កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញជំហរពីការប្តេជ្ញារួមគ្នា ធ្វើការងារលុបបំបាត់អំពើហិង្សាលើយេនឌ័រទាំងស្រុងក្នុងឆ្នាំ២០៣០ តាមរយៈពង្រឹងប្រព័ន្ធថ្នាក់ជាតិក្នុងការទប់ស្កាត់ ផ្តល់សេវាបន្ទាន់ និងដោះស្រាយអំពើហិង្សាលើយេនឌ័រ ដែលនៅតែជាបញ្ហាប្រឈម។
ការបង្ហាញជំហរនេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោកស្រី អុង សុភាវី រដ្ឋលេខាធិការ ប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងលោកស្រី Veronica Mendizabal Joffre អ្នកឯកទេសជាន់ខ្ពស់ផ្នែកអភិវឌ្ឍយេនឌ័រ និងសង្គម (CCGE) នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២៧ខែកញ្ញា ឆ្នាំ ២០២៣។ នេះបើតាមក្រសួងមហាផ្ទៃ។
នាឱកាសនោះ លោកស្រី Veronica Mendizabal Joffre បានលើកឡើងថា បច្ចុប្បន្ន ADB កំពុងផ្ដល់ឥណទានឥតសំណង ការអនុវត្តគម្រោងទាក់ទងទៅនឹងការប្រឆាំងអំពើហិង្សាលើយេនឌ័រ ហើយគម្រោងនេះ ទាក់ទងទៅនឹងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ស្ដីពីការទប់ស្កាត់ និងដោះស្រាយអំពើហិង្សាលើយេនឌ័រ នៅកម្ពុជា។ លោកស្រីបានសង្កេតឃើញថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ បានអនុវត្តសកម្មភាពការងារជាច្រើន ដើម្បីទប់ស្កាត់អំពើហិង្សាលើយេនឌ័រ។
លោកស្រីបញ្ជាក់ថា៖«ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវការលុបបំបាត់អំពើហិង្សាលើយេនឌ័រទាំងស្រុងក្នុងឆ្នាំ២០៣០ ដូច្នេះ ADB សង្ឃឹមថា ក៏ជាចំណែកមួយ ក្នុងការចូលរួមលុបបំបាត់អំពើហិង្សានេះ ទាំងស្រុងផងដែរ»។
លោកស្រី បន្ថែមថា ADB ក៏មានគម្រោងពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងដោះស្រាយអំពើហិង្សាលើយេនឌ័រ ហើយ ADB សង្ឃឹមថា គម្រោងនេះ នឹងអនុម័តចេញជារូបរាង ចុងឆ្នាំ២០២៤ ខាងមុខ ហើយគោលដៅអនុវត្តគម្រោងនេះមានចំនួន ៣ រួមមាន ពង្រឹងគោលនយោបាយ, ផ្ដល់សេវាបន្ទាន់ ពង្រឹងការយល់ដឹង ក៏ដូចជាការចូលរួមរបស់សហគមន៍។
ក្នុងឱកាសនោះលោកស្រី អុង សុភាវី មានប្រសាសន៍ថា ការងារយេនឌ័រនៅមានបញ្ហាជាច្រើនដែលត្រូវជជែកគ្នា ពាក់ព័ន្ធបញ្ហាប្រឈម និងតម្រូវការនានា ក្នុងការអភិវឌ្ឍសកម្មភាពជាតិ ទាក់ទងទៅនឹងការទប់ស្កាត់អំពើហិង្សាលើយេនឌ័រ។ លោកស្រី បានថ្លែងអំណរគុណចំពោះ លោកស្រី Veronica Mendizabal Joffre ដែលបានដាក់ចេញនូវគោលដៅចំនួន ៣ ខាងលើនេះ ក្នុងការជួយប្រទេសកម្ពុជា ជាពិសេសជួយទៅលើស្ដ្រី។ លោកស្រី ក៏បានបង្ហាញមោទនភាពចំពោះស្ដ្រីនៅកម្ពុជា ដែលមានការយកចិត្តទុកដាក់ពីអង្គការដៃគូនានា ពិសេស គម្រោងអភិវឌ្ឍអាស៊ី។
លោកជម្រាបជូនថា៖«សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាល នឹងធ្វើផែនការសកម្មភាពជាតិមួយ ដើម្បីទប់ស្ដាត់អំពើហិង្សាលើយេនឌ័រ សម្រាប់ឆ្នាំ២០២៤ និង២០២៨ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។
លោកស្រីគូសបញ្ជាក់ថា នាពេលកន្លងមក ការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងការទប់ស្កាត់អំពើហិង្សាលើយេនឌ័រ គឺជាអាទិភាពចម្បង ដែលត្រូវយកចិត្តទុកដាក់បំផុត។
ជាថ្មីម្ដងទៀត តាងនាមឱ្យក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃលោកស្រី អុង សុភាវី បានថ្លែងអំណរគុណចំពោះក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានការចាប់អារម្មណ៍មកលើក្រសួងមហាផ្ទៃ ព្រមទាំងចូលរួមគាំទ្រ ទាំងធនធាន និងបច្ចេកទេស៕