ភ្នំពេញៈ សមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋានអប្បបរមាដល់គ្រូបង្រៀនក្នុង ១ខែៗ ឱ្យបានស្មើ ១ ភាគ៤ នៃប្រាក់ខែ តំណាងរាស្ត្រ ក្នុងឱកាស ដែលសមាគមនេះ គ្រោងនឹងរៀបចំទិវាគ្រូបង្រៀននៅទីលានប្រជាធិបតេយ្យខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចុះនៅថ្ងៃទី៣០ ខែកញ្ញា បានឱ្យដឹងថា ដើម្បីអបអរសាទរទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងរៀបចំប្រារព្ធទិវានេះនៅទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងដើម្បីលើកកម្ពស់សេរីភាពសមាគម និងកែលម្អកម្រិតស្ថានភាពនៃគ្រូបង្រៀន នាំឱ្យការអប់រំទទួលបានគុណភាពល្អ។
សេចក្តីប្រកាសថា៖ «ក្នុងឱកាសទិវាគ្រូបង្រៀនពិភពលោក សមាគម សូមធ្វើការទាមទារឱ្យរាជរដ្ឋាភិបាល ដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋានអប្បបរមាជូនគ្រូបង្រៀនក្នុង១ខែៗឱ្យបានស្នើ១/៤នៃប្រាក់ខែតំណាងរាស្ត្រ»។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនបានបញ្ជាក់ថា ប្រាក់ឈ្នួលដែលសមាគមទាមទារនេះ មានប៉ុន្មាននោះទេ ប៉ុន្តែសមាគមក៏បានទាមទារឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ផ្ដល់សេរីភាពដល់លោកគ្រូ-អ្នកគ្រូ ឱ្យបានពេញលេញ ជាពិសេសបញ្ឈប់ការរើសអើងចំពោះសមាគម និងគ្រូបង្រៀននៅកន្លែងការងារ។
ទាក់ទងនឹងការទាមទារនេះដែរ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១ ខែតុលាថា ទិវាគ្រូបង្រៀន គឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះជាការលើកតម្កើង និងលើកទឹកចិត្តឱ្យលោកគ្រូ-អ្នកគ្រូដែលពួកគាត់ជាអ្នកកាន់អាជីពជាគ្រូបង្រៀន មានមោទនភាពលើខ្លួនឯងដែលបានបំពេញការងារជាគ្រូបង្រៀនកន្លងមកនេះ ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង តែងតែលើកទឹកចិត្តណាស់ដល់គ្រូបង្រៀនកម្ពុជា។
លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា៖ «ទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំនេះ បានធ្វើឱ្យលោកគ្រូអ្នកគ្រូមានមោទនភាពដែលបានចាប់យកអាជីពជាគ្រូបង្រៀន ហើយគាត់នឹងខិតខំបំពេញការងារនេះបន្តឱ្យបានកាន់ល្អប្រសើរថែមទៀត»។
ចំណែក អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកកាន់ ពុទ្ធី មិនអាចទាក់ទងសុំការអធិប្បាយបានទេនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។
យោងតាមលិខិតស្ដីពីការជូនដំណឹងអំពីការប្រារព្វទិវាគ្រូបង្រៀន ដែលបានចុះហត្ថលេខាដោយលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដាក់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំការរៀបចំទិវានេះកាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងមកនេះ សមាគមគ្រូបង្រៀន នឹងរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ៖ «សេរីភាពសមាគម»។
លោកស្រី អ៊ុក ឆាយ៉ាវី បានលើកឡើងតាមរយៈលិខិតនេះថា ទិវាគ្រូបង្រៀនដែលធ្វើឡើងខាងមុខនេះ នឹងមានអ្នកចូលរួមសរុបចំនួន ១៥០នាក់ ដែលមកពីសិស្ស-និស្សិត យុវជន លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល កម្មករ សហជីព អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។
លោកស្រីបន្ថែមថា ៖ «នៅក្នុងទិវានេះដែរ សមាគមនឹងមានការដង្ហែក្បួន ចេញពីទីលានប្រជាធិបតេយ្យ ដើម្បីដាក់ញត្តិជូនក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋសភា»។
សូមបញ្ជាក់ដែរ ទិវាគ្រូបង្រៀនពិភពលោកត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ ខែតុលា ជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៣នេះដែរ គ្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឱ្យមានការសរសេរជាអត្ថបទ វីដេអូ រូបភាព អត្ថបទចម្រៀង កំណាព្យ ឬរឿងនិទាន ជូនលោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យរបស់អ្នក ក្នុងទិវាគ្រូបង្រៀន០៥ តុលា ២០២៣ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព»៕