រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ ឱ្យបានអធិកអធម ដើម្បីរំឭកដល់គុណូបការៈ និងលើកកម្ពស់គាំពារសុខុមាលភាពរបស់មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង។
ការណែនាំនេះ ធ្វើឡើងតាមរយៈសារាចររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ដោយគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជនដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ព្រមទាំងផ្តល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។
លោកបន្តថា៖ «រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំឭកដល់គុណូបការៈ របស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុ ពូ មីង ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត»។
ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាល បានកំណត់យកប្រធានបទឆ្នាំនេះ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»។
សារាចរក៏បានណែនាំឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ ឱ្យបានអធិកអធម។
សារាចរបញ្ជាក់ថា៖ «រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវា ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានចូលរួមចំណែកតាមគន្លងប្រក្រតីភាពថ្មី ដើម្បីបង្កើនការយល់ដឹង ឱ្យកាន់តែទូលំទូលាយ»។
ចំណែក រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនការដែលបានកំណត់ ឈរលើ ស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ។ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សមាគមមនុស្សចាស់ដែលមានស្រាប់។
គួរជម្រាបថា ក្នុងគោលបំណងយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សវ័យចាស់កម្ពុជា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ កាលពីឆ្នាំ ២០១១ ដើម្បីអនុវត្តនូវតួនាទីនិងភារកិច្ចដែលមានជាអាទិ៍ រៀបចំគោលនយោបាយដើម្បីលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ រៀបចំទិវាមនុស្សចាស់នៅកម្ពុជាដោយកំណត់យកថ្ងៃទី ១ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយទិវាមនុស្សចាស់អន្តរជាតិ៕