ភ្នំពេញៈ អូស្ត្រាលី និងកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ អំពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរួមគ្នាជំរុញសមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម។
សិក្ខាសាលានេះធ្វើឡើង នៅសណ្ឋាគាភ្នំពេញ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា គាំទ្រដោយកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដោយមានការចូលរួមពីម្ចាស់សហគ្រាសធុនតូច និងមធ្យម សមាគម ធុរកិច្ច អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងក្រសួងពាក់ព័ន្ធនានា។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា ក្រសួងបានប្តេជ្ញាលើកកម្ពស់ស្ត្រី កុមារ និងជនមានពិការភាព ក្នុងការធ្វើកិច្ចការងារតាមស្ថាប័នផ្សេងៗសំដៅសម្រេចបានសមភាពយេនឌ័រ ឱ្យពួកគេទទួលបានប្រយោជន៍ពិតប្រាកដប្រកបដោយសមធម៌។
លោកថ្លែងថា៖ «ក្រសួងប្តេជ្ញាក្នុងការជំរុញសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គមនៅក្នុងការងាររបស់យើង។ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្រេចគោលដៅនេះ»។
លោក ហែម វណ្ណឌី បន្ថែមថា តាមរយៈការប្រកាន់យកគោលការណ៍បរិយាប័ន្ន ក្រសួងឧស្សាហកម្ម នឹងចាប់យកសក្តានុពល ដែលមិនទាន់បានប្រើប្រាស់នៅក្នុងសហគមន៍ និងរួមចំណែកកាន់តែប្រសើរឡើងដល់យុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតលើកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព។
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងក្តីរីករាយដែលមានកិច្ចសហការនៃភាពជាដៃគូជាមួយក្រសួងឧស្សាហកម្មលើគំនិតផ្តួចផ្តើមក្នុងការបញ្ជ្រាបសមភាពយេនឌ័រ ដើម្បីជំរុញការងារស្ត្រីក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។
លោកថា៖ «យើងពិតជាមានមោទនភាពណាស់ក្នុងការធ្វើជាដៃគូជាមួយក្រសួងលើគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។ យើងជឿជាក់ថា ផែនការយុទ្ធសាស្ត្រនេះនឹងជួយដល់ស្ត្រីឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ពីសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ អូស្ត្រាលីប្តេជ្ញាជួយដល់កម្ពុជា ក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាប័ន្ននិងនិរន្តរភាព»។
តាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងឧស្សាហកម្ម និងស្ថានទូតអូស្ត្រាលីឱ្យដឹងថា ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងឧស្សាហកម្ម គឺជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួងក្នុងការដាក់បញ្ចូលការបញ្ជ្រាបយេនឌ័រទៅកាន់កិច្ចការងារនានា និងធ្វើការឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រនៅក្នុងការងាររបស់ក្រសួង។ ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ នេះមានសារៈសំខាន់ក្នុងការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបរិបទសង្គមចំណុចអាទិភាព។
លោក លាង ឡេង ម្ចាស់សហគ្រាសទឹកត្រី លាង ឡេង បានឱ្យដឹងថាការបញ្ជ្រាបសមភាពយេនឌ័រ តាមរយៈការរៀបចំឱ្យមានសិក្ខាសាលាបែបនេះជាការចូលរួមជួយដល់សង្គមកម្ពុជា ដែលអាចផ្តល់ឱ្យនូវព័ត៌មានច្បាស់លាស់ល្អពាក់ព័ន្ធជាមួយនឹងពលកម្មកុមារ ស្ត្រី និងជនមានពិការភាពផងដែរ ព្រោះម្ចាស់សហគ្រាសដែលប្រកបរបរបែបលក្ខណៈគ្រួសារខ្លះមិនសូវបានយល់ពីសិទ្ធិកុមារ ដែលពេលខ្លះបានយកកុមារតូចៗទៅធ្វើការងារផ្នែកម៉ាស៊ីនមួយចំនួន ធ្វើការងារលើសកម្លាំង និងលើសសមត្ថភាពផងដែរ។ «សិក្ខាសាលានេះអាចនឹងបញ្ជ្រាបចំណេះដឹងដល់ SME ក៏ដូចជាប្រភពអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងការប្រើពលកម្មហ្នឹង។ ខ្ញុំគិតថា វាល្អហើយអាចកុមារក្តី ជនពិការក្តី ឬក៏ស្ត្រីក្តីគាត់មានសិទ្ធិទទួលយកការងារសមរម្យមួយដែលត្រូវទទួលបានវគ្គបណ្តុះបណ្តាល»៕