ភ្នំពេញៈ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ២០៤ ដុល្លារក្នុង ១ខែ សម្រាប់ឆ្នាំ២០២៤ មក ក្រុមសមាគមតំណាងឱ្យខាងនិយោជក បានចេញសេចក្តីថ្លែងការណ៍ និងញត្តិគាំទ្រ ប៉ុន្តែតំណាងកម្មករនិយោជិត អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សម្តែងការខកចិត្ត។
សេចក្តីថ្លែងការណ៍ និងញត្តិរបស់សមាគមទាំងនោះរួមមាន សមាគម កាបូប ស្បែកជើង និងអេឡិចត្រូនិកកម្ពុជា, សមាគម ស្បែកជើងកម្ពុជា,សមាគមប្រឹក្សាការងារកម្ពុជា,សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជានិងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាជាដើម។
សេចក្តីថ្លែងការណ៍និងញត្តិគាំទ្រ របស់សមាគមទាំងនេះ បានឱ្យដឹងទៀតថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ២០៤ដុល្លារនេះបូករួមនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត នោះមានន័យថា បងប្អូនកម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួលប្រចាំខែចន្លោះ ២២១ ដុល្លារ រហូតដល់ ២៣២ដុល្លារ។ កម្ពុជាត្រូវរក្សានូវភាពប្រកួតប្រជែងរបស់របស់អ្នកវិនិយោគដែលមានស្រាប់ និងទាក់ទាញអ្នក វិនិយោគថ្មីផងដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្លាំងពលកម្មវ័យក្មេងដែលត្រូវដល់ អាយុត្រូវចូលប្រឡូកក្នុងទីផ្សារការងារ។
ក្រុមសមាគមតំណាងនិយោជកបានបញ្ជាក់ថា៖«យើងខ្ញុំសង្កេតឃើញថា ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា នៅតែបន្តធ្វើជារៀងរាល់ឆ្នាំ ហើយក៏មានការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ដែលធ្វើឡើងស្របតាមលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច និងសង្គម និងទិន្នន័យពីប្រភពផ្លូវការ រួមជាមួយនឹងការគិតគូរវែងឆ្ងាយដោយផ្តោតសំខាន់ក្នុងការរក្សានូវការងារ និងវិនិយោគដែលជាប្រភពចំណូល របស់បងប្អូនកម្មករ និយោជិត ខណៈមិនទាន់មានប្រទេសណាផ្សេងនៅក្នុងតំបន់ ត្រូវបានដំឡើងប្រាក់ឈ្នួលអប្បបរមានេះនៅឡើយទេ»។
ទន្ទឹមនឹងការបង្ហាញពីការគាំទ្រ ក្រុមសមាគមតំណាងនិយោជក តាមរយៈញត្តិគាំទ្រនេះ បានឱ្យអ្នកបញ្ជាទិញអន្តរជាតិមេត្តាបន្តបញ្ជាទិញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបពីកម្ពុជា និងបានស្នើសុំរាជរដ្ឋាភិបាលជួយកាត់បន្ថយចំណាយគ្រប់រូបភាព និងគ្រប់ទម្រង់របស់និយោជក ឬម្ចាស់សហគ្រាស ដើម្បីរក្សាបាននូវកម្លាំងប្រកួតប្រជែង និងមានលទ្ធភាពបន្តដំឡើងប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតទៅថ្ងៃមុខបន្តទៀត។
ផ្ទុយពីក្រុមសមាគមតំណាងនិយោជក ខាងសហជីព តំណាងកម្មករនិយោជិត អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ធ្វើការលើវិស័យ សិទ្ធិការងារ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានសម្ដែងនូវការខកចិត្តជាខ្លាំង ដែលកម្មករនិយោជិតពុំអាចទទួលបានប្រាក់ឈ្នួលអប្បបរមា ២១៣ ដុល្លារក្នុង ១ខែ នៅឆ្នាំ២០២៤ បែរជាបានត្រឹមតែ ២០៤ ដុល្លារ ក្នុង ១ខែវិញ។
ក្រុមតំណាងកម្មករនិយោជិត បានថ្លែងថា កន្លងមកដំណើរក្នុងការចរចាជាត្រីភាគី ក្រុមសហជីពដែលឯករាជ្យ តែងតែទាញយកទឡ្ហីករណ៍ និងលើកយកអំណះអំណាង ដោយផ្អែកលើលក្ខណវិនិច្ឆ័យទាំង ៧ ចំណុច ដែលដាក់ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកធ្វើបទបង្ហាញ ដោយភាគីពាក់ព័ន្ធនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាក៏បានទទួលស្គាល់ថា ចំណូលកម្មករធ្លាក់ចុះ អតិផរណាកើនឡើង ដែលធ្វើឱ្យកម្មករជួបបញ្ហាលំបាកកាន់តែខ្លាំងឡើង។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី៣០ ខែកញ្ញា បាននិយាយថា ការដំឡើងអត្រា៤ដុល្លារ បន្ថែមលើប្រាក់ឈ្នួលចាស់២០០ដុល្លារ សម្រាប់ ២០៤ ដុល្លារ ក្នុងឆ្នាំ២០២៤ ដែលបានបញ្ចប់កាលពីថ្ងៃទី២៨ ថ្មីៗនេះ គឺការឆ្លើយតបទៅនឹងអនុសាសន៍របស់នាយករដ្ឋមន្ត្រី ដោយត្រូវពន្លឿនឱ្យបានចប់មុនភ្ជុំបិណ្ឌមកដល់។
លោកបានបញ្ជាក់ថា៖«យើងឃើញថា បងប្អូនកម្មករនិយោជិតផ្នែកវាយភណ្ឌកាត់ដេរសព្វថ្ងៃនេះមានជាង៨៣ម៉ឺននាក់ ការបន្ថែម ៤ ដុល្លារ គឺនិយោជកត្រូវចំណាយជាង ៤០ លានដុល្លារក្នុង ១ឆ្នាំ។ តួលេខនេះគឺជាការព្រមព្រៀងគ្នាពីគ្រប់ភាគី។ យើងមិនអាចទាមទារប្រាក់ដែលយើងចង់បានតាមចិត្ត ទាំងដែលនិយោជកគ្មានលទ្ធភាពនោះទេ»។
ជាមួយគ្នានោះដែរលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិយល់ឃើញថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២៤ ខាងមុខ វាមិនមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែដោយទៅតាមវិបត្តិសកល គឺអាចទទួលយកបាន ខណៈដែលកម្មករនិយោជិតមួយចំនួនមិនសូវខ្វាយខ្វល់ពីការដំឡើងនេះនោះទេ ដោយសារតែភាគច្រើន គាត់ខ្វាយខ្វល់ពីការមានការងារធ្វើ។
លោក ហ្វា សាលី បានបញ្ជាក់ថា៖ «យើងឃើញថា បើសិនជាយើងទាមទារហួសហេតុវាធ្វើឱ្យបរិយាកាសវិនិយោគអាប់អួ សម្រាប់ពេលដែលបច្ចុប្បន្ន យើងពុំសូវមានការងារធ្វើ។ ម្យ៉ាងប្រទេសនៅក្នុងតំបន់អាស៊ានយើងនេះ សម្រាប់ផ្នែកវាយនភណ្ឌកាត់ដេរនេះ មិនមានប្រទេសណាមួយដំឡើងប្រាក់ឈ្នួលនោះទេ»។
សូមជម្រាបថា ការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ សម្រាប់កម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប ដែលត្រូវបានដំឡើងដល់២០៤ដុល្លារអាមេរិកក្នុង១ខែនេះ បូករួមនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេង ទៀត នោះមានន័យថា បងប្អូនកម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួលប្រចាំខែចន្លោះ ២២១ ដុល្លារ រហូតដល់ ២៣២ដុល្លារ។នេះបើតាមក្រុមតំណាងសមាគមនិយោជក៕