគ្នានេះ ឯកអគ្គរាជទូតជប៉ុន ក៏បានប្តេជ្ញាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបតិ្តការដើម្បីគាំទ្រនូវរាល់កិច្ចការសំខាន់ៗរបស់ក្រសួងដែលបានដាក់ចេញនាអាណត្តិទី៧នេះ។
លោកបញ្ជាក់ថា៖«ជប៉ុន នឹងបន្តពង្រឹងកិច្ចសហប្រតិបតិ្តការ លើសេវាគាំទ្រដូចជា ការចុះបញ្ជីផលិតផល តក្កកម្ម មន្ទីរពិសោធន៍ និងស្តង់ដា ដែលសុទ្ធតែជាសេវាដែលមានសារៈសំខាន់ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនឱ្យវិនិយោគក្នុងប្រទេសកម្ពុជា»។
បើតាមឯកអគ្គរាជទូត ជាអាទិភាពបន្ថែមថ្មីរបស់រដ្ឋាភិបាលជប៉ុន គឺបានត្រៀមចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។
ក្នុងឱកាសនោះដែរ លោក ហែម វណ្ណឌី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលតែងតែផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់វិស័យទឹកស្អាតរបស់កម្ពុជា ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើននៅទូទាំងប្រទេសទាំងពេលកន្លងមក និងរហូតមកដល់បច្ចុប្បន្ន។
លោករដ្ឋមន្ត្រីបន្តថា៖«វិស័យទឹកស្អាត ដែលមិនត្រឹមតែសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏សំខាន់សម្រាប់វិស័យឧស្សាហកម្ម និងសុខភាពសាធារណៈផងដែរ ហេតុនេះក្រសួងសូមស្នើឱ្យ
រដ្ឋាភិបាលជប៉ុនពង្រីកការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ហើយក្រសួងត្រៀមខ្លួនជានិច្ចដើម្បីសហការឱ្យបានជិតស្និទ្ធផងដែរ»។
ជុំវិញរឿងនេះ លោក ផុន សុគន្ធ សមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានថ្លែងគាំទ្រ ចំពោះការបន្តពង្រឹងកិច្ចសហការរវាងក្រសួង និងដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ដោយចាត់ទុកថា តាម
រយៈកិច្ចសហការនេះ នឹងលើកកម្ពស់ដល់វិស័យទឹកស្អាតកម្ពុជា កាន់តែប្រសើរឡើង ពិសេសជួយពង្រឹងសមត្ថភាពមន្រ្តីជំនាញលើវិស័យនេះបន្ថែមទៀត។
លោកបានបន្តថា៖«យើងដឹងហើយថា ជប៉ុន គឺជាប្រទេសដែលមានបទពិសោធន៍លើវិស័យទឹកស្អាត និងការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាឌីជីថលផងដែរ។ ខ្ញុំរំពឹងថា តាមរយៈការជួយនេះ នឹងជួយអ្នករកស៊ីក្នុងវិស័យទឹកស្អាតនៅកម្ពុជាឱ្យមានសមត្ថភាពដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រងទឹកប្រើប្រាស់ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋកាន់តែមានគុណភាពខ្ពស់»។
បន្ថែមពីនេះ តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម បង្កើនភាពប្រកួតប្រជែងរបស់ឧស្សាហកម្មក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត ប្រជាពលរដ្ឋនៅទីប្រជុំជន ១០០ ភាគរយ ទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ ២០២៥ ខណៈត្រឹមឆ្នាំ ២០៣០ សម្រេចនូវការទទួលបានសកលកម្ម និងសមធម៌ទឹកបរិភោគសម្រាប់ប្រជាជនទូទាំងប្រទេស៕ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍