ភ្នំពេញៈ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១ ខែតុលាថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្តបាត់ដំបងបានស្រកទៅវិញបន្តិចហើយ និងមិនមានអ្វីដែលគួរឱ្យបារម្ភនោះទេ ខណៈផ្ទៃមេឃក៏ស្រឡះល្អ និងមានថ្ងៃរះច្បាស់ ខណៈស្ថានភាពទឹកស្ទឹងពោធិ៍សាត់ក៏បានស្រកជាង ២ តឹកផងដែរនៅថ្ងៃដដែលនេះ។
លោកបានឱ្យដឹងទៀតថា ទឹកជំនន់ទឹកភ្លៀងនៅក្នុងខេត្តបាត់ដំបង មានរយៈពេលខ្លី តែវាក៏បានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាជនច្រើនគ្រួសារផងដែរប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ព្រោះទឺកឆាប់ស្រកទៅវិញលឿន ជាមួយនឹងការត្រៀមខ្លួន និងការយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះផងដែរ។
លោកសុខ លូ បញ្ជាក់ថា៖ «នៅពេលចាប់ផ្តើមមានជំនន់ទឹកភ្លៀង យើងបានត្រៀម និងប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័តុ្ន ហើយអាជ្ញាធរពាក់ព័ន្ធក៏ត្រៀមជម្លៀសពលរដ្ឋ ដែលរងផលប៉ះពាល់ទៅកាន់ទីទួលសុវត្ថិភាពផងដែរ ជាពិសេស បងប្អូនដែលរស់នៅតាមដងស្ទឹងសង្កែយើងហ្នឹងតែម្តង។ និយាយរួម ទឹកឥឡូវស្រកអស់ហើយ អត់មានបញ្ហាអីទៀតទេ»។
ចំណែក លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ក៏បានប្រាប់ឱ្យដឹងដែរថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ បានស្រកខ្លះទៅវិញហើយខណៈទឹកក្នុងស្ទឹងពោធិ៍សាត់ក៏បានស្រកជាង២តឹកផងដែរ។ ទោះជាយ៉ាងណា បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នឹងមានភ្លៀងធ្លាក់មកទៀតនៅសប្តាហ៍ទី១នៅក្នុងខែតុលានេះ ដោយសារកម្ពុជាទទួលរងនូវសម្ពាធទាប ប៉ុន្តែមិនទាន់ដឹងថា តើកម្រិតទឹកយ៉ាងណានៅឡើយទេ?។
លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១ ខែតុលា ក៏បានជួបពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ក៏ដូចជាការផ្តល់ស្បៀង និងស្រូវពូជជាដើម ជាពិសេសពិនិត្យលើការស្តារហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានលឿនបំផុតក្រោយទឺកស្រកអស់។
យោងតាមហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារអន្ដរក្រសួង និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តធ្វើការរួមគ្នាទៀត ដើម្បីពិនិត្យ តាមដាន និងឈានទៅដោះស្រាយបញ្ហានានាដែលប្រជាជនជួបប្រទះ នៅពេលវាយតម្លៃពីផលប៉ះពាល់រួចរាល់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០ ខែកញ្ញា បានចេញសារតាមប្រព័ន្ធតេឡេក្រាម ដោយបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ, កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។
លោកក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមសហការ និងចាកចេញពីទីកន្លែងជន់លិចទៅកាន់ទីទួលសុវត្ថិភាព ហើយក៏សូមមើលថែទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានា។
យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឱ្យដឹងថា នៅក្នុងថ្ងៃបន្តបន្ទាប់នេះប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ ឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ស្ថានភាពគ្រោះមហន្តរាយទឹកជំនន់បានធ្វើឱ្យប៉ះពាល់ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តកំពង់ធំ រងនូវផលប៉ះពាល់ដល់លំនៅឋាន ស្រូវ និងដំណាំផ្សេងៗ យ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ខេត្តពោធិ៍សាត់ ប៉ះពាល់៤ ក្រុង-ស្រុក ស្មើនឹង ២១ ឃុំ-សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៣៤១០គ្រួសារ,ផ្ទះ២ ៧៨៥ខ្នងស្រូវ ៥៤៤ហិកតា និងជម្លៀសពលរដ្ឋ ១៤១គ្រួសារ។
ប្រភពដដែលថា សម្រាប់ខេត្តបាត់ដំបងវិញ ទឹកហូរកាត់ផ្លូវ មួយចំនួនក្នុងក្រុង និងនៅស្រុកសំឡូត ស្រុកថ្មគោល និងស្រុកឯកភ្នំ មានផលប៉ះពាល់ស្រូវ ប្រមាណ ៥ ០០ហិកតា និងប៉ះពាល់ផ្លូវមួយចំនួនទៀត។ ដោយឡែក ទឹកជំនន់នៅខេត្តប៉ៃលិនប៉ះពាល់ផ្ទះប្រជាជនប្រមាណ ២១ខ្នង រីឯខេត្តកំពង់ធំ បានធ្វើឱ្យប៉ះពាល់ ៧ក្រុង-ស្រុក ២៩ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ៦ ២៤៧គ្រួសារ, ប៉ះពាល់ផ្ទះ ២ ៧២៥ខ្នង, ប៉ះពាល់ស្រូវ ៣ ៥៦២ហិកតា និងប្រជាជនជម្លៀស ២១៣គ្រួសារ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ដែរថា ខេត្តនៅជាប់មាត់សមុទ្រ និងតាមដងទន្លេមេគង្គ មិនមានផលប៉ះពាល់នោះទេ៕