ភ្នំពេញៈ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានស្នើឱ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា បញ្ឈប់ការបង្ហោះរូបភាពនៃជនល្មើសតាមបណ្តាញសង្គម ដែលសមត្ថកិច្ចបង្ក្រាបបាន ព្រោះវា ធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា ដោយខ្លួនឯង។
លោក សុខ ទូច បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ ថា ជនរួមជាតិជាទីរាប់អានក៏ដូចជាស្ថាប័នពាក់ព័ន្ធ គួរឈប់បង្ហោះបង្ហាញតាមប្រព័ន្ធសង្គមនូវរូបភាពបែបនេះទៅ ព្រោះបរទេសនិងអ្នកមានផលប្រយោជន៍ពីវិស័យទេសចរណ៍ គេយកទៅបំពុលពិភពលោកធ្វើឱ្យគេលែងហ៊ានមកទស្សនាកម្ពុជាទៀត ការបង្ហោះនោះ ប្រៀបដូចយើងជាអ្នកបំបែកវិស័យទេសចរណ៍កម្ពុជាដោយខ្លួនឯង។
លោកឱ្យដឹងថា៖ «ប្រទេសគេក៏មានហេតុការណ៍បែបនេះច្រើនជាងយើងទៀតតែគេបិទបាំងហើយចាត់វិធានការដែលមានប្រសិទ្ធភាព»។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងដែរថា លោកគាំទ្រចំពោះការលើកឡើងរបស់លោក សុខ ទូច ព្រោះនៅពេលដែលនាំគ្នាចែកចាយឬផ្សព្វផ្សាយ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានការផ្សព្វផ្សាយនូវរឿងរ៉ាវមិនល្អរបស់ប្រទេសនៅលើបណ្តាញសង្គម ទាក់ទងនឹងការកាប់ចាក់ និងឧក្រិដ្ឋកម្មច្រើន នោះវាមិនមានផលប្រយោជន៍ច្រើនសម្រាប់សង្គមកម្ពុជា និងធ្វើឱ្យគេមើលមករូបភាពកម្ពុជាក្នុងន័យអាក្រក់ផងដែរ។
លោកបញ្ជាក់ទៀតថា បើសិនជារូបភាពទាំងអស់នោះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ហើយត្រូវបានប្រទេសខ្លះ យកទៅផ្សព្វផ្សាយបន្តក្នុងន័យជាន់ពន្លិចថែមទៀតនោះ នឹងធ្វើឱ្យកម្ពុជាកាន់តែអាប់ឱនថែមមួយកម្រិតទៀត ព្រោះប្រទេសខ្លះមិនចង់ឱ្យកម្ពុជារីកចម្រើននោះទេ។
លោក ជួប រតនា បានថ្លែងថា៖ «ខាងព័ត៌មានធ្វើម៉េច កុំធ្វើការផ្សព្វផ្សាយរឿងហ្នឹងខ្លាំងពេក យើងមិនមែនបិទព័ត៌មានទេ នៅពេលគេរឹតបន្តឹងការអនុវត្តច្បាប់ជាដើម គឺផ្សាយទៅបាន។ យើងផ្សាយតែរឿងល្អៗច្រើនទៅ វានឹងលុបបំបាត់រឿងមិនល្អហើយ។ ពោលគឺកុំបង្កើនចំណុចខ្សោយច្រើន អ្នកជិតខាងយើងគេយកអាហ្នឹងទៅវាយប្រហារនឹងធ្វើឱ្យភ្ញៀវទេសចរលែងហ៊ានមកលេងប្រទេសយើង»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) បានប្រាប់នៅថ្ងៃទី ១ ខែតុលា ថា ពាក់ព័ន្ធនឹងរឿងគ្មានភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា វាមិនមែនមានរឿងដូចអ្វីដែលលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងតែមួយនេះទេ តែមានរឿងរ៉ាវជាច្រើនផ្សេងទៀតដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ដូចការពិនិត្យមើលលើសេវាកម្ម តម្លៃ និងការផ្សព្វផ្សាយជាដើម។
លោកបានថ្លែងថា៖«យើងត្រូវមើលភ្នំទាំងមូល យើងពិនិត្យមើលលើសេវាកម្មសាធារណៈ របស់យើង ហើយក្រៅពីនេះ ទៀត មានការផ្សព្វផ្សាយសេវាកម្មទូទៅ និងការផ្សព្វផ្សាយផ្សេងៗទៀត រួមចំណែកខ្លាំងដែលយើងត្រូវយកចិត្តទុកដាក់។អ៊ីចឹង កុំមើលតែមួយផ្នែកតូចនៃភ្នំ តែត្រូវមើលភ្នំទាំងមូល»។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា សម្រាប់រយៈពេល ៨ ខែ ដើមឆ្នាំ ២០២៣ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ កន្លងទៅ។ ដោយឡែក ធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៩ គ្រាមុនវិបត្តិកូវីដ ១៩ ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺកម្ពុជាទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០% នៃកម្រិតមុនវិបត្តិសម្រាប់រយៈពេល ៨ ខែ ឆ្នាំ ២០២៣ នេះ។
តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ ៤,៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ ២០២៣ នេះ។ ទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់នេះ ទេសចរដែលចូលតាមផ្លូវអាកាសមានចំនួនប្រមាណ ១,២ លាននាក់ ដោយកើនឡើង ២០៦,១%។
ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ (មុនវិបត្តិកូវីដ ១៩) តួលេខនេះ នៅមានការថយចុះប្រមាណ ៦០,៩% នៅឡើយ។ ដូចគ្នានេះដែរ ចំនួនទេសចរអន្តរជាតិ ដែលចូលតាមផ្លូវគោក និងផ្លូវទឹកសម្រាប់រយៈពេល ៨ ខែ ឆ្នាំ ២០២៣ នេះ មានចំនួនប្រមាណ ២,២៨ លាននាក់។
ក្រសួងកត់សម្គាល់ឃើញថា ទេសចរអន្តរជាតិភាគច្រើន មកតាមផ្លូវគោកពីប្រទេសជិតខាង ដែលជាទីផ្សារអាទិភាពដ៏សំខាន់មួយ៕