ភ្នំពេញៈ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​​ឈ្នួល​អប្បបរមា បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់​ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​ ២០២៤ ចំនួន​ ២ ​ដុល្លារ និង​ការ​បន្ថែមចំនួន​ ២ ​ដល្លារ ពី​រាជរដ្ឋាភិបាល ធ្វើឱ្យ​ប្រាក់​ឈ្នួល​ដែល​កម្មករ​នឹង​ទទួលបាន​មាន​ចំនួន​ ២០៤ ​ដុល្លារ​ ក្នុង​ ១ ខែ ​ដែល​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ពី​ដើមខែ​មករា ឆ្នាំ​ ២០២៤ តទៅ​។​

​ការសម្រេច​នេះ​បាន​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នា​រសៀល​ថ្ងៃទី​ ២៨ ខែកញ្ញា ឆ្នាំ​ ២០២៣ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីៈ ដែលមាន​ការចូលរួម​ពី​ភាគី​ក្រសួង​ការងារ តំណាង​រាជរដ្ឋាភិបាល​, ភាគី​សហជីព​តំណាង​កម្មករ​និ​យោ​​ជិត និង​តំណាង​ភាគី​និយោជក សរុប​ចំនួន​ ៥១​ រូប​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បានឱ្យដឹងថា ទោះបី​ជាមាន​កិច្ចប្រជុំ​សរុប​ចំនួន ២០​ លើក តែ​ភាគី​ពាក់ព័ន្ធ​មិនបាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​លើ​តួលេខ​ណាមួយ​ឡើយ ដោយ​តំណាង​ភាគី​កម្មករនិយោជិត បាន​លើក​នូវ​តួលេខ​ចំនួន ២ ​ផ្សេងគ្នា គឺ​តួលេខ ២០៤​ ដុល្លារ​អាមេរិក និង ២១៣ ​ដុល្លារ​អាមេរិក​។​

​ចំណែក​តំណាង​ភាគី​និយោជក បាន​លើក​នូវ​តួលេខ​ចំនួន ​២០២​ ដុល្លារ​អាមេរិក និង​តំណាង​ភាគី​រាជរដ្ឋាភិបាល ដោយ​ឈរលើ​លក្ខណៈ​បច្ចេកទេស និង​វិទ្យា​សាស្ត្រ កំណត់​យក​តួលេខ​ចំនួន ២០២ ​ដុល្លារ​អាមេរិក ជា​តួលេខ​ចុងក្រោយ​។ សេចក្តីប្រកាស​បន្តថា​៖ «​ឈរលើ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា សូម​ស្នើ​តួលេខ​ ២០២ ​ដុល្លារ​អាមេរិក​»​។​

​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​រសៀល​ថ្ងៃទី​ ២៨ ខែកញ្ញា ដោយ​សម្រេច​បន្ថែម ២​ ដុល្លារ​ក្នុង​ ១ ខែ ទៅលើ​តួលេខ ​២០២ ​ដុល្លារ​ដែលជា​លទ្ធផល​បោះឆ្នោត​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរ​​មា​ខាងលើ​។ ដូច្នេះ ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ​ ២០២៤ គឺ ២០៤​ ដុល្លារ ក្នុង ១​ ខែ​។

​លោក​បន្តថា យោង​លើ​សំឡេង​បោះឆ្នោត​លើ​តួលេខ​នីមួយៗ និង​យោងតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​កំណត់​តួលេខ ២០២ ​ដុល្លារ ជា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ​២០២៤​។

លោក​ ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​តាំងពី​ពេល​ចាប់ផ្តើម​។ ការ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ រួមទាំង​បង​ប្អូន​កម្មករនិយោជិត​គឺជា​អាទិភាព​ខ្ពស់បំផុត​របស់​រាជរ​ដ្ឋា​ភិ​បាល​។ ឈរលើ​មូលដ្ឋាន​នៃ​លទ្ធភាព​ជាក់​ស្តែង ដែល​រាជរដ្ឋាភិបាល​អាច​សម្រួល​ជូនទៅ​ភាគី​និយោជក ខ្ញុំ​បានសម្រេច​បន្ថែម ២ ​ដុល្លារ ទៅលើ​តួលេខ ២០២​ ដុល្លារ​ ដែលជា​លទ្ធផល​បោះឆ្នោត​របស់​ក្រុម​​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​»​។

​លោក​បន្តថា៖ «​ដូច្នេះ ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ​ ២០២៤ គឺ ២០៤​ ដុល្លារ ក្នុង ១​ ខែ​។ ខ្ញុំ​សូមឱ្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើការ​ផ្សព្វផ្សាយ​ និង​ជូនដំណឹង​ដល់​បងប្អូន​កម្មករ និយោជិត ក៏ដូចជា​សាធារណជន​ឱ្យបាន​ជ្រាប​ជា​ព័ត៌មាន​»​។​

​ទន្ទឹមនឹង​ការដំឡើង​ប្រាក់​ឈ្នួល​នេះដែរ​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ប្រាប់​ទៅដល់​កម្មករ​និ​យោ​ជិត និង​សាធារណជន​ដែរ​ថា លោក​នឹង​បន្ត​ជំរុញ​ដល់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​តាមដាន និង​ដាក់​វិធានការ​បន្ថែម ដើម្បី​ពិនិត្យ​លទ្ធភាព​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​បងប្អូន​ក​ម្មករ​និយោជិត​។

លោក​ថា ៖ «​ទន្ទឹមនឹងនេះ​ខ្ញុំ​នឹង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​មួយ​នៅ​ខែ​វិ​ច្ឆិ​កា​ខាងមុខ​ដើម្បី​កែលម្អ​បរិ​យា​កាស​វិនិយោគ និង​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​សំដៅ​បង្កើន​ភាព​ប្រកួត​ប្រជែង និង​ទាក់ទាញ​ទុន​វិ​និ​​យោគ​បន្ថែម​និង​បង្កើត​ការងារ​ថ្មីៗ​ជូន​ប្រជាពលរដ្ឋ​»​។​

​លោក គឹម ចាន់​សំណាង ជា​តំណាង​ភាគី​សហជីព​បាន​ប្រាប់​ឱ្យដឹងថា សហជីព​ពេញចិត្ត​ចំពោះ​តួលេខ​នេះ​ដែលជា​លទ្ធផល​ចុងក្រោយ​សម្រាប់​ការផ្តល់ជូន​ដល់​កម្មករនិយោជិត ដោយ​សារ​ជាធម្មតា​ការដំឡើង​ប្រាក់​ឈ្នួល​តែងតែមាន​ការស្រាវជ្រាវ​លើ​ទឡ្ហីករណ៍​ទាំង ​៧ ​ចំណុច ប៉ុន្តែ​ក៏ត្រូវ​មើល​ទៅលើ​ការប្រកួត​ប្រជែង​ប្រទេសជិតខាង​ផងដែរ​។​

​លោក​បាន​ប្រាប់ថា៖ «​អ៊ីចឹង បើ​យើង​ដឹងថា ស្ថានភាពមិនថាតែ​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភព​លោក​ទាំងមូល​នឹងមាន​ការ​ប៉ះ​ពាល់​ដូចនេះ​ជាហេតុ​ដែលនាំឱ្យ​សហជីព​យើងទាំងអស់គ្នា​ធ្វើការ​ពិចារណា​ចុងក្រោយ​ដោយ​បោះ​ឆ្នោត​យក​តួលេខ​ណាមួយ​ដែលជា​តួលេខ​ដើម្បី​ជួយ​ដល់​បងប្អូន​កម្មករ​យើង​បន្តការងារ​បាន​បន្តទៀត​»​។

​លោ​កណាង សុធី​តំណាង​ភាគី​និយោជក បាន​ប្រាប់​ដែរ​ថា ការដំឡើង​ចំនួន​ ៤​ ដុល្លារ​បន្ថែម​នេះ ខាង​ភាគី​និយោជក​អាច​ទទួលយកបាន​។ លោក​បាន​ប្រាប់ថា ៖ «​តួលេខ​នេះ​ដូច​មិន​អី​ទេ ខាង​និយោជក​អាច​ទទួលយកបាន ដែល​តួលេខ​នេះ​ស័​កិ្ត​សម​ដែល​យើង​អាច​ទទួលយកបាន​។ មានការ​ដោះដូរ​ជាមួយនឹង​រាជរដ្ឋាភិបាល​ក្នុងការ​សម្រួល​តម្លៃ​ភ័ស្តុភា​រកម្ម​ដែល​កន្លងមក​រាជរដ្ឋាភិបាល​មិនទាន់បាន​យកចិត្ត​ទុកដាក់ ហើយ​សង្ឃឹមថា អាណត្តិ​ទី​៧ ​នេះ សម្តេច​បវរ​ធិបតី​នឹង​ពិចារណា​កាត់បន្ថយ​ភ័ស្តុភា​រកម្ម​ដែលជា​បន្ទុក​បន្ថែម​លើ​ការដឹកជញ្ជូន​វាយ​ន​ភណ្ឌ ដែល​យើង​រំពឹងថា អាច​នឹង​ថយចុះ ៣០%»​។​

​លោ​ក ណាង សុធី បន្តថា ការដំឡើង​នេះ​មិន​ប៉ះពាល់​អី​ធំដុំ​ទេ តែ​គ្រាន់តែ​អ្នកបញ្ជា​ទិញ​មិនសូវ​សម្បូរ ហើយ​សម្រាប់​ជីវភាព​របស់​កម្មករ ក៏​មិនជា​ប្រសើរ​ខ្លាំង​តែ​ក៏​មិនអាក្រក់​ខ្លាំង​ដែរ​។​

​លោក​ គឹម ចាន់​សំណាង បាន​បន្ថែមថា នៅពេលដែល​ការដំឡើង​ប្រាក់​ឈ្នួល​ដែល​អាច​ទទួលយកបាន​លោក​គិតថា ការបញ្ជាទិញ​នឹងមាន​ការកើនឡើង​ហើយ​ចំនួន​សមាជិក​ក្នុង​គ្រួសារ​របស់​កម្មករនិយោជិត​ក៏​នឹង​កើន​ចំនួន​អ្នក​ដែល​អាចមាន​ការងារ​ធ្វើ​ផងដែរ ដែល​ធ្វើឱ្យ​ជីវភាព​របស់​ពួកគាត់​មាន​ភាពល្អប្រសើរ​។​

​កម្មការិនី​នៅ​រោងចក្រ ខា​លីន​តុ​ន​ក្នុងស្រុក​ជើងព្រៃ ខេត្ត​កំពង់​ចាម អ្នកស្រី វ៉ិ​ច សេង​វ៉ាន បាន​ប្រាប់ឱ្យដឹង​បន្ទាប់ពី​ដឹង​ព័ត៌មាន​ពី​ការដំឡើង​ប្រាក់​ឈ្នួល​នេះ​ថា អ្នកស្រី​ចង់បាន​ប្រាក់​ឈ្នួល​បន្ថែម​ចន្លោះ​ពី​ ១០​ ដុល្លារ​ ទៅ​ ២០​ ដុល្លារ ប៉ុន្តែ​សម្រាប់​តួលេខ​នៃ​ការឡើង​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​ ២០២៤ បានតែ​ ៤ ​ដុល្លារ​វា​តិចពេក ប៉ុន្តែ​ក៏​ល្អ​ដែរ​។ អ្នកស្រី​បាន​ថ្លែងថា៖ «​វា​តិចពេក ដោយសារ​ឥឡូវ​រោង​​ចក្រ​មិនសូវមាន​ការងារ​ធ្វើ​ហើយ​ស៊ី​តែ​ប្រាក់ខែ​មិនមាន​ប្រាក់​ថែម​ម៉ោង​ដូច​មុន​នោះទេ ខណៈ​តម្លៃ​អីវ៉ាន់​ឡើងថ្លៃ​ស្ទើរ​គ្រប់មុខ​»​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណា​ការដំឡើង​ចំនួន​ ៤​ ដុល្លារ​បន្ថែម​នេះ​ ក៏​អ្នក​ស្រី​ទទួលយក​បានដែរ ព្រោះ​រាជរដ្ឋាភិបាលនៅតែ​បន្ត​យក​ចិត្ត​ទុកដាក់​ដល់ក​ម្មករ​និ​យោ​ជិត​ដែល​ធ្វើការ​នៅតាម​រោងចក្រ​សហគ្រាស​៕