ក្រចេះ/ភ្នំពេញៈ អ្នកចូលរួមប្រមាណ៣៥០នាក់ មកពីអង្គការ មន្រ្តីអាជ្ញាធរ ក្រុមហ៊ុនឯកជន និងសហគមន៍បានរួមគ្នាដាំកូនឈើចំនួន២ ០២៣ដើម នៅដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះ នាពេលថ្មីៗនេះ ក្នុងកម្មវិធី“ដាំកូនឈើ និងស្តារទីជម្រកធម្មជាតិដើម្បីសុខុមាលភាពបរិស្ថាន និងមនុស្ស”។
យោងតាមអង្គការWWFកម្ពុជា និងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌានាថ្ងៃទី២៨ ខែកញ្ញាបានឱ្យដឹងថា កម្មវិធីដាំកូនឈើនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងស្តារទីជម្រកសត្វព្រៃ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើនិងការអភិរក្សជីវចម្រុះក្នុងតំបន់ ដើម្បីរក្សាលំនឹងបរិស្ថាន និងធានាសុខុមាលភាពមនុស្សនិងធម្មជាតិ។
ដែនជម្រកសត្វព្រៃសំបូរដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្តាល ភាគខាងជើងនៃប្រទេសកម្ពុជា គឺជា ទីជម្រកសំខាន់ សម្រាប់ជីវចម្រុះនានា រួមមានពពួកសត្វបក្សី ថនិកសត្វ ល្មូន និងមច្ឆជាតិ និងមានប្រភេទសត្វកម្របំផុតសម្រាប់ថ្នាក់ជាតិ តំបន់ និងពិភពលោកផងដែរ។ ពពួកបក្សីមានប្រមាណជិត៣០០ប្រភេទ ត្រូវបានកត់ត្រានៅក្នុងតំបន់នេះ។
ក្នុងនោះមានប្រភេទដែលបានចាត់ថ្នាក់នៅក្នុងបញ្ជីក្រហមនៃអង្គការIUCN ជាប្រភេទ"កំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត" មានដូចជាសត្វត្រយងចង្កំកស ត្រយងយក្ស និងត្មាតទាំង៣ប្រភេទ(ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ) និងចំណាត់ថ្នាក់ជាប្រភេទ"ងាយរងគ្រោះថ្នាក់" ចំពោះប្រភេទសត្វរំពេទន្លេ និងសត្វត្រដក់តូច និងថ្មីៗនេះក៏ឃើញមានវត្តមានសត្វក្រៀលផងដែរ។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្រៅពីការដាំដើមឈើរួមគ្នា ក៏មានការចម្អិន និងហូបអាហាររួមគ្នា និងការផ្លាស់ប្តូរការសិក្សាអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ។ ការដាំដើមឈើរួមគ្នានៅទីនោះគឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះនៅដែនជម្រកសត្វព្រៃសំបូរ។ តំបន់ការពារនោះ គឺសម្បូរទៅដោយជីវចម្រុះដែលផ្តល់ប្រភពចំណូល និងធនធានធម្មជាតិដ៏សំខាន់សម្រាប់ប្រជាជនក្នុងតំបន់។
ហេតុនេះ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានបរិច្ចាគដើមឈើសរុបចំនួន ២០២៣ដើម ក្នុងនោះមានដើមឈើគ្រញូងចំនួន ១២ប្រភេទត្រូវបានរដ្ឋបាលព្រៃឈើខេត្តក្រចេះណែនាំឱ្យដាំសម្រាប់ការស្តារឡើងវិញលើដីដែលខូចគុណភាពដើម្បីការពារដែនជម្រកសត្វព្រៃការពារធម្មជាតិប្រឆាំងនឹងទឹកជំនន់ ការប្រែប្រួលអាកាសធាតុ លើកកម្ពស់គុណភាពទឹក និងគាំទ្រដល់ទេសចរណ៍ធម្មជាតិតាមសហគមន៍។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖«អ្នកចូលរួមត្រូវបានសហគមន៍ស្វាគមន៍យ៉ាងកក់ក្តៅដោយមានការចម្អិនម្ហូបនិងពិសាអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់រួមគ្នាដោយប្រើផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបរិស្ថានធម្មជាតិរបស់សហគមន៍»។
លើសពីនោះពលរដ្ឋនៅក្នុងសហគមន៍បានប្រាប់ពីរបៀបដែលពួកគេថែរក្សាភាពស្រស់ស្អាតនៃបរិស្ថានធម្មជាតិ ក៏ដូចជាក្តីសង្ឃឹមនិងក្តីសុបិនរួមគ្នាក្នុងការបង្កើនបរិស្ថានអនាគតបៃតងក្នុងសហគមន៍ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាពរួមគ្នានិងតម្លៃសង្គម។
លោកសេង ទៀក នាយកប្រចាំប្រទេសនៃWWFCambodia បានថ្លែងក្នុងឱកាសនោះថា ការធ្វើការរួមគ្នាក្នុងភាពជាដៃគូរវាងស្ថាប័នសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត មានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសការងារល្អប្រសើរសម្រាប់ការអភិរក្សដោយផ្តោតលើសុខុមាលភាពតែមួយសម្រាប់ធម្មជាតិ សត្វ និងមនុស្ស។
លោកបានបញ្ជាក់ថា៖«ខ្ញុំទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងអង្គការមូលនិធិសត្វព្រៃពិភពលោកនិងក្រុមហ៊ុន ហ៊ិននីគែនលើការការពារធនធានធម្មជាតិនិងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ៕