ភ្នំពេញៈសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដែលបានបង្កើតមុនគេនិងធ្លាប់ទទួលបានការគាំទ្រខ្លាំងនៅកម្ពុជានោះបានចាប់ផ្តើមបើកការប្រកួតប្រដាល់គុនខ្មែរជាថ្មីម្តងទៀត នៅស្ថានីយព្រែកកំពឹស បន្ទាប់ពីបានផ្អាកការរៀបចំតាំងពីចុងខែធ្នូ ឆ្នាំ២០២២ កន្លងមក។
សម្រាប់ការបើកឱ្យដំណើរការប្រកួតជាថ្មី កាលពីព្រលប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ គឺអ្នករៀបចំកម្មវិធីរបស់សង្វៀនប៉ុស្តិ៍លេខ៥ បានរៀបចំដាក់ឱ្យមានការប្រកួតចំនួន៥គូ ដោយក្នុងនោះប្រកួតមិត្តភាពក្នុងស្រុក មាន២គូ និងប្រកួតមិត្តភាពអន្តរជាតិមាន៣គូ ។ចំណែកចំនួនអ្នកទស្សនាផ្ទាល់មិនទាន់មានច្រើន ដូចការប្រកួត កាលពីចុងឆ្នាំ២០២២ ដែលមានអ្នកចូលទស្សនាររកតែកន្លែងអង្គុយគ្មាននោះទេ។
យ៉ាងណាក៏ដោយ លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំនៅសង្វៀនប៉ុស្តិ៍លេខ៥ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២ ខែតុលាថា៖ «ពិតណាស់ សង្វៀនរបស់យើង ទើបតែបានរៀបចំការប្រកួតឡើងវិញ បន្ទាប់ពីបានផ្អាកតាំងពីចុងឆ្នាំ២០២២មក ហើយការប្រកួតប្រចាំសប្តាហ៍ទី១នេះ យើងក៏មិនបានផ្សព្វផ្សាយឱ្យមហាជនបានជ្រួតជ្រាបខ្លាំងនោះដែរ ដោយសារមានពេលខ្លីដែរ»។
ទោះជាយ៉ាងណាក្ដី លោក សេង កដិកា បានបញ្ជាក់ថា៖ «ចំពោះចំនួនអ្នកចូលទស្សនាផ្ទាល់ យើងឃើញថា ជិតពេញបរិវេណសង្វៀនរបស់យើង ដែលអាចទទួលយកបាន ហើយយើងនឹងខិតខំប្រឹងប្រែងរៀបចំឱ្យបានល្អថែមទៀតដើម្បីទាញយកការគាំទ្រឱ្យបានកាន់តែច្រើន ព្រោះបច្ចុប្បន្ន វិស័យកីឡាប្រដាល់គុនខ្មែររបស់យើង កំពុងមានភាពផុសផុល និងគាំទ្រខ្លាំងពីមហាជន ទាំងអ្នកនៅក្នុងស្រុក និងក្រៅប្រទេស»។
តាមរយៈការប្រកួតមិត្តភាពអន្តជាតិកម្ពុជា-ថៃ ចំនួន៣គូ កាលពីថ្ងៃទី១ ខែតុលា គឺមានតែអ្នកលេងកាំភ្លើងភ្លោះ វ៉ាន់ វឿន ម្នាក់ទេ បានទទួលជ័យជម្នះ ក្នុងនាមជាកីឡាករម្ចាស់ផ្ទះ ដោយកីឡាករជាក្មេងកំព្រា និងធ្លាប់ឈ្នះមេដាយសំរឹទ្ធស៊ីហ្គេមរូបនេះ បានយកឈ្នះខ្លាចាស់ស្បែកស្វិត Tuon Pe ប៉ុន្តែជ័យជម្នះនេះ ទទួលបានយ៉ាងលំបាក ព្រោះ Tuon Pe បានតាមវាយលុកស្ទើរ៥ទឹកពេញ ទោះបីជា វ៉ាន់ វឿន បានវាយកែង ម៉ាត់ ជាពិសេសបុកជង្គង់ចូលពេញៗក៏ដោយ។
ផ្ទុយពីនេះ កីឡាកររបស់កម្ពុជា អេលីត សម្ផស្ស ដែលបានធ្វើឱ្យអ្នកគាំទ្រផ្ទាល់មានការជក់ចិត្តជាមួយការម៉ាត់ និងវាយកែងចូលផ្ទៃមុខអ្នកប្រដាល់ថៃ Phat Phuongsakorn ពេញៗនោះ បែរជាត្រូវដួលដេក មិនអាចក្រោករួច នៅចុងទឹកទី២ ដ៏មិនគួរឱ្យជឿ ក្រោយទទួលរងការបុកជង្គង់ឆ្វេងរបស់កីឡាករថៃពេញទំហឹង។ ចំណែក រិន សារដ្ឋ ក៏បានចាញ់កីឡាករថៃ Sarann Gnuo ដោយពិន្ទុផងដែរ សម្រាប់ការបង្ហាញវត្តមាននៅលើសង្វៀនប៉ុស្តិ៍លេខ៥នេះ។
ចំពោះការប្រកួត រវាងអ្នកប្រដាល់រួមជាតិវិញ កីឡាករជើងចាស់ ហុន ឈុនហេង របស់ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ត្រូវបានជើងថ្មី អេលីត ប៊ុនតុង របស់ក្លិបនាយកដ្ឋានអង្គរក្សវាយកែងបណ្តាលឱ្យបែកយ៉ាងធំ នៅលើផ្ទៃមុខ រហូតគ្រូពេទ្យបញ្ឈប់ការប្រកួត នៅក្នុងទឹកទី២។ ចំណែកកីឡាករ ឡុង សេងថង បានម៉ាត់កីឡាករ តាំង សីហា រហូតអាជ្ញាកណ្តាលបញ្ឈប់នៅចុងទឹកទី១ បន្ទាប់ពីបានរាប់ចំនួន២លើក។
ទាក់ទងទៅនឹងលទ្ធផលការប្រកួតប្រចាំសប្តាហ៍ទី១នេះ លោក សេង កដិកា បានថ្លែងថា៖ «បើទោះបីជាលទ្ធផលការប្រកួតលើកនេះ មានការចាញ់ដោយសន្លប់រហូតដល់៣គូ ប៉ុន្តែការប្រកួតនេះមានភាពស្វិតស្វាញ និងទទួលបានការគាំទ្រច្រើនពីបងប្អូនអ្នកគាំទ្រ។ណាមួយយើងក៏ខកខានរៀបចំការប្រកួតប្រដាល់យូរដែរហើយ ហេតុនេះលទ្ធផលប៉ុណ្ណឹងយើងអាចទទួលយកបានហើយយើងនឹងព្យាយាមរៀបចំឱ្យមានការប្រកួតគូល្អៗនៅសប្តាហ៍ជាបន្តបន្ទាប់ទៀត»៕