ភ្នំពេញៈ ក្រសួងទេសចរណ៍ កំពុងជំរុញឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ មានសុវត្ថិភាព និងមានភាពកក់ក្តៅ ដើម្បីបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរ ខណៈដែលមានការផ្សព្វផ្សាយព័ត៌មាន ឬភាពយន្ត ដែលមាននិន្នាការអវិជ្ជមានចំពោះកម្ពុជា។
រាជរដ្ឋាភិបាលបានទទួលស្គាល់សក្ដានុពលនៃឧស្សាហកម្មទេសចរណ៍ថា ជាប្រភពនៃកំណើនសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមមានការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រផងដែរ ខណៈដែលវិស័យទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេសត្រូវបានចាត់ទុកថា ជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយ និងត្រូវបានគេប្រសិទ្ធនាមថាជា «មាសបៃតង»។
នៅដើមទសវត្សរ៍ឆ្នាំ២០០០ អ្នកទេសចរបរទេសច្រើនជាងគេដែលបានមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា គឺមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង។
ចំណែកភ្ញៀវទេសចរចិន បានឈរនៅលំដាប់កំពូលក្នុងបញ្ជីនៃការមកដល់កម្ពុជានាឆ្នាំ២០១៩ ដែលមានចំនួន ២,៣៦ លាននាក់ កើនឡើង ១៨ ភាគរយធៀបនឹងឆ្នាំ២០១៨។ ភ្ញៀវទេសចរចិនដដែលនេះ ក៏នៅតែស្ថិតនៅលំដាប់កំពូលសម្រាប់ឆ្នាំ២០២០ បន្ទាប់មកគឺភ្ញៀវទេសចរថៃ និងវៀតណាម។ ក្រៅពីនេះក៏មានភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ជប៉ុន បារាំង និងចិនតៃវ៉ាន់ ផងដែរ។
សម្រាប់ឆ្នាំ២០២៣នេះវិញ កម្ពុជាហាក់មានក្តីរំពឹងខ្ពស់ ចំពោះទេសចរចិន ដោយកាលពីខែកុម្ភៈដើមឆ្នាំនេះ ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ បានចាប់ផ្តើមទទួលដោយផ្ទាល់នូវអ្នកទេសចរចិនចំនួន ១២៥នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាការមកដល់របស់ទេសចរចិនជាលើកដំបូងពីទីក្រុងប៉េកាំង បន្ទាប់ពីចិនបើកប្រទេសឡើងវិញ ពីផែនការសូន្យកូវីដ(zero-covid)និងជាជើងទី២បន្ទាប់ពីការមកដល់របស់ទេសចរចិន នៃខេត្តយូណាន នៅខេត្តព្រះសីហនុ កាលពីចុងខែមករា ឆ្នាំ២០២៣។
លោក ថោង ខុន អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ តែងតែបង្ហាញពីក្តីរំពឹងខ្ពស់ ចំពោះទេសចរចិន ដែលអាចនឹងរុញកំណើនភ្ញៀវទេសចរអន្តរជាតិរបស់កម្ពុជា នាឆ្នាំនេះ និងបន្តមានកំណើននៅឆ្នាំក្រោយ ជាពិសេសនៅពេលដែលកម្ពុជា ដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។ តាមការរំពឹងទុករបស់លោកថោង ខុន កំណើនទេសចរនឹងវិលត្រឡប់មកដូចមុនពេលនៃការរីករាលដាលមេរោគកូវីដ១៩ នាដើមឆ្នាំ២០២៦ ខាងមុខ។
ផែនទីចង្អុលបង្ហាញផ្លូវ ដែលក្រសួងទេសចរណ៍រៀបចំទុក បានប៉ាន់ស្មានថា ឆ្នាំ២០២៣ កម្ពុជា អាចទៅរួចក្នុងការចាប់យកទេសចរអន្តរជាតិបាន ៤លាននាក់ ជាពិសេសភ្ញៀវទេសចរចិន ប៉ុន្តែ បើគេក្រឡេកមកមើលពីស្ថានភាព នាពេលបច្ចុប្បន្ននេះវិញ អាចទេ ដែលកម្ពុជានឹងសម្រេចគោលដៅនេះ?
កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ សារព័ត៌មានដ៏ល្បីរបស់ជប៉ុន Nekkei បានចុះផ្សាយអត្ថបទមួយ មានចំណងជើងថា«Cambodia''s ''scamdemic'' reputation scares off travelers from China» ដែលមានន័យជាភាសាខ្មែរថា «កេរ្តិ៍ឈ្មោះរបស់កម្ពុជា ទាក់ទងនឹងការឆបោកតាមអ៊ីនធឺណិតបានធ្វើឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិន មានការភ័យខ្លាច»។
ស្របពេលជាមួយគ្នានោះដែរ ក៏មានការចាក់បញ្ចាំងភាពយន្តចិន រឿង«No More Bets»ដែលប្រែថា «សូមបញ្ឈប់ការភ្នាល់»។ បើតាមសារព័ត៌មានអន្តរជាតិធំៗនានាបញ្ជាក់ថា សាច់រឿងនេះ គេបានផលិតឡើង ដោយផ្អែកលើរឿងពិតដែលបានកើតមានឡើងចំនួនជាង១០ម៉ឺនករណី ដែលជាករណីអាចត្រូវបានគេបង្ខំឱ្យធ្វើការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ នៅកម្ពុជា។
អត្ថបទព័ត៌មាន និងភាពយន្តនេះ បានធ្វើឱ្យកម្ពុជា ជាប់ឈ្មោះមិនល្អ និងត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍ក្នុងស្រុករួមទាំងប្រជាជនកម្ពុជា យល់ឃើញថា វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា។
តើវាពិតជាបានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា នៅទ្រឹង ឬធ្លាក់ចុះទេ? ហើយវាជាការពិតទេ ដែលថា ប្រទេសកម្ពុជា បានបណ្តោយឱ្យកើតមានករណីឆបោក តាមប្រព័ន្ធអនឡាញ ដូចការផ្សព្វផ្សាយទាំងនោះ?
សម្រាប់លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានអះអាងថា«ករណីទាំងនោះកើតមានមែន តែមិនមែនជាការពិតទាំងស្រុងនោះទេ»។ លោកថ្លែងថា ថ្វីដ្បិតតែនៅដើមឆ្នាំ២០២៣កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ៣លាននាក់ កើនឡើងជាង១៨០ភាគរយមែន បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងនឹងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះមិនល្អរបស់កម្ពុជា។
លោកសិរីវុត្ថា និយាយថា ថ្វីដ្បិតតែរបាយការណ៍នៃចំនួនអ្នកដំណើរមានការកើនឡើងក៏ពិតមែន តែមិនទាន់មានភាពវិជ្ជមានច្រើននៅឡើយទេ ដោយសារតែថ្មីៗនេះ មានការផ្សព្វផ្សាយពីសារព័ត៌មានបរទេសមួយចំនួនថា កម្ពុជាជាជម្រកសម្រាប់ក្រុមឆបោកតាមអ៊ីនធឺណិត ដែលមានការចាប់ជំរិតមនុស្ស ជាដើម។
លោកបញ្ជាក់ថា ៖ «ការលើកឡើងរបស់សារព័ត៌មានបរទេសទាំងនេះ ធ្វើឱ្យយើងមានការព្រួយបារម្ភ ហើយនេះគឺជាបញ្ហាប្រឈមរបស់យើង ដែលត្រូវគិតគូរដោះស្រាយ ប៉ុន្តែការពិតមិនដូចការចុះផ្សាយទាំងស្រុងនោះទេ»។
ក្រសួងទេសចរណ៍ ដែលជាក្រសួងសាមី ហាក់មិនបានទទួលស្គាល់ថា ការផ្សព្វផ្សាយព័ត៌មានទាំងនោះ ក៏ដូចជាភាពយន្តចិននោះ ថាធ្វើឱ្យប៉ះពាល់ដល់កំណើនទេសចររបស់កម្ពុជានោះទេ។ អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បានប្រាប់ថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី មានចក្ខុវិស័យ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជា ជាពិសេសការជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ មានសុវត្ថិភាព និងភាពកក់ក្តៅ តាមរយៈគំនិតផ្តួចផ្តើមការបង្កើន៥ (Five Build)។
ការបង្កើនទាំង៥នោះរួមមាន៖ ទី១បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងកិត្តិនាមរបស់កម្ពុជា, ទី២ បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរ,ទី៣ បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងនិងសម្របសម្រួលកិច្ចការផ្ទៃក្នុង,ទី៤ បង្កើនប្រសិទ្ធភាព នៃការអភិវឌ្ឍផលិតផលទេសចរណ៍ ដែលមានស្រាប់ និងពង្រីកផលិតផលទេសចរណ៍ថ្មីៗ និងទី៥ ការបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទេសចរណ៍ឱ្យមានភាពប្រកួតប្រជែងខ្ពស់។
លោក តុប សុភ័ក បានបន្តថា ការផ្សព្វផ្សាយពីកម្ពុជា ជាគោលដៅទេសចរណ៍ដែលទាក់ទាញ និងមានភាពកក់ក្តៅ និងសុវត្ថិភាពនេះ មិនមែនមានតែក្រសួងទេសចរណ៍ទេ ដែលត្រូវធ្វើការងារនេះ គឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួម រួមទាំងប្រជាពលរដ្ឋខ្មែរផងដែរ ជាពិសេសអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម។
លោកបញ្ជាក់ថា៖«យើងគ្រោងនឹងផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញ និងលំហូរទេសចរទៅកាន់គោលដៅទេសចរណ៍ទាំងអស់ រួមជាមួយការធ្វើបទសម្ភាសន៍ បទយកការណ៍ ជាមួយនឹងអ្នកវិនិយោគក្នុងវិស័យទេសចណ៍ ធ្វើយ៉ាងណាបង្កើនបរិយាកាសល្អ ដើម្បីបង្ហាញថា កម្ពុជាមានសុវត្ថិភាពក្នុងការដើរកម្សាន្ត និងដើម្បីបន្សាបឥទ្ធិពលនៃព័ត៌មាន អវិជ្ជមានទាំងនោះ»។
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ ក្រសួងមានផែនការក្នុងការធ្វើទំនាក់ទំនងជាមួយទីភ្នាក់ងារទេសចរណ៍បរទេស ជាពិសេសក្រុមហ៊ុនទេសចរចិន ទាំងក្នុងនិងក្រៅប្រទេស ធ្វើយ៉ាងណាផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដូចជា តាមរយៈការសហការជាមួយInfluencer, Vlogger , YouTube, ដើម្បីបង្ហាញថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងមានភាពកក់ក្តៅ។
ចំណែក វិស័យឯកជន ផ្នែកទេសចរណ៍ បានមើលឃើញថា បញ្ហាការបោកប្រាស់តាមអ៊ីនធឺណិត ទំនងជាមានផលប៉ះពាល់អវិជ្ជមានខ្លាំងលើភ្ញៀវទេសចរពីប្រទេសចិន ខណៈដែលការចេញផ្សាយខ្សែភាពយន្តចិន «No More Bets»បានបង្កើនការយល់ដឹងជាសាធារណៈនៅក្នុងប្រទេសចិន ពីក្រុមឆបោកតាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ដូចជាកម្ពុជាជាដើម ថា ជាគោលដៅគ្មានសុវត្ថិភាព។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិក(PATA) បានអះអាងថា បញ្ហានេះ វាអាចរារាំងភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជា ដែលនឹងអាចនាំឱ្យប្រាក់ចំណូលទេសចរណ៍ធ្លាក់ចុះ។ កេរ្តិ៍ឈ្មោះរបស់កម្ពុជាទាក់ទងកាផ្សាយរបស់ព័ត៌មានបរទេសថា ជាជម្រកសម្រាប់ក្រុមឆបោកតាមអ៊ីនធឺណិត ការចាប់ជំរិតមនុស្ស និងការបង្ខាំងមនុស្ស ជាដើម នេះបានធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ ដល់ការវិលត្រឡប់មកនៃភ្ញៀវទេសចរបរទេស កុំថាឡើយតែភ្ញៀវអឺរ៉ុប សូម្បីតែភ្ញៀវក្នុងតំបន់អាស៊ានក៏ប៉ះពាល់ខ្លាំងដែរ។
លោកបានសង្កត់ធ្ងន់ថា៖«ទេសចរដែលមកពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀត ហាក់មានការព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគេ ដោយសារព័ត៌មាននៃការចាប់ជំរិតនេះ មានលក្ខណៈទូលំទូលាយពេក។ កម្ពុជាយើងត្រូវធ្វើកិច្ចការច្រើនណាស់ ដើម្បីបន្សាបនូវព័ត៌មានទាំងអស់នោះ ដើម្បីកសាងទំនុកចិត្តរបស់អ្នកធ្វើដំណើរអន្តរជាតិឡើងវិញមកលើកម្ពុជា»។
ចំណែក លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរយល់ឃើញថា កម្ពុជាគួរធ្វើអ្វីម្យ៉ាង ដើម្បីលុបលាងនូវព័ត៌មានមិនល្អទាំងអស់នោះ ដែលអាចរៀបចំជាសន្និសីទសារព័ត៌មានមួយ ឬក៏ប្រើប្រាស់ឱកាសនៃការរៀបចំព្រឹត្តិការណ៍ទេសចណ៍នានា ច្រានចោលនូវព័ត៌មានអវិជ្ជមានទាំងអស់។
លោកស្រីថា ៖«បើសិនជាយើងមិនធ្វើអីសោះ នោះនឹងអាចត្រូវបានគេចាត់ទុកថា ជាការពិត ដែលវាអាចធ្វើឱ្យទេសចរអន្តរជាតិ មិនជ្រើសរើសកម្ពុជា ជាគោលដៅទេសចរណ៍របស់ពួកគេ នៅក្នុងរយៈពេលនេះ»។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បានអះអាងថា ក្រសួងបានស្នើសុំកិច្ចអន្តរាគមន៍ទៅភាគីចិនរួចហើយ ដោយលោកទទួលស្គាល់ថា រឿងចិន «No More Bets»បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា ខណៈដែលរឿងនេះ ផលិតឡើងដោយគ្មានការពិភាក្សាជាមួយភាគីកម្ពុជានោះទេ។
លោក ស៊ុំ ម៉ាប់ បញ្ជាក់ថា៖«ទឹកដីនៃប្រទេសកម្ពុជា មិនមែនដូចអត្ថន័យក្នុងកុន ដែលផលិតដោយប្រទេសដទៃនោះទេ។ ក្រសួងវប្បធម៌ បានមានចំណាត់ការដោយបានសហការជាមួយក្រសួងការបរទេសលើបញ្ហានេះ មុនពេលដែលផ្ទុះរឿងនេះនៅតាមបណ្តាញសង្គមទៅទៀត»។
លោកថា ក្រសួងវប្បធម៌ នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដោយស្នើទៅស្ថានទូតចិនឱ្យពិចារណា ទប់ស្កាត់កុំឱ្យមានការផ្សព្វផ្សាយភាពយន្តនេះនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា ព្រោះថា មិនត្រឹមតែកម្ពុជាទេ ដែលរងផលប៉ះពាល់ដោយភាពយន្តនោះ សូម្បីបណ្តាប្រទេសផ្សេងទៀត នៅតំបន់អាស៊ាន ក៏ប៉ះពាល់ដូចគ្នា។
យោងតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានលើកឡើងពីការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកដោយចីរភាព ដោយក្នុងនោះគោលដៅជាយុទ្ធសាស្រ្ត គឺការផ្តោតលើការអភិរក្សដើម្បីអភិវឌ្ឍសំដៅលើកកម្ពស់វិភាគទានកិច្ចការនេះ ចំពោះការអភិវឌ្ឍកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ការពង្រឹងការគ្រប់គ្រងធនធានរ៉ែ ការធានាចីរភាពធនធានព្រៃឈើ ជលផល និងគុណភាពដី ព្រមទាំងការការពារ ការអភិវឌ្ឍ និងការទាញយកប្រយោជន៍ឱ្យអស់សក្តានុពលពីបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព។
ក្នុងនេះដែរ រាជរដ្ឋាភិបាល ក៏លើកឡើងពីការជំរុញការអភិវឌ្ឍជីវភាពប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិដោយផ្សារភ្ជាប់ទៅនឹងទេសចរណ៍ តាមរយៈការប្រែក្លាយតំបន់ការពារធម្មជាតិ ដោយផ្សារភ្ជាប់ទៅនឹងតំបន់ទេសចរណ៍ ការពង្រឹងសមត្ថភាពសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍នៅក្បែរតំបន់ការពារធម្មជាតិ និងសមភាពនៃការបែងចែកប្រយោជន៍៕