រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ បានឱ្យដឹង​ថា ក្រសួង​បានដាក់​ពង្រាយនិស្សិត​និងយុវជន​ស្ម័គ្រចិត្ត ២០០ នាក់ នៅឃុំ​ចំនួន ២០០ ជាឃុំ​ដែលសម្បូរ​ផលិតកម្ម​ស្រូវ ដើម្បី​ចូលរួមការងារ​កសាង​ប្រព័ន្ធ​ពូជសុទ្ធ​និងលើកស្ទួយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៃផលិតកម្មស្រូវ​របស់​គ្រួសារ​កសិករ។

លោក យ៉ង សាំងកុមារ បានប្រាប់ឱ្យ​ដឹងនៅ​ថ្ងៃទី២៩ ខែកញ្ញា​នេះថា ការបង្កើន​ធនធាន​មនុស្ស​សម្រាប់​វិស័យ​ស្រូវ​អង្ករ គឺរឿង​សំខាន់ និងជាការងារអាទិភាពមួយ​សម្រាប់​ក្រសួង​កសិកម្ម ខណៈដែលកម្ពុជា​ក៏ជាប្រទេសមួយ​ក្នុងចំណោម​ប្រទេសផ្សេងទៀត ដែលនាំចេញ​អង្ករ ទៅកាន់ទីផ្សារ​ពិភពលោក។

លោកបានបញ្ជាក់​ថា៖«ការពង្រាយ​មន្រ្តី​កសិកម្ម​ឱ្យបានគ្រប់​ឃុំនៅ​ទូទាំងប្រទេស គឺជាកិច្ចការ​សំខាន់​បំផុត​សម្រាប់គ្រួសារ​កសិករ​និងវិស័យ​កសិកម្មជាតិ​ទាំងមូល។សម្រាប់មន្រ្តី​កសិកម្ម​នៅតាមឃុំ ក្រសួង​​នឹងរៀបចំ​ទៅតាមជំនាញ​របស់​ពួកគេ ដោយអ្នកជំនាញ​ស្រូវ​ដាក់ទៅ​តំបន់ស្រូវ និងអ្នកជំនាញដំណាំ​ដាក់ទៅ​តំបន់​ដំណាំ តែឥឡូវ​យើង​ចាប់ផ្តើម​ដំបូង ដាក់​ជំនាញស្រូវ​សិន»។

«ថ្ងៃទី២៩​កញ្ញា​នេះ ខ្ញុំបាន​ចូលរួម​ជាគ្រូ​បណ្តុះបណ្តាល​និងធ្វើ​ការតម្រង់​ទិសដល់​យុវជន​ស្ម័គ្រចិត្ត​លើការងារ​កសាង​ប្រព័ន្ធ​ពូជសុទ្ធ​នៃផលិតកម្ម​ស្រូវអង្ករមាន​គុណភាព​ខ្ពស់​សម្រាប់​ការនាំចេញ។ វគ្គបណ្តុះបណ្តាល​នេះរៀបចំ​ឡើងដោយ​អគ្គនាយកដ្ឋាន​​កសិកម្ម​នៅស្ថានីយ​កសិកម្ម​ព្រៃផ្តៅ ខេត្ត​កំពង់ស្ពឺ»។ លោក យ៉ង សាំងកុមារ បានបញ្ជាក់បន្ថែម។

លោកបានបន្ត​ថា ក្រៅពីការដាក់​ពង្រាយ​មន្រ្តីកសិកម្ម នៅតាម​ឃុំហើយ ក្រសួង​កសិកម្ម​នឹងអនុវត្ត​តាមអនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយក្រសួង​កសិកម្ម​នឹងខិតខំ​ប្រឹងប្រែង​បន្ត​ការស្រាវជ្រាវ ដើម្បី​រៀបចំ​យន្តការឱ្យឆ្លើយតប​នឹងការអភិវឌ្ឍ​ក្នុងវិស័យ​កសិកម្ម រាប់ទាំង​ការរៀបចំ​សមាគមកសិករ ដើម្បី​ចៀសវាង​ការបង្អាប់​តម្លៃពី​ឈ្មួញ ជំរុញឱ្យ​មានស្ថិរភាព​តម្លៃ ជាពិសេស​ការជំរុញ​ការធ្វើ​កិច្ចសន្យា​កសិកម្ម​ឱ្យ​បានច្រើន។

សូមជម្រាប​ថា គោលនយោបាយ​ដាក់​ពង្រាយ​មន្រ្តីឃុំ ចំនួន ១៦០០ នាក់នៅតាមឃុំ​ដែលមាន​សកម្មភាព​កសិកម្ម​នៅទូទាំង ២៥ រាជធានី-ខេត្ត ជាគោលនយោបាយ​អាទិភាពមួយ​ក្នុងចំណោម​គោលនយោបាយ​អាទិភាព​ចំនួន៦ របស់​រាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៧ នេះ។ គោលនយោបាយ នេះ ត្រូវបានលោក ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីនៃ​កម្ពុជា អះអាង​ថា នឹងជួយ​រក្សាតម្លៃ​កសិផល​របស់​ប្រជាកសិករ​កម្ពុជា និងផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៀតដល់​កសិករ​ក៏ដូចជា​លើកកម្ពស់​វិស័យ​កសិកម្ម​កម្ពុជា​ទាំងមូល​ផងដែរ៕