ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) បានប្តេជ្ញាចិត្តក្នុងការជួយអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសសំដៅពង្រឹងនិងពង្រីកលទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ។
ការប្តេជ្ញាចិត្តរបស់ AFD នេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលអមដំណើរដោយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD)។ កិច្ចពិភាក្សាក្នុងជំនួបនេះបានគ្របដណ្តប់លើប្រធានបទជាច្រើនស្តីពីសកម្មភាពកិច្ចសហប្រតិបត្តិការរបស់ AFD នៅកម្ពុជានាពេលកន្លងមក។ នេះបើតាមធនាគារជាតិនៃកម្ពុជា។
នាឱកាសនោះ លោកស្រី Sandrine Boucher បានលើកឡើងពីសកម្មភាពការងាររបស់ AFD នៅកម្ពុជាដែលរួមមានដូចជាការផ្តល់ហិរញ្ញប្បទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការផ្តល់ជំនួយបច្ចេកទេសដល់ស្ថាប័នហិរញ្ញវត្ថុនានារួមទាំងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សំដៅគាំទ្រដល់ការពង្រឹងសមត្ថភាពស្ថាប័ននិងរួមចំណែកលើកកម្ពស់គោលកាណ៍ការពារអតិថិជន។
បើតាមប្រភពខាងលើ លោកស្រី Sandrine បានបញ្ជាក់ថា AFD ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមទៀត និងរីករាយបន្តកិច្ចសន្ទនាដោយបើកចំហជាមួយធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធដើម្បីលើកកម្ពស់ការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ»។
បន្ថែមលើនេះ លោកស្រីក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់ AFD លើផ្នែកផ្សេងទៀតដូចជា ហិរញ្ញប្បទានបៃតង ថាមពល ទឹកស្អាត និងអគ្គិសនី ជាដើម។
ស្របពេលជាមួយគ្នានោះលោកស្រី ជា សិរី បានកោតសសើរដល់ AFD ដែលបានចូលរួមគាំទ្រការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានាពេលកន្លងមក។ លោកស្រីបញ្ជាក់ថា ៖«យើងសូមអរគុណចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ AFD ក្នុងការបន្តសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបន្ថែមទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឱ្យប្រសើរឡើងនៃជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច»។
ក្នុងឱកាសនោះដែរ លោកស្រីទេសាភិបាល ក៏បានស្នើបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ការបណ្តុះបណ្តាលជាពិសេសសម្រាប់មជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រីកវិសាលភាព និងគុណភាពសិក្សា រួមទាំងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា និងមុខវិជ្ជាសិក្សា។ បន្ថែមពីនេះលោកស្រី បានស្នើឱ្យ AFD ជួយពង្រឹងសមត្ថភាពមន្រ្តីបុគ្គលិកលើផ្នែកគ្រប់គ្រងសារមន្ទីរនិងជំនាញទាក់ទងធនាគារកណ្តាលតាមរយៈការផ្តល់អាហារូបករណ៍ ឬការចែករំលែកជំនាញពីជំនាញការប្រទេសបារាំង៕