តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី Mariam J. Sherman បានបញ្ជាក់ជំហរ ក្នុងការបន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែល្អប្រសើរ។
ការថ្លែងរបស់លោកស្រី បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។
បើតាមក្រសួងសុខាភិបាល នាឱកាសនោះ លោកស្រី Mariam J. Sherman បានលើកឡើងអំពីលទ្ធផលដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួង តាមរយៈគម្រោងមួយចំនួនដែលបានអនុវត្តកន្លងមករួមមាន គម្រោងគ្រប់គ្រងជំងឺ គម្រោងគាំទ្រវិស័យសុខាភិបាលជំហានទី១ ទី២ និងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលទាំង២ដំណាក់កាលជាដើម។
លោកស្រីបញ្ជាក់ថា៖ «ធនាគារពិភពលោក សន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការយុទ្ធសាស្ត្រសុខាភិបាល និងផែនការអាទិភាពរបស់ក្រសួងសុខាភិបាលជាបន្តទៀតឱ្យកាន់តែប្រសើរឡើងថែមទៀត»។
ឆ្លៀតឱកាសនោះដែរ លោក ឈាង រ៉ា បានថ្លែងអំណរគុណ ដល់ធនាគារពិភពលោក ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជានាពេលនេះ។
លោករដ្ឋមន្ត្រីបន្តថា៖«តាមរយៈការបន្តគាំទ្ររបស់ធនាគារពិភពលោក ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា នឹងជួយឱ្យកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា»។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនថា ជាផែនការអាទិភាពរបស់ក្រសួងសុខាភិបាលដែលត្រូវចាប់ផ្តើមអនុវត្តដើម្បីពង្រឹងវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែខ្លាំងរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត និងជាតិ តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការបន្តប្រយុទ្ធនឹងជំងឺមិនឆ្លងជាដើម។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានគាំទ្រឱ្យមានការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រលើវិស័យសុខាភិបាលរវាងដៃគូអភិវឌ្ឍន៍នានា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសលើការកែលម្អបន្ថែម លើសេវាសាធារណៈទាំងរដ្ឋ និងឯកជន ពិសេសលើគុណភាពព្យាបាល និងពង្រឹងឧបករណ៍ពិនិត្យឱ្យមានស្តង់ដាឱ្យកាន់តែល្អប្រសើរ។
លោកក៏បានជំរុញថា៖ «ទន្ទឹមនឹងការសហការនេះ ក៏សូមជំរុញឱ្យគ្រូពេទ្យទាំងអស់ ទាំងនៅមន្ទីរពេទ្យរដ្ឋ និងឯកជន គោរពនូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យល្អ ព្រោះកន្លងមកតាមរយៈពាក្យសម្តីលើកទឹកចិត្តដល់អ្នកជំងឺ គឺនៅមានកម្រិត និងនៅមានចំណុចខ្វះខាតច្រើននៅឡើយ»។
បើតាមក្រសួងសុខាភិបាល ធនាគារពិភពលោក តែងតែគាំទ្រក្រសួងសុខាភិបាលក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជាដូចជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខ័ណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស ដល់វិស័យសុខាភិបាល ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី១ និងទី២, គម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ ១៩, គម្រោងអាហារូបត្ថម្ភកម្ពុជា និងគម្រោងពង្រឹងការបណ្តុះបណ្តាលមុនផ្តល់សេវាជាដើម៕