ទឹកភ្លៀង​ធ្លាក់ជាប់ៗ​​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ បានបង្ក​ជាទឹកជំនន់​លិច​នៅតំបន់​មួយចំនួន ក្នុងនោះពលរដ្ឋ​ជាង​៣៤០០​គ្រួសារ​ក្នុងខេត្ត​ពោធិ៍សាត់​កំពុងរងផល​ប៉ះពាល់​ធ្ងន់ធ្ងរ ខណៈរដ្ឋបាល​ខេត្ត​បាត់ដំបង បានជូនដំណឹង​ឱ្យបង​ប្អូន​ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន​ដោយសារតែ​កម្រិត​ទឹក​ស្ទឹងសង្កែ នៅស្ថានីយ​ក្រុង​បាត់ដំបង និងតាមបណ្ដោយ​ដងស្ទឹងសង្កែ បាននិងកំពុង​ឡើងជិត​ដល់​កម្រិត​ប្រកាស​អាសន្នហើយ។

របាយការណ៍​ពីគណៈ​កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែលបានចេញផ្សាយ​កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យដឹង​ថា ជំនន់​ទឹកភ្លៀង បានធ្វើ​ឱ្យប៉ះពាល់​ដល់ស្រុក​ចំនួន​៤​ក្នុងខេត្ត​ពោធិ៍សាត់​រួមមាន ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ស្រុក​កណ្តៀង និងក្រុង​ពោធិ៍សាត់។ ក្នុងនោះ​ប៉ះពាល់​ដល់ប្រជាពលរដ្ឋ​ចំនួន ៣៤១០ គ្រួសារ ស្មើនឹង ២៧៨៥ ខ្នងផ្ទះ ខណៈ​ដែលពលរដ្ឋ ៥៩៨នាក់ ត្រូវបាន​ជម្លៀស ទៅកាន់​ទីទួល​សុវត្ថិភាព។

របាយការណ៍​បញ្ជាក់ទៀត​ថា ជំនន់​ទឹកភ្លៀងនេះ បានធ្វើ​ឱ្យខូចខាត​ផ្លូវ​ចំនួន​៨ខ្សែ, លូចំនួន ៦កន្លែង, បាក់ច្រាំង ៦​កន្លែង, ទំនប់​បង្ហៀរទឹក ១​កន្លែង, ខូចខាតដំណាំ​ស្រូវចំនួន ៥៤៤,២ហិកតា, ដំណាំរួមផ្សំ និងសាវប្បកម្ម ចំនួន ២៣ហិកតា (បន្លែ,ល្ហុង), ដំណាំ​ឧស្សាហកម្ម ចំនួន ៥៧៤,៥ហិកតា(ដំឡូងមី, ពោតក្រហម, សណ្តែកបាយ), ដំណាំ​ឈើហូបផ្លែ ចំនួន ៥៤៨ ហិកតា​(ក្រូចពោធិ៍សាត់, ទុរេន, សាវម៉ាវ, តាង៉ែន និងចេក), ជម្លៀស​សត្វគោ​​ក្របី​ចំនួន ៤៦ក្បាល (ងាប់ ២ ក្បាល) និងខូចខាត​សម្ភារ មួយចំនួន។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ​លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់ឱ្យ​ដឹង​ថា ស្រុក​វាលវែង ស្រុក​កណ្តៀង និងក្រុង​ពោធិ៍សាត់ ស្ទើរតែ​រៀងរាល់ឆ្នាំ​នៅក្នុង​រដូវវស្សា​ពេលមានភ្លៀងធ្លាក់​ខ្លាំងតែង​បង្ក ទៅជាទឹកជំនន់​ជន់លិច​នៅតាមតំបន់មួយចំនួន​ស្ថិតតាម​បណ្តោយ​មាត់ស្ទឹង​ក្នុងខេត្ត​ពោធិ៍សាត់។

លោកបានបន្ត​ថា នៅឆ្នាំនេះ ជំនន់ទឹកភ្លៀង បង្កឱ្យ​ឱ្យប៉ះពាល់​ចំនួន ៤ ក្រុង/ស្រុក រួមមាន ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ក្រុង​ពោធិ៍សាត់ និងស្រុក​កណ្តៀង, ប៉ះពាល់ដល់​ឃុំ/សង្កាត់ ចំនួន២១ និង៦៩ភូមិ។

តាមរយៈ​គេហទំព័រ​របស់រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បានបង្ហាញពី​សកម្មភាពរបស់​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បានចុះ​ដល់ទីតាំង​រងគ្រោះ និងដាក់ចេញ​វិធានការ​នានា បង្ការគ្រោះ​ដល់​អាយុជីវិត​ពលរដ្ឋ។ ជាពិសេស​ដឹកនាំ​អាជ្ញាធរ និងកងកម្លាំង​រៀបចំ​ទប់ទឹក​មាត់ស្ទឹង​ក្រុងពោធិ៍សាត់ បញ្ចៀសផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់លំនៅឋាន​របស់​ប្រជាពលរដ្ឋ។

លោក ខូយ រីដា បានឱ្យដឹង​ថា ការជន់លិច​នៅស្រុក​កណ្តៀង និងក្រុង​ពោធិ៍សាត់នេះ ដោយសារកាលពី ២​ថ្ងៃមុន ភ្លៀងបានធ្លាក់​ខ្លាំង​នៅជួរភ្នំក្រវាញ ហើយទឹក​ក៏បានលិច​នៅស្រុក​វាលវែង។ បន្ទាប់ពីភ្លៀង​រាំង ទឹកស្រក នៅផ្នែក​ខាងលើ ទឹកក៏ហូរ​ទាក់មកស្ទឹង​ពោធិ៍សាត់ និងលិចផ្នែកខ្លះ​ក្នុងក្រុងពោធិ៍សាត់ និងស្រុក​កណ្តៀង។

ជាមួយគ្នា​នេះដែរ ក្រោយទទួលបាន​បទបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅបន្តតាមដានស្ថានការណ៍ដោយផ្ទាល់ និងបានដាក់​ចេញវិធានការមួយ​ចំនួនបញ្ចៀស​ផលប៉ះពាល់​កុំឱ្យ​ធ្ងន់ធ្ងរ ជាពិសេស​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ។

លោក គន់ គីម បានវាយ​តម្លៃថា ប្រសិនបើ​មិនមានភ្លៀងធ្លាក់​ផ្នែកខាងលើទៀតទេនោះ ស្ថានភាព​នៃការជន់លិច ក្នុងក្រុង​ពោធិ៍សាត់ និងស្រុក​កណ្តៀង នឹងធូរស្រាល​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ថែមទាំងបាន​ណែនាំ​ដល់​អាជ្ញាធរពាក់ព័ន្ធ​បន្តអនុវត្តន៍​តាមបទ​បញ្ជា​សម្តេចធិបតី​នាយករដ្ឋ​មន្ត្រី​ឱ្យ​បានម៉ឺងម៉ាត់ជួយ​ប្រជាពលរដ្ឋ​រងគ្រោះដោយ​ទឹកជំនន់​ក្នុងរដូវវស្សា​នេះ។

ចំណែកខេត្ត​បាត់ដំបង​ឯណេះវិញ រដ្ឋបាលខេត្ត​បាត់ដំបង បានជូន​ដំណឹងដល់​ពលរដ្ឋ​របស់ខ្លួន ឱ្យមាន​ការត្រៀម​បង្ការគ្រោះ​មហន្តរាយ​ទឹកជំនន់ ដោយផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន កម្រិតទឹក​ស្ទឹងសង្កែ នៅស្ថានីយ​ក្រុង​បាត់ដំបង និងតាមបណ្ដោយ​ដងស្ទឹងសង្កែ បាននិងកំពុង​ឡើង​ជិតដល់កម្រិត​ប្រកាសអាសន្ន​ហើយ។

តាមរយៈសេចក្តីជូន​ដំណឹង​របស់រដ្ឋបាល​ខេត្ត ដែលបាន​ចេញផ្សាយ​នៅថ្ងៃទី២៩ ខែកញ្ញា បានបញ្ជាក់​ថា ដើម្បីចៀស​វាងនូវ​គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង​ជាយថាហេតុ រដ្ឋបាលខេត្ត សូមឱ្យ​ប្រជាពលរដ្ឋ ដែលរស់នៅ​តាមបណ្តោយ​ដងស្ទឹងសង្កែ​ក្នុងស្រុក​សំឡូត ស្រុក​បាណន់ ក្រុង​បាត់ដំបង ស្រុកសង្កែ និងស្រុក​ឯកភ្នំ ជាពិសេស​បងប្អូន​ដែលរស់នៅ​ក្នុងតំបន់​ងាយរងគ្រោះ មេត្តាបង្កើន​ការប្រុង ប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំ​សម្ភារ ឯកសារ​សំខាន់ៗ និងស្វែងរក​ទីទួល​សុវត្ថិភាព ដែលនៅក្បែរ​បំផុត និងសូម​រាយការណ៍​ជាបន្ទាន់ទៅអាជ្ញាធរ​មូលដ្ឋាន ក្នុងករណី​ទទួលរងនូវ​ការលិចលង់​ណាមួយកើតមានឡើង។

រដ្ឋបាលខេត្ត​បានជំរុញ​ឱ្យ​អាជ្ញាធរមូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវយក​ចិត្តទុកដាក់ ត្រៀមរៀបចំ​ផែនការ អន្តរាគមន៍ និងត្រៀមរៀបចំ​ទីទួល​សុវត្ថិភាព​ឱ្យបានសមរម្យ ត្រៀមបម្រុង​សម្រាប់ការជម្លៀស​ប្រជាពលរដ្ឋ រងគ្រោះ និងផ្សព្វផ្សាយ ណែនាំឱ្យ​ប្រជាពលរដ្ឋ​យកចិត្តទុក​ដាក់លើបញ្ហា​អនាម័យ ដើម្បីចៀស​វាងពីបញ្ហា ជំងឺឆ្លង​ផ្សេងៗ។

ជុំវិញ​បញ្ហាជន់​លិចនេះដែរ ក្រសួង​ធនធានទឹក និងឧតុនិយម ប្រកាស​ថា ចាប់ពី​ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជា​ទទួលឥទ្ធិពល​ខ្សោយពីប្រព័ន្ធ​សម្ពាធទាប (ITCZ) អូសបន្លាយ​លើអាង​មេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុង​​និរតី​ខ្សោយ៕