ភ្នំពេញៈ ក្រសួងការពារជាតិបានលើកឡើងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៣ នេះកម្ពុជាបានពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ដែលស្តែងឡើងតាមរយៈសមយុទ្ធយោធានានា ការចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងចូលរួមវេទិកាតំបន់ និងអន្តរជាតិនានា។
នេះបើយោងតាមសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ៩ ខែ របស់ក្រសួងការពារជាតិ និងលើកទិសដៅអនុវត្តន៍សម្រាប់ត្រីមាសទី៤ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
សេចក្តីព្រាងរបាយការណ៍បានបន្តថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើការងារយ៉ាងល្អលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិផ្នែកយោធាជាមួយបណ្តាប្រទេសទាំងក្នុងតំបន់ និងអន្តរជាតិ ដែលបានស្តែងឡើងតាមរយៈព្រឹត្តិការណ៍នៃការរៀបចំសមយុទ្ធរួមគ្នា «នាគមាស ២០២៣» កម្ពុជា-ចិន និង «សមយុទ្ធរួមគ្នា ទេវតាសន្តិភាព-២០២៣» កម្ពុជា-ចិន ពេលកន្លងមក។
ប្រភពដដែលបានបន្តថា កម្ពុជាបានរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌ក្របខ័ណ្ឌអាស៊ានបូក ដែលមាន ១៤ ប្រទេសនៃទ្វីប៤ បានចូលរួម។ លើសពីនេះ កម្ពុជាក៏បានបន្តចូលរួមការងារមនុស្សធម៌អន្តរជាតិក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងបានសហការយ៉ាងល្អជាមួយបណ្តាប្រទេសជិតខាងពាក់ព័ន្ធការទប់ស្កាត់បទល្មើសនៅតាមបណ្តោយព្រំដែន សកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ជាដើម។
ក្រៅពីនេះ សេចក្តីព្រាងរបាយការណ៍ក៏បានបញ្ជាក់ដែរថា កងយោធពលខេមរភូមិន្ទបានចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តួយ៉ាងភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ទាំងព្រំដែនគោក ដែនសមុទ្រ ហើយឆ្លើយតបទៅតាមសភាពការណ៍វិវឌ្ឍន៍ភ្លាមៗ។ លើសពីនេះ ការចូលរួមទប់ស្កាត់បទល្មើសនានា បង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាមួយការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងប្រតិភូអន្តរជាតិ។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កន្លងមកសមត្ថភាពការទូត និងនយោបាយការបរទេសរបស់ក្រសួងការពារជាតិ មានលក្ខណៈល្អប្រសើរទៅហើយ ប៉ុន្តែចំណុចខ្វះខាតមួយត្រង់ការផ្សព្វផ្សាយ និងបកស្រាយទៅកាន់អន្តរជាតិពីការពិតរបស់កម្ពុជាតួយ៉ាងករណីមូលដ្ឋានទ័ពរាមកន្លងមកនេះ ព្រោះដៃគូធំរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យការពារជាតិនោះគឺជប៉ុន មិនមែនចិនឡើយ។
លោកថ្លែងថា៖ «កន្លងមកនៅតាមវេទិកានានា សហគមន៍អន្តរជាតិតែងលើកឡើងការព្រួយបារម្ភចំពោះវត្តមានយោធាចិននៅកម្ពុជា ប៉ុន្តែក្រសួងការពារជាតិគួរពង្រីកបន្ថែមទៅលើសមត្ថភាពផ្សព្វផ្សាយ ក៏ដូចជាសមត្ថភាពពន្យល់ជាផ្លូវការរបស់ខ្លួនជុំវិញតថភាពរបស់កម្ពុជា ស្របនឹងឥទ្ធិពលផ្សព្វផ្សាយនិងសារព័ត៌មានធំៗរបស់លោកខាងលិច»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ ថ្លែងថា នៅដើមឆ្នាំ២០២៣ កម្ពុជាបានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមនិងការថ្កោលទោសរុស្ស៊ីចំពោះអំពើឈ្លានពានលើអ៊ុយក្រែន ដោយទទួលបានការសាទរពីអន្តរជាតិ ប៉ុន្តែកម្លាំងទំនាក់ទំនងអន្តរជាតិផ្នែកការពារជាតិបានថមថយទៅវិញនៅឆមាសទី២។
លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-ចិនល្អ ប៉ុន្តែល្អក់កករជាមួយតំបន់អាស៊ាន និងលោកខាងលិច។
លោកប្រាប់ថា៖ «នៅក្នុងដំណាក់កាលប្រកួតប្រជែងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន យុទ្ធសាស្ត្រទំនាក់ទំនងការបរទេសការពារសមស្របរបស់កម្ពុជាគឺទាមទារឱ្យមានភាពបត់បែន ការឈរនៅលើភាពអព្យាក្រឹត ឬកណ្តាលមួយចន្លោះលោកខាងកើត និងលោកខាងលិច ទើបកម្ពុជាអាចនៅរក្សាបានផលប្រយោជន៍ការទូតនិងពាណិជ្ជកម្ម»៕