ភ្នំពេញៈ​ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានធ្វើការ​អំពាវនាវ​ឱ្យ​មានការ​ប្រុង​​ប្រយ័ត្ន​ក្នុងការ​បើកបរ​ដើម្បី​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ​ដែល​បាននិងកំពុង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ៣០ ខែកញ្ញា ដល់​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២៣​។​

​យោងតាម​សេចក្តីអំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចុះ​ថ្ងៃទី​ ៣០ ខែកញ្ញា ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាននិងកំពុង​គំរាមកំហែង​ដល់​អ្នកប្រើប្រាស់​ផ្លូវ បង្កឱ្យមាន​សោកនាដកម្ម​បាត់បង់​ជីវិត រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ​ជា​រៀងរាល់ថ្ងៃ​ហើយ​តែងតែមាន​កំណើន​ខ្ពស់​ក្នុងពេល​មាន​ពិធីបុណ្យ​នានា​ដែលមាន​ចរាចរណ៍​មមាញឹក ដោយ​ការបើកបរ​មិន​គោរព​ច្បាប់ ការ​​ធ្វេសប្រហែស ឬ​ខ្វះ​ការ​យោគ​​យល់​អធ្យាស្រ័យ​គ្នា​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ដល់​សាធារណជន​ជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ស្មារតី​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះ​​ថ្នាក់​ចរាចរណ៍​បើកបរ​យានយន្ត​ដោយ​បន្ថយល្បឿន​បើកបរ​តាមច្បាប់​កំណត់ និង​តាម​ស្ថានភាព​ជាក់ស្ដែង ដូចជា ទីប្រជុំជន សា​លា​រៀន ផ្លូវ​ជង្ហុក ផ្លូវ​កោង ផ្លូវ​​ប្រសព្វ ផ្លូវ​ចំណោត ផ្លូវ​ចង្អៀត ឬ​ផ្លូវ​រអិល​។

​សេចក្តីអំពាវនាវ​បញ្ជាក់ថា​៖ «​មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការ​បើកបរ​លឿន​ហួស​ល្បឿន​កំណត់​។ ត្រូវគោរព​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ ដោយ​ត្រូវ​បើកបរ​បន្ថយល្បឿន និង​ត្រូវ​ទុក​សិទ្ធិ​ឱ្យ​អ្នកបើកបរ​លើផ្លូវ​ដែលមាន​សិទ្ធិ បានធ្វើ​ចរាចរណ៍​ទៅមុន​»​។​

​មុននឹង​វ៉ា​ជែង ត្រូវ​ដឹង​ច្បាស់​ថា ផ្លូវ​ខាងមុខ​ទំនេរ អាច​ជែង​បាន​ដោយ​សុវត្ថិភាព ចៀសវាង ការ​វ៉ា​ជែង ដោយ​ប្រថុយប្រថាន ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹកទំនិញ កុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស ច្បាប់​កំណត់ ជាពិសេស​រថយន្ត​ដឹក​អ្នកដំណើរ​មិនត្រូវ​ផ្ទុក​មនុស្ស​នៅលើ​ដំបូល និង​មិនត្រូវ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះឡើយ​។​

​អ្នកបើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​ជាប់​ជាប្រចាំ ឯ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ទាំងអស់​ត្រូវ​ពាក់មួក​​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា ទោះ​ធ្វើដំណើរ​ជិត​ឬ​ឆ្ងាយ និង​គ្រប់ពេលវេលា​ផងដែរ​។

​ជាមួយគ្នានេះ លោក គឹម បញ្ញា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​បាន​ថ្លែងថា ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅពេល​មានបុណ្យ​សម្រាក​ម្ដងៗ ច្រើនតែ​ភ្លេចខ្លួន​ក្នុងការ​ការពារ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​មិន​ពាក់មួក​សុវត្ថិភាព មិន​គោរព​ច្បាប់​ចរាចរណ៍ នៅពេល​ធ្វើដំណើរ​នៅតាម​ផ្លូវជាតិ​។

​មន្ត្រីនគរបាល​ច​រា​ចរណ៍​ដែល​ជួយ​សម្រួល​ចរាច​​រណ៍​នៅតាម​ដងផ្លូវ ក៏​គួរតែ​មានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ដែល​ផ្ដោតលើ​កត្តា​ហានិភ័យ​ដែល​បង្កឱ្យមាន​ការស្លាប់ និង​ការ​​រងរបួស ខណៈដែល​បញ្ហា​ទាំង​នេះ​កើតឡើង​ដោយ​ការមិន​ពាក់មួក​សុវត្ថិភាព​ការបើកបរ​ហួស​ល្បឿន​កំណត់ ការបើកបរ​ដោយ​វ៉ា​ប្រជែង​គ្នា និង​ការ​ពិសា​គ្រឿង​ស្រវឹង​ជាដើម​។ លោក​បញ្ញា​ថ្លែងថា​៖ «​បើ​អាច​បាន​យើង​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​គ្រឿង​ស្រវឹង​ហ្នឹង ត្រូវ​កាត់បន្ថយ​ការផ្សាយ​ពាណិជ្ជ​កម្ម​នៅក្នុង​អំឡុង​ពិធីបុណ្យ​សាសនា​របស់​យើង​នេះ​»​។​

​លោក​ថា​៖ «​មួយទៀត​រាជ​រដ្ឋា​​ភិ​បាល គួរតែ​ដាក់​កម្រិត​តែម្ដង​នៅក្នុង​អំឡុង​ពិធីបុណ្យ​សាសនា​យើង ក្នុង​រយៈ ​៣ ​ថ្ងៃ​ពេល​ចុង​ក្រោយ គឺ​ពុំគួរ​មានការ​អនុញ្ញាត​ឱ្យមាន​ការផ្សាយពាណិជ្ជកម្ម ឬ​ការលក់ដូរ​ផលិតផល​គ្រឿង​ស្រវឹង​ទេ ខណៈដែល​យើង​ឃើញ​មានការ​អនុវត្ត​បានល្អ​នៅ​អំឡុង​ពេល​ការបោះឆ្នោត​កន្លងមក​»​។​

​លោក​បញ្ញា ក៏បាន​សំណូមពរ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល​ក៏ដូចជា​ស្ថាប័នឯកជន ត្រូវ​រៀបចំ​យុទ្ធនា​ការជំរុញ​ស្មារតី​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឱ្យ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យបាន​ជាប់​ជាប្រចាំ​។​យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​រយៈពេល​ ៨ ​ខែ ឆ្នាំ ២០២៣ មនុស្ស​ជាង​ ១​ ពាន់​នាក់​បាន​ស្លាប់ និង​ជាង ​២ ៧០០​ នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ដែល​អត្រា​នេះ​ថយចុះ​ ៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។ គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក បាន​កើតមានឡើង​ចំនួន ២ ១២៦​ លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ១ ០១៥ ​នាក់ របួសធ្ងន់ ១ ៧៧៥​ នាក់ និង​របួសស្រាល ​១ ០១៦ នាក់​៕