ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ កាលពីថ្ងៃទី ៣០ ខែកញ្ញា បានប្រកាសឱ្យដឹងថា មន្ត្រីឡាវបានជួយសង្គ្រោះស្ត្រីខ្មែរចំនួន ៦ នាក់ ក្នុងចំណោម ៧ នាក់ ដែលពួកគេត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការ នៅខេត្តបកែវ ប្រទេសឡាវ។
បើតាមស្ថានឯកអគ្គរាជទូតកម្ពុជា ជនជាតិខ្មែរទាំងនេះបានរត់គេចចេញពីកន្លែងធ្វើការងារ និងបានផ្សព្វផ្សាយ តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយអំពាវនាវឱ្យសមត្ថកិច្ច ជួយកាលពីព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ថ្ងៃដដែលដែលពួកគាត់ត្រូវបានជួយសង្គ្រោះនោះ។
បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម នៅថ្ងៃដដែលនោះ ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានទាក់ទងជាមួយនឹងមន្ត្រីសមត្ថកិច្ចឡាវនៅតំបន់នោះ ដោយប៉ុន្មានម៉ោងក្រោយពីស្ត្រីរងគ្រោះបានធ្វើការបន្តផ្ទាល់ (Live) តាមរយៈវីដេអូហ្វេសប៊ុក ហើយនៅម៉ោង ៣ និង ៣០ នាទី រសៀល កម្លាំងសមត្ថកិច្ចឡាវ បានរកឃើញទីតាំង និងជួយសង្គ្រោះពួកគេ បានចំនួន ៦ នាក់ បញ្ជូនទៅទីកន្លែងសុវត្ថិភាព។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានបញ្ជាក់ថា៖ «ស្ត្រីខ្មែរ ១ នាក់ទៀត ដែលមិនបានរត់គេចចេញបានដោយសារគាត់មានអាការ មិនស្រួលខ្លួន និងងើបមិនរួច កំពុងបន្តស្នាក់នៅកន្លែងធ្វើការនោះដដែល។ មន្ត្រីប៉ូលិសឡាវ នឹងបន្តខិតខំជួយសង្គ្រោះ នៅពេលឆាប់ៗនេះ ដែលស្ថានទូតខ្មែរ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរឡាវ ដើម្បីឱ្យពួកគេមានសេរីភាពឡើងវិញ»។
ជនរងគ្រោះរងគ្រោះបានបង្ហាញសារពីក្ដីបារម្ភសុំរកអន្តរាគមន៍ជួយសង្គ្រោះពីអាជ្ញាធរពាក់ព័ន្ធហើយបានបង្ហោះជាវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយពួកគេត្រូវបានបញ្ជូនមកធ្វើការនៅតំបន់១កន្លែងក្នុងខេត្តបកែវ ប្រទេសឡាវ ហើយពួកគេមានបញ្ហាជំពាក់លុយដែលមិនអាចដោះស្រាយបានត្រូវបានគេត្រៀមដើម្បីលក់បន្តទៅកាន់ប្រទេសទី ៣ ទៀត។
ជនរងគ្រោះបានឱ្យដឹងថា៖ «សូមបងប្អូនជួយពួកខ្ញុំផង។ខ្ញុំត្រូវបានគេបញ្ជូនមកឡើងធ្វើការ ដើម្បីរកលុយ ពេលដែលខ្ញុំមកខ្ញុំជំពាក់លុយគេ។ ឥឡូវនេះគេកំពុងតែចង់យកខ្ញុំទៅលក់បន្តនៅប្រទេសផ្សេង។ខ្ញុំពិតជាខ្លាចសុំប៉ូលិសនៅខ្មែរជួយខ្ញុំផង»។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១ ខែតុលាថា ការជួយសង្គ្រោះពលរដ្ឋខ្មែរទាំង ៧ នាក់នៅប្រទេសឡាវនេះគឺជាកិច្ចសហការរវាងអាជ្ញាធរខ្មែរ និងឡាវផ្ទាល់ ដែលនេះគឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះជនរងគ្រោះ ជាជនជាតិខ្មែរនៅក្រៅប្រទេសឱ្យទាន់ពេលវេលា។
លោកស្រីថា ជនជាតិខ្មែរទាំងនេះកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព និងការគ្រប់គ្រងដោយអាជ្ញាធរឡាវ និងការជ្រោមជ្រែងរបស់មន្ត្រីស្ថានទូតខ្មែរនៅទីនោះផងដែរ ។
លោកស្រីថា៖ «យើងចង់បានកិច្ចសហការបែបនេះជាមួយបណ្តាប្រទេសជិតខាងរបស់យើង ជាពិសេសនៅតាមបណ្តោយព្រំដែន ក្នុងការបង្ក្រាបបទល្មើស និងជួយសង្គ្រោះជនរងគ្រោះពីបទល្មើសគ្រប់រូបភាព មិនថាការឆបោកទៅធ្វើការនៅក្រៅប្រទេស និងបទល្មើសជួញដូរមនុស្សដទៃទៀតនោះទេ»។
លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងបន្តដុតដៃជើងក្នុងការបង្ក្រាបបទល្មើសដូចជា បទល្មើសឆបោក ជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ និងបទល្មើសដទៃទៀតនៅក្នុងប្រទេស និងក្រៅប្រទេស ដែលទាំងនេះកម្ពុជាបាននិងបន្តកិច្ចសហការជាមួយបណ្តាប្រទេសដៃគូក្នុងការទប់ស្កាត់ និងបង្ក្រាបករណីទាំងនេះ។
លោកស្រីថា៖ «យើងមិនដែលបដិសេធនោះទេថា កម្ពុជាគ្មានបទល្មើសទាំងនេះ ក៏ប៉ុន្តែរបាយការណ៍របស់អង្គការមួយចំនួនហាក់បីដូចជាតួលេខច្រើនពេក ច្រើនរហូតយើងទទួលយកអត់បាន។ យើងទាមទារឱ្យពួកគាត់ហ្នឹង មកចូលរួមកិច្ចសហការជាមួយយើងផ្ទាល់ អង្គុយតុ និងពិភាក្សាគ្នារកដំណោះស្រាយ បង្ក្រាបជាមួយគ្នា យើងមិនទាមទារនូវការធ្វើការតាមរបាយការណ៍អង្គការមួយចំនួននោះទេ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា ករណីឆបោកជនជាតិខ្មែរទៅធ្វើការនៅក្រៅប្រទេសនេះពុំទាន់ស្ងាត់នោះទេមួយរយៈមកនេះ ក៏ប៉ុន្តែដោយសារកម្ពុជាបាននិងកំពុងមមាញឹកបង្ក្រាបបទល្មើសនៅក្នុងប្រទេសដូចជា ការបង្ខាំងមនុស្សខុសច្បាប់ ល្បែងអនឡាញ និងការជួញដូរមនុស្សខុសច្បាប់ ទើបធ្វើឱ្យពុំមានការប្រកាសណាមួយទាក់ទងនឹងបទល្មើសនេះ។
លោកបានប្រាប់ថា៖ «អង្គការរបស់យើងបានទទួលពាក្យបណ្តឹងជាបន្តបន្ទាប់ទាក់ទងនឹងការឱ្យជួយអន្តរាគមន៍ជនជាតិខ្មែរដែលត្រូវបានបោកប្រាស់ទៅធ្វើការនៅក្រៅប្រទេស យើងទទួលស្គាល់ហើយថាកម្ពុជាមិនទុកចោលបញ្ហាទាំងនេះទេ មើលឃើញថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងបន្តចាត់វិធានការបង្ក្រាបបទល្មើសទាំងនេះ»។
យោងតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី ១ ខែតុលា បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ៕
វង្ស ដារាវ៉ាឌី