រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ​ឯកអគ្គរាជទូត​ប្រចាំ​កម្ពុជា បញ្ជាក់ជំហរ​យ៉ាងមុតមាំ​ក្នុងការគាំទ្រ​ដល់ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យទទួលបាន​ជោគជ័យ ដែលជាឯកសារ​បង្ហាញផ្លូវ​យ៉ាងសំខាន់​សម្រាប់ការអភិវឌ្ឍ​ប្រទេស​កម្ពុជា។

គួរជម្រាប​ថា យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី១ កម្ពុជា មាន​បាវចនាចំនួន ៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមាន​អាទិភាព​គន្លឹះ​ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ជាពិសេស​គឺ បច្ចេកវិទ្យា​ឌីជីថល សម្រាប់​ឆ្លើយតប​ទៅនឹង​បដិវត្ត​ឧស្សាហកម្ម​ទី៤ និង បរិវត្តកម្ម ឌីជីថល​នៃសេដ្ឋកិច្ច​និងសង្គម​កម្ពុជា ព្រមទាំង​តម្រូវការ​ក្នុងការលើកកម្ពស់​ផលិតភាព​សេដ្ឋកិច្ច ដែលជាគ្រឹះ​និងជាមធ្យោបាយ​ដ៏សំខាន់ៗ​នៃការសម្រេច​បាននូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ២០៥០។

ការបញ្ជាក់​របស់​ភាគី​ជប៉ុន ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក វង្សី វិស្សុត និងឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជាលោក UENO Atsushi និងសហការី ដើម្បី​សម្តែងការ​គួរសម និងពិភាក្សា​ការងារ កាលពី​ថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី។ នេះបើតាម​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា។

ក្នុងឱកាសនេះ លោក UENO Atsushi បានសម្តែង​នូវស្មារតី​សុទិដ្ឋិនិយម​ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី៧​នៃរដ្ឋសភា ដែលមាន​លោក ហ៊ុន ម៉ាណែត ជានាយក​រដ្ឋមន្ត្រី នឹងបន្តធានា​បាននូវ​សុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជូន​ប្រជាជន​កម្ពុជា។ ជាមួយគ្នានេះ​លោកសម្តែងនូវ​ការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​ក្នុងការរួមចំណែក​គាំទ្រដល់​កិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច។

ប្រភពខាងលើ​បញ្ជាក់​ថា៖«ឯកឧត្តម​ឯកអគ្គរាជទូត ក៏បាន​កោតសរសើរចំពោះ​ការរៀបចំ «យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី១» ដែលជា​ឯកសារបង្ហាញ​ផ្លូវយ៉ាងសំខាន់​សម្រាប់ការអភិវឌ្ឍ​​ប្រទេស​កម្ពុជា, ហើយបានបញ្ជាក់​ថា​រាជរដ្ឋាភិបាល​ជប៉ុន​មានឆន្ទៈ​មុតមាំ​ក្នុងការគាំទ្រ​ដល់ការ​អនុវត្ត​យុទ្ធសាស្ត្រនេះ​ឱ្យបាន​ជោគជ័យ តាមរយៈ​ការបន្សាំ​ជាមួយនឹង​ធម្មនុញ្ញ​នៃកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ របស់​ជប៉ុន។ លោកក៏នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការផ្តល់​ការគាំទ្រ​ដល់ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្នុងការ​តាមដាន និងវាយតម្លៃ​ការអនុវត្ត «យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី១» និងមុខងារ​​ផ្សេងៗ​ទៀតផងដែរ។

បន្ថែមពីនេះ​ឯកអគ្គរាជទូត បានកោត​សរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និងចក្ខុ​វិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និងបានចាត់ទុក​កម្ពុជា​ជាប្រទេស​គំរូ​មួយពាក់ព័ន្ធ​នឹងការធ្វើ​បរិវត្តកម្ម​ក្នុងប្រព័ន្ធ​ទូទាត់​ប្រាក់តាម​ប្រព័ន្ធធនាគារ។

ជាការឆ្លើយតប​លោក វង្សី វិស្សុត បានថ្លែង​ថា ជប៉ុន​ជាមិត្តដ៏ល្អ ជិតស្និទ្ធ និងស្មោះត្រង់​របស់​កម្ពុជា ក្នុងគ្រប់​កាលៈទេសៈ និងបានធ្វើ​ការវាយ​តម្លៃ​ខ្ពស់ចំពោះ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ ក្នុងវិស័យ​នយោបាយ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម បច្ចេកវិទ្យា និងការអភិវឌ្ឍ​នានា នាពេលកន្លងមកនេះ។

លោកបញ្ជាក់​ថា៖‍« កម្ពុជា-ជប៉ុន មានចំណង​ទាក់ទង​ដ៏យូរលង់ហើយ​ឆ្នាំ២០២៣ នេះ គឺជាខួបលើក​ទី៧០ ឆ្នាំ នៃចំណង​ការទូត​រវាងប្រទេស​យើង​ទាំងពីរ។ បច្ចុប្បន្ន ទំនាក់ទំនង និងចំណង​មិត្តភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ ត្រូវបាន​ពង្រឹង និងពង្រីក​ឥតឈប់ឈរ ហើយ​ត្រូវបាន​ដំឡើង​កម្រិត ជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ»។

នៅក្នុង​ឱកាសនោះដែរ រដ្ឋមន្ត្រី​ប្រចាំការ ក៏បានលើកឡើង​អំពី​អាទិភាព​សំខាន់ៗ នៃ«យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី១» ដែលផ្តោត​សំខាន់​ទៅលើការអភិវឌ្ឍ​មូលធនមនុស្ស ការបង្កើន​ប្រសិទ្ធភាព​អភិបាលកិច្ច និងការលើកកម្ពស់​សមត្ថភាព​ស្ថាប័ន​សាធារណៈ​ឱ្យកាន់តែ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឆ្លើយតបទៅនឹង​សេចក្តី​ត្រូវការរបស់​ប្រជាជន​កម្ពុជា និងធានា​​ឱ្យបាន​នូវ​ចីរភាព​នៃការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច សំដៅ​ឈានឆ្ពោះទៅ​សម្រេច​មហិច្ឆតា​ក្លាយជាប្រទេស​មានចំណូល​ខ្ពស់​នៅឆ្នាំ២០៥០។

លោក វង្សី វិស្សុត ក៏បានលើកឡើង​អំពីលទ្ធភាព​ក្នុងការពង្រឹង​សហការជាមួយ​រាជរដ្ឋាភិបាល​ជប៉ុន​ក្នុងការលើកកម្ពស់​ប្រសិទ្ធភាព​អភិបាលកិច្ច ការកសាង​ស្ថាប័ន​សាធារណៈមួយដែល​រឹងមាំ​និងឆ្លើយតប​ទៅនឹង​តម្រូវការ​របស់ប្រជាពលរដ្ឋ និងជាពិសេស​ការតាក់តែង​ច្បាប់ និងរៀបចំ​ក្របខ័ណ្ឌ​គតិយុត្តដែល​មានសង្គតិភាព ប្រសិទ្ធភាព ងាយស្រួល​ក្នុងការ​អនុវត្ត និងព្រមទាំង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច៕