ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងរៀបចំក្រុមការងារប្រមាណ ៦០០ នាក់ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តប្រមាណ ៣ ០០០ នាក់ សម្រាប់ឃ្លាំមើលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ACU បានចូលរួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា អស់រយៈពេល ៩ ឆ្នាំប្រកបដោយផ្លែផ្កា ដើម្បីធានាតម្លាភាព និងយុត្តិធម៌ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។ នេះបើតាមលោកសយ ចន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងនៅថ្ងៃទី ១ តុលា ឆ្នាំ ២០២៣។
លោកថ្លែងថា៖«លទ្ធផលពីការសង្កេតការណ៍ក្នុងបណ្តាឆ្នាំកន្លងមកនេះ ACU ពិនិត្យឃើញថា កិច្ចដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបបានប្រព្រឹត្តទៅយ៉ាងរលូន យុត្តិធម៌ តម្លាភាព ហើយធានាបានតាមពាក្យស្លោក អ្នកចេះគឺជាប់»។
លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាណត្តិថ្មី នៅតែចាត់ទុកកំណែទម្រង់ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍ ហើយកំណែទម្រង់ការប្រឡងកាន់តែស៊ីជម្រៅជារឿងមិនអាចខ្វះបាន។ លោកសយ ចន្ទវិចិត្ត បន្ថែមថា ACU បានត្រៀមខ្លួនរួចជាស្រេច ធ្វើជាសេនាធិការរបស់រដ្ឋាភិបាលក្នុងការបំពេញការងារសង្កេតការណ៍ក្នុងដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ ក៏ដូចជា ការប្រឡងក្របខ័ណ្ឌ និងការប្រឡងនានាទៀតដើម្បីធានាយុត្តិធម៌ តម្លាភាព រក្សាគោលការណ៍អ្នកចេះគឺជាប់។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកអប់រំ វប្បធម៌ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រលើចំណាត់ការរបស់ ACU និងក្រសួងអប់រំ ដើម្បីរឹតបន្តឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ដើម្បីធានាបាននូវគុណភាព និងសុក្រឹតភាព។ លោកថា៖ «យើងត្រូវធានាយ៉ាងណាណែនាំឱ្យបេក្ខជនខ្លួនឯងមិនលួចចម្លងគ្នា។ ពង្រឹងគុណភាពការងាររបស់អនុរក្សក្នុងមណ្ឌលប្រឡង មានការទទួលខុសត្រូវខ្ពស់។ យើងត្រូវធ្វើឱ្យតឹងរ៉ឹងលើដំណើរការប្រឡង» ។
ទោះជាយ៉ាងណា លោក ឈត ប៊ុនថង ចង់ឱ្យអ្នកសង្កេតការណ៍ទាំងឡាយធ្វើការក្នុងរូបភាពសមរម្យ ចៀសវាងបង្ហាញភាពស្អេកស្កះដែលអាចប៉ះពាល់ដល់អារម្មណ៍បេក្ខជនប្រឡង។
ជាមួយគ្នានេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ថា ក្រសួងអប់រំគួរពង្រឹងយន្តការត្រួតពិនិត្យរបស់ខ្លួនឱ្យបានល្អ ជាជាងត្រូវការជំនួយពីអង្គភាពផ្សេងដែលលោកស្រីថា ក្រសួងអប់រំអាចយកគំរូពីដំណើរការ ការប្រឡងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ជាគំរូបាន។
លោកស្រីប្រាប់ថា៖ «ពេល ខ្លះ វត្តមានអ្នកសង្កេតការណ៍ ACU ស្អេកស្កះពេញមណ្ឌលប្រឡង ជាការរំខានដល់អ្នកប្រឡងដែលធ្វើឱ្យអារម្មណ៍សិស្សមានការភ័យខ្លាច។ ជាធម្មតា ក្មេងនៅពេលដែលមានគេមើលលើ មើលក្រោម គាត់ភ័យ ហើយធ្វើឱ្យអារម្មណ៍បែកឆ្វេង»។ លោកស្រីអ៊ុក ឆាយ៉ាវី ស្នើឱ្យក្រសួងអប់រំបង្កើនការយកចិត្តទុកដាក់លើការប្រឡង ដើម្បីធ្វើឱ្យដំណើរការកែទម្រង់វិស័យអប់រំកម្ពុជាប្រព្រឹត្តទៅកាន់តែប្រសើរ។
សូមជម្រាបថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខណៈដែលដំណើរការកែវិញ្ញាសានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
សូមបញ្ជាក់ថា ទាក់ទងនឹងការប្រឡងនេះក្រសួងអប់រំ បានចេញសេចក្តីណែនាំពីតួនាទី និងភារកិច្ចរបស់ជំនួយការអប្បមាទទូទាំងប្រទេស ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបានលើកឡើងថា កម្ពុជាបានអនុម័តច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងការប្រឡង រួមទាំងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ក្រសួងអប់រំបន្តថា ច្បាប់ និងលិខិតបទដ្ឋានទាំងនេះ រួមមាន ក្រមព្រហ្មទណ្ឌច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ច្បាប់ស្ដីពីការអប់រំ ហើយដើម្បីអនុវត្តច្បាប់ និងលិខិតបទដ្ឋានទាំងនេះឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលបានដាក់ចេញសារាចរណែនាំមួយចំនួនសំដៅធ្វើឱ្យការប្រឡងបាក់ឌុបដំណើរការទៅប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់៕