ភ្នំពេញៈ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រសួងបានត្រៀមលក្ខណៈរួចហើយ ក្នុងការផ្តល់ពូជស្រូវ និងពូជដំណាំមួយចំនួនទៀត សម្រាប់ចែកជូនដល់ប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ ដោយបរិមាណនៃគ្រាប់ពូជ មិនទាន់អាចកំណត់ចំនួនបានទេ ត្រូវរង់ចាំដល់ទឹកស្រក និងវាយតម្លៃផលប៉ះពាល់ជាមុនសិន។
កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២ ខែតុលាថា រាជរដ្ឋាភិបាលមានប្រព័ន្ធស្បៀងបម្រុង សម្រាប់ផ្តល់ជូនដល់ប្រជាកសិករ ប៉ុន្តែការផ្តល់ជូននៅក្នុងកម្រិតណាមួយនោះ ត្រូវរង់ចាំការវាយតម្លៃឱ្យបានច្បាស់លាស់ជាមុន ខណៈដែលទឹកជំនន់មិនទាន់បានស្រកអស់នៅឡើយ។ កញ្ញាបានបញ្ជាក់ថា៖ «ការផ្តល់ជូននេះទៀតសោតយើងមានប្រព័ន្ធស្បៀងបម្រុងរបស់យើង គឺមានពូជស្រូវ និងពូជបន្លែមួយចំនួន ដែលយើងអាចផ្តល់ជូនប្រជាកសិករទៅតាមការវាយតម្លៃជាក់ស្តែងក្រោយពេលដែលទឹកស្រក»។
គិតត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងនិងទឹកទន្លេ ដែលបានហក់ឡើងនៅអំឡុងចុងខែកញ្ញាបានចាប់ផ្តើមស្រកវិញជាបណ្តើរៗហើយ ប៉ុន្តែការវាយតម្លៃផលប៉ះពាល់មិនទាន់អាចធ្វើបាននៅឡើយទេ ដរាបណាទឹកមិនទាន់ស្រកអស់។
កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា៖ «ក្រសួងកសិកម្ម និងមន្ត្រីនៅតាមមន្ទីរកសិកម្ម ក្នុងខេត្តដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទាំងអស់ នឹងបន្តតាមដានបន្តទៀតនិងរង់ចាំរហូតដល់ទឹកស្រកទៅអស់ទើបយើងអាចវាយតម្លៃការខូចខាតបាន។ បន្ទាប់ពីវាយតម្លៃការខូចខាតជាក់ស្តែងហើយ យើងកំណត់ពីវិសាលភាព នៃវិធានការឆ្លើយតបនិងការអន្តរាគមន៍ណាមួយនៅក្នុងករណីចាំបាច់»។
បើតាមរបាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ ដំណាំកសិកម្មជិត ៥ ០០០ ហិកតា របស់ប្រជាកសិករនៅក្នុងខេត្តនេះ បានរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ ក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ខណៈស្រុកឯកភ្នំ គឺជាស្រុក ១ ក្នុងចំណោមស្រុក ក្រុង ចំនួន ៩ ដែលកើត មានជំនន់ទឹកភ្លៀង បានទទួលរងនូវផលប៉ះពាល់ខ្លាំងជាងគេ មានរហូតដល់ជាង ២ ៥០០ ហិកតា។
របាយការណ៍បានបន្តថា ជំនន់ទឹកភ្លៀងនេះ បានកើតឡើងត្រឹមតែរយៈ ២ ថ្ងៃប៉ុណ្ណោះ គឺកាលពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ខណៈដែលខេត្តបាត់ដំបង មានភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់ ១៤ ក្រុង-ស្រុក បណ្ដាលឱ្យទឹកអូរ ទឹកស្ទឹងសង្កែនិងទឹកស្ទឹងបវេល មានការកើនឡើងខ្ពស់ ដែលបណ្តាលឱ្យកើតមានទឹកជំនន់លិចប៉ះពាល់ចំនួន ៩/១៤ ក្រុង-ស្រុក ស្មើនឹង ៣៤/១០៣ ឃុំ-សង្កាត់ លើ ១៥១/៨៤២ ភូមិ។
ប្រភពដដែលបន្តថា ទឹកជំនន់នេះ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៦ ០៦៧ ខ្នងផ្ទះ, ដំណាំស្រូវ ៣០៣៤ ហិកតា, ដំណាំរួមផ្សំ ១ ៧៣២,៥០ ហិកតា សាលារៀនចំនួន ១៥ សាលា, ប៉ះពាល់ផ្លូវ ១៦ កន្លែង ស្មើនឹង ១៦ ៩៨០ ម៉ែត្រនិងបានជម្លៀស ប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ចំនួន ២០០ គ្រួសារ ក្នុងនោះរួមមានក្រុងបាត់ដំបង ស្រុកបាណន់ ថ្មគោល បវេល ឯកភ្នំ សង្កែ រតនមណ្ឌល សំឡូត និងស្រុកកំរៀង។
បើតាមអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី ២ តុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងហាក់មានការថមថយបន្តិចទៅវិញហើយ ខណៈដែលខេត្តចំនួន ៩ បានរងផលប៉ះពាល់ដោយសារតែជំនន់នេះ រួមមាន៖ ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ ត្បូងឃ្មុំ កោះកុង ព្រះសីហនុ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់។
លោកបានបញ្ជាក់ថា៖ «ក្រៅពីនេះខេត្តនៅតាមទន្លេមេគង្គ ក៏បានស្រកអស់ហើយដែរ នៅឡើយតែខេត្តកំពង់ធំ និងពោធិ៍សាត់ទេ ដែលស្រកយឺតជាងគេ ប៉ុន្តែបើសិនជាមិនមានភ្លៀងធ្លាក់បន្តទេ ខេត្តទាំង ២ នេះនឹងស្រកឆាប់ៗនេះដែរ»។
បើតាមលោក គឹម កុលមុន្នី នៅក្នុងរបាយការណ៍បឋម ដែលលោកទទួលបានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅតាមខេត្តទាំង ៩នេះ ទឹកជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជិត៩ពាន់គ្រួសារ,ប្រជាជនជម្លៀសទៅ ទួលសុវត្ថិភាពជាង ៣០០ គ្រួសារ, ប៉ះពាល់ផ្ទះសម្បែងប្រជាជនជិត ៣ ពាន់ខ្នង និងប៉ះពាល់ស្រូវជិត ៦ ពាន់ហិកតា។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២៩ ខែកញ្ញាថា លោក និងប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មបានទៅធ្វើការត្រួតពិនិត្យលើការប្រមូលផល ការសម្ងួត និងការស្តុកគ្រាប់ស្រូវពូជដែលត្រៀមទុកជាពូជបម្រុងនៅស្ថានីយផលិតពូជស្រូវព្រៃផ្តៅដើម្បីត្រៀមទុកជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិក្នុងការស្តារផលិតកម្មស្រូវឡើងវិញ។
លោកថា៖ «នៅទូទាំងប្រទេសយើងមានស្ថានីយផលិតគ្រាប់ពូជស្រូវចំនួន ៦ កន្លែង និងមានការសហការបន្ថែម ជាមួយសហគមន៍កសិករអ្នកផលិតគ្រាប់ពូជស្រូវនៅច្រើនកន្លែងថែមទៀត ដែលជាផ្នែកសំខាន់មួយនៃប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា»៕