អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជានៃអង្គការសហប្រជាជាតិ បានសន្យាជួយគាំទ្រលើការងារអាទិភាពនានារបស់ក្រសួងបរិស្ថាន ដែលរួមមានការគ្រប់គ្រងកាកសំណល់ ការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅរកការបង្កើនគម្របព្រៃឈើ ៦០% និងការលើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។
ការថ្លែងគាំទ្ររបស់លោកស្រី Kristin PARCO ប្រធានបេសកកម្ម អង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្រចាំកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣។ នេះបើតាមក្រសួងបរិស្ថាន។
ក្នុងឱកាសនោះដែរ មន្រ្តីគម្រោងជំនាញនៃ IOM បានរាយការណ៍លម្អិតអំពីគម្រោងការងារសិក្សាស្រាវជ្រាវស្តីពី បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលត្រូវការកិច្ចសហការនិងការចូលរួមគាំទ្រផ្នែកបច្ចេកទេស ពីអ្នកជំនាញនៃក្រសួងបរិស្ថាន។
ជាការឆ្លើយតបលោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការគាំទ្រលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដោយលោកបានផ្តល់អនុសាសន៍ទៅកាន់ IOM ត្រូវធ្វើយ៉ាងណា ជួយបង្ខើចពេលវេលានៃការសិក្សាស្រាវជ្រាវឱ្យខ្លីជាងមុនដើម្បីឆាប់បានឆ្លើយតបលើការសិក្សាស្រាវជ្រាវនេះឱ្យបានលឿន និងរហ័សទាន់សភាពការណ៍។ លោកថា៖«បន្ថែមពីនេះ IOM គួរតែគិតគូរផងដែរ លើសុវត្ថិភាពនៃការបំលាស់ទីរបស់ធនធានមច្ឆាជាតិនៅក្នុងបឹងទន្លេសាប ពីព្រោះថាកន្លងមក IOM បានផ្តោតតែលើការចំណាកស្រុកដោយសុវត្ថិភាពរបស់មនុស្សប៉ុណ្ណោះ»។
លើសពីនេះ លោកក៏បានផ្តោតលើយុទ្ធសាស្រ្ត ក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក ដែលក្រសួងបានដាក់ចេញនេះ នឹងបានស្នើឱ្យឈប់ប្រើថង់ប្លាស្ទិកតែ១ថ្ងៃប៉ុណ្ណោះក្នុង ១ សប្តាហ៍ ក្នុងជំហានដំបូង។
លោកថា៖«ការស្នើបែបនេះ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថង់ប្លាស្ទិក ហើយបន្ទាប់ពីពួកគាត់ទម្លាប់ឈប់ប្រើថង់ប្លាស្ទិក បាន ១ ថ្ងៃហើយ នឹងឈានទៅបញ្ចប់ការប្រើប្រាស់ទាំងស្រុង នាពេលអនាគត»។
ជុំវិញរឿងនេះលោកស្រី Kristin PARCO បានយល់ស្របចំពោះការលើកឡើងរបស់លោករដ្ឋមន្រ្តី ហើយជឿជាក់លើការងារអាទិភាពរបស់ក្រសួងនឹងសម្រេចបានលឿន ឆាប់រហ័ស តាមរយៈយុទ្ធសាស្រ្ត វៃឆ្លាត។
គួរជម្រាបថា ការងារអាទិភាពរបស់ក្រសួងបរិស្ថាន កំពុងអនុវត្ត គឺស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និង៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការចំណងការទូតនានា៕