ភ្នំពេញៈ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា នៅក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលបានត្រៀមចំណាយលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រមានចំនួនប្រមាណ ៣៥០ លានដុល្លារ និងបានត្រៀមចំណាយអន្តរាគមន៍ ផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច ដែលមានថវិកាចំនួនប្រមាណ ៦៧២ លានដុល្លារសហរដ្ឋអាមេរិក។
លោក មាស សុខសេនសាន ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២ ខែតុលាថា ការត្រៀមចំណាយនោះរាជរដ្ឋាភិបាលមានគោលដៅបន្តអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីដើម្បីទប់ទល់នឹងផលប៉ះពាល់ពីសម្ពាធអតិផរណា និងស្លាកស្នាមនៃវិបត្តិជំងឺកូវីដ ១៩។
លោកបន្តថា រាជរដ្ឋាភិបាលបានបន្តអនុវត្តចំណាយអន្តរាគមន៍ ផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ចលើកម្មវិធីសំខាន់ៗ រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដែលមានក្រ ១ និងក្រ ២ ព្រមទាំងជួយជនងាយរងគ្រោះ និងកញ្ចប់ឧបត្ថម្ភគ្រួសារត្រូវបានគ្រោងបឋមប្រមាណ ៤០០ លានដុល្លារអាមេរិក។
លោកបញ្ជាក់ថា៖ «គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៣ បានចំណាយអស់ប្រមាណ ១៥៧,៥ លានដុល្លារអាមេរិក ហើយត្រូវបានប៉ាន់ស្មានថា រហូតដល់ដំណាច់ឆ្នាំ ២០២៣ នឹងចំណាយអស់ប្រមាណ ៣៥០ លានដុល្លារអាមេរិក»។
លោក សុខ សេនសាន ថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់មួយគ្រាជូនគ្រួសារងាយរងហានិភ័យ គឺគ្រួសារដែលមានជីវភាពកៀកនឹងបន្ទាត់នៃភាពក្រីក្រ គិតរហូតដល់ដំណាច់ឆ្នាំ ២០២៣ ត្រូវបានគ្រោងប្រមាណ ៦៥ លានដុល្លារអាមេរិក។
កម្មវិធីបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ និងការជួយកម្មករព្យួរកិច្ចសន្យាការងារ ត្រូវបានគ្រោងប្រមាណ ៦០ លានដុល្លារអាមេរិក។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង ត្រូវបានគ្រោងប្រមាណ ៥០ លានដុល្លារអាមេរិក។
លោកបន្ថែមថា ចំពោះគម្រោងសាច់ប្រាក់ពលកម្ម ត្រូវបានផ្ទេរថវិកាចំនួន ១០០ លានដុល្លារអាមេរិក តាមការគ្រោងទុក សម្រាប់បង្កើតការងារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ រួមមាន ប្រឡាយជើងក្អែប ស្រះទឹក អណ្តូង និងបង្គន់អនាម័យនៅតាមសាលារៀនជាដើម។
ចំណែកការអនុវត្តយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន ត្រូវបានគ្រោងប្រមាណ ១០០ លានដុល្លារ អាមេរិក។ ចំពោះឧបករណ៍ផ្តល់ហិរញ្ញប្បទានបន្ថែមដល់សហគ្រាសធុនតូច និងមធ្យម ត្រូវបានគ្រោងប្រមាណ ១០០ លានដុល្លារអាមេរិក ហើយឥណទាននេះនឹងត្រូវរក្សាទុកមិនចំណាយ ដោយសារចំណូលពីការបោះផ្សាយមូលបត្រនឹងមិនអាចអនុវត្តបានតាមផែនការ។ ចំណែក ការជំរុញពិពិធកម្មសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ត្រូវបានគ្រោងប្រមាណ ៣០ លានដុល្លារអាមេរិក។
ដោយឡែក គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់រុនតាឯក ខេត្តសៀមរាប ត្រូវបានគ្រោងប្រមាណ ២៥ លានដុល្លារអាមេរិក ដែលគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៣ បានចំណាយអស់ប្រមាណ ៣៩ លានដុល្លារអាមេរិក លើសពីការគ្រោងទុក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងតាមបណ្តាញសង្គមតេឡេក្រាមថា មានប្រជាពលរដ្ឋមួយចំនួន បានចោទសួរថា តើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ? ចំពោះការលើកឡើងនេះ លោកបានបង្ហាញពីរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផ្ញើទៅលោកនៅថ្ងៃទី ២៨ ខែកញ្ញា បញ្ជាក់ពីការឧបត្ថម្ភសំខាន់ៗចំនួន៣ គឺ ទី១ ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ទី២ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងទី៣ ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា។
លោកបានឱ្យដឹងថា កម្មវិធីឧបត្ថម្ភទាំង ៣ នេះគិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២ លាន ៧ សែននាក់ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩ ៩៧៧ នាក់ និងគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១ លាន ៨ សែននាក់ ដែលបានចំណាយទឹកប្រាក់ជាង ១ ២០០ លានដុល្លារ។ នេះគឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួន ៣ ប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំង ៣ នេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស។ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងឡើយ។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ជាង ៣៨៥ លានដុល្លារ សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។
លោកបានឱ្យដឹងថា ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស រាជរដ្ឋាភិបាលបានអនុវត្តលើកម្មវិធីជាច្រើនដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ចំនួន ១ ១៥២ ០២៧ ៣៩០ ៤០០ រៀល ដែលក្នុងខែចុងក្រោយនេះ មានអ្នកទទួលផលប្រមាណ ៧០១ ៤៥២ គ្រួសារ ស្មើនឹង ២ ៧៦០ ០៨៥ នាក់។ ការអនុវត្តការងារកំណត់អត្តសញ្ញាណគ្រួសារ ចំនួន ៧ ៧៣៥ ៩៧៤ ០០០ រៀល។
បន្ថែមលើនេះមាន កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ៣១ ១៩៩ ៨០៨ ០០០ រៀល ដែលមានគ្រួសារគោលដៅចំនួន ៩៩ ១៦៩ គ្រួសារ ស្មើនឹង ៣៧២ ៨៥៩ នាក់បានទទួលប្រាក់ឧបត្ថម្ភពីកម្មវិធីនេះ។ ទី៤ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ចំនួន ១៣៩ ៤៨៧ ១៩៦ ៦០០ រៀល ដែលមានអ្នកទទួលផលសរុបប្រមាណ ៥០ ម៉ឺនគ្រួសារ ឬប្រមាណ ១,៨ លាននាក់។
ក្រៅពីនេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំណាយអស់ថវិកាចំនួន ២៤ ០៨០ ៦៤០ ០០០ រៀល ដែលមានអ្នកទទួលផលប្រមាណ ៣៣៩ ៩៧៧ នាក់។ ទី៦ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្ត្រី នៅពេលសម្រាលកូន ចំនួន ២២ ៤៣៩ ៦០០ ០០០ រៀល ដែលបានផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រីក្នុង និងក្រៅប្រព័ន្ធ នៅពេលសម្រាលកូន ប្រមាណ ៣៨៣ ០៧៥ នាក់។
បន្ថែមលើនេះ នៅមានមូលនិធិសមធម៌សុខាភិបាល សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងក្រៅប្រព័ន្ធ។ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីរាជការសាធារណៈ អតីតយុទ្ធជន និងយុវនីតិសម្បទា និងកម្មវិធីអាហារូបករណ៍ថ្នាក់បឋមសិក្សា និងមធ្យមសិក្សាព្រមទាំង កម្មវិធីផ្តល់់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ផងដែរ។
លោក យង់ ពៅ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលបានជួយឧបត្ថម្ភតាមរយៈកម្មវិធីជាច្រើនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ រហូតដល់បច្ចុប្បន្ន និងមានបង្កើតកញ្ចប់ជំនួយផ្សេងៗទៀត ប៉ុន្តែទំហំវិបត្តិសកល រួមទាំងសង្គ្រាមអ៊ុយក្រែន ធ្វើឱ្យប្រជាជនធ្លាក់ទៅក្នុងភាពក្រីក្រមានការកើនឡើង។ ការជួយរបស់រាជរដ្ឋាភិបាលពិតជាបានជួយជាចំណែក ១ សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែដោយសារទំហំនៃវិបត្តិនេះធំ ធ្វើឱ្យមើលទៅ ការជួយនេះមិនបានធ្វើឱ្យពលរដ្ឋមួយចំនួនពេញចិត្តទេ។
លោកថ្លែងថា៖ «ជំនួយសង្គមយើងត្រូវតែបន្តធ្វើហើយ ប៉ុន្តែការស្តារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានភាពប្រាកដប្រជា ការស្តារវិបត្តិវិស័យទេសចរណ៍ឱ្យមានលក្ខណៈងើបឡើងវិញ និងការស្តារពាណិជ្ជកម្ម ជាមួយបស្ចិមប្រទេសអីហ្នឹង គឺយើងត្រូវតែគិតស្តារឱ្យមានភាពរឹងមាំឡើងវិញ ដើម្បីស្ទួយសេដ្ឋកិច្ចជាតិ កាលណាសេដ្ឋកិច្ចស្ទុះងើបឡើង ពលរដ្ឋនឹងបានផលពីការស្ទុះងើបនៃសេដ្ឋកិច្ចហ្នឹងហើយ»៕