ពោធិ៍សាត់ៈ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមកិច្ចប្រជុំដឹកនាំដោយលោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យពីស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់ និងលើកផែនការសកម្មភាពការងារបន្ត។
បើយោងតាមក្រសួងកសិកម្ម កិច្ចប្រជុំដែលត្រូវបានធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី ១ ខែតុលា ក៏មានការចូលរួមពីលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងស្ថាប័នពាក់ព័ន្ធដទៃទៀតផងដែរ។ តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារអន្ដរក្រសួង និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងបន្តធ្វើការរួមគ្នាទៀត ដើម្បីពិនិត្យ តាមដាន និងឈានទៅដោះស្រាយបញ្ហានានា ដែលប្រជាជនជួបប្រទះ នៅពេលវាយតម្លៃពីផលប៉ះពាល់រួចរាល់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង កំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង ក្នុងនោះផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវទឹកជន់លិច។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា បណ្តាខេត្តនានានៅភាគពាយព្យ ភាគខាងជើងនិងភាគឦសាន អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីពី ៣០-៤០ ភាគរយ។
ក្រសួងធនធានទឹក បន្តទៀតថា ជាមួយគ្នានេះ រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀត នៅភាគខាងត្បូង ខាងកើត ជាប់ជាមួយប្រទេសវៀតណាម និងតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៦០ ទៅ ៨០%៕