ភ្នំពេញៈយុវសិស្ស ពៅ គីមសែ ដែលមានវ័យទើបតែ១៥ឆ្នាំបានក្លាយជាសិស្សឆ្នើមម្នាក់នៅថ្នាក់ទី៩ សម្រាប់សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ។ បើគិតចាប់ពីចុងឆ្នាំ២០២២ មកទល់នឹងខែកញ្ញាឆ្នាំ២០២៣ យុវសិស្សរូបនេះ ទទួលបានមេដាយមាសចំនួន ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរឹទ្ធ២ ក្នុងការប្រកួតមុខវិជ្ជាគណិតវិទ្យាទូទាំងប្រទេស។
កំពុងឈរពាក់មេដាយមាស ព្យួរទម្លាក់មកលើទ្រូង ដែលនៅដៃឆ្វេងទ្រស៊ុមដាក់លិខិតសរសើរ ខណៈដៃស្តាំកាន់ទ្រម៉ាស៊ីនគិតលេខកាស្យូ ១ គ្រឿង នោះហើយ គឺជាសក្ខីភាពនៃការវាស់ស្ទង់កម្រិតប្រាជ្ញារបស់ ពៅ គីមសែ។
យុវសិស្ស ពៅ គីមសែ បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា ប្អូនរៀននៅថ្នាក់ទី 9NGS-C3 សាលាជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ។ ចំពោះការប្រកួតនេះមិនមែនសាលាបញ្ជូនឈ្មោះឱ្យទៅទេតែប្អូនបានចុះឈ្មោះតាមរយៈតេឡេក្រាម ព្រោះកាលពីពេលមុនៗប្អូនក៏ធ្លាប់ចូលរួមប្រកួតដែរ ហើយតាំងពីពេលនោះមក គេបានចងក្រងគ្នាជាក្រុមដូច្នេះនៅពេល ដែលមានកម្មវិធីប្រកួតប្រជែងម្តងៗគឺប្អូនអាចដឹងតាមរយៈក្រុមតេឡេក្រាមនេះ។
គីមសែ បានបន្តថា ចំពោះមេដាយមាសដែលប្អូនទទួលបាននេះ គឺជាលទ្ធផលនៃការប្រកួតប្រជែងលើមុខវិជ្ជាគណិតវិទ្យាសម្រាប់ថ្នាក់ទី៩ ទាំងសាលារដ្ឋនិងសាលាឯកជននៅទូទាំងប្រទេស។រីឯរយៈពេលប្រកួត គឺតែ១ព្រឹកទេហើយប្រកួតដោយប្រើប្រាស់ម៉ាស៊ីនគិតលេខកាស្យូផលិតនៅប្រទេសសិង្ហបុរី ហើយប្អូនបានជាប់ជយលាភីលេខ១ មេដាយមាសក្នុងចំណោមសិស្សជាង ២០០ នាក់។
គីមសែបានពោលដោយក្តីមោទនៈថា៖«ខ្ញុំសប្បាយចិត្តដែលខ្ញុំអាចដណ្តើមបានមេដាយមាស។នេះមិនត្រឹមតែកិត្តិយស សម្រាប់ខ្ញុំ និងប៉ាម៉ាក់របស់ខ្ញុំទេតែជាកិត្តិយសសម្រាប់សាលាខ្ញុំផងដែរ»។
បើតាម ពៅ គីមសែ នេះមិនមែនជាលើកទី១ ទេដែលប្អូនទទួលបានមេដាយមាស តែកន្លងមកប្អូនក៏ធ្លាប់ទទួលបានជយលាភីជាបន្តបន្ទាប់ដែរ ពីការប្រកួតកម្រិតជាតិនៅទូទាំងប្រទេសផ្នែកគណិតវិទ្យា។ជយលាភីលើកមុនប្អូនចាប់ផ្តើមចូលប្រកួតនៅចុងឆ្នាំ២០២២ ដោយទទួលបានមេដាយមាស ១ គ្រឿង ប្រាក់ ២ គ្រឿងនិងសំរិទ្ធ ១ គ្រឿង ហើយក្នុងពេលថ្មីៗនៅឆ្នាំ២០២៣ នេះបានមេដាយមាស ១ គ្រឿងទៀត ដែលសរុបទៅ ៤ គ្រឿងហើយ។ការប្រកួតប្រជែងចុងក្រោយបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ និងទទួលមេដាយមាសនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ដោយក្រសួងអប់រំយុវជន និងកីឡាជាអ្នកប្រគល់ជូន។
គីមសែ បានបញ្ជាក់ថា៖ «ខ្ញុំចូលរួមប្រកួតចុងក្រោយនេះមានអារម្មណ៍ភ័យតិចៗដែរដោយសារយើងមិនដឹងថាយើងនឹងបានវិញ្ញាសាអីត្រូវប្រឡងតែដោយសារខ្ញុំធ្លាប់ចូលរួមប្រកួតលើកមុនៗមកគិតថាគ្មានបញ្ហាអីទេសម្រាប់ខ្ញុំ»។
យុវសិស្ស ពៅ គីមសែ បានរំឭកប្រាប់ថា ការប្រកួតថ្មីៗនេះគឺខាងអ្នករៀបចំកម្មវិធីបានឱ្យបេក្ខជនគិតលេខ តាមរយៈម៉ាស៊ីនកាស្យូ តែគេមិនផ្តោតទៅលើការគណនាលេខទេគឺគេផ្តោតលើសមត្ថភាពបានន័យថាកម្មវិធីដាក់ចំណោទ១ ហើយយើងអាចទាញចំណោទហ្នឹងជាលេខទោះជាធ្វើតាមវិធីណាក៏ដោយ។
ជាមួយគ្នានេះ យុវសិស្ស គីមសែ ក៏បានបង្ហាញពីវិធីសិក្សារបស់ខ្លួនដែរថា ជាបទពិសោធន៍រៀនឱ្យពូកែគឺគេត្រូវមើលថាតើយើងៗនៅខ្វះផ្នែកមុខវិជ្ជាស្អី? ហើយមានវិធីសាស្ត្រណាខ្លះដើម្បីបំពេញការខ្វះខាតរបស់ខ្លួនដូចជាសួរមិត្តភក្តិផងសួរគ្រូផងជាដើម។ក្រៅពីនេះរូបគេមើលទៅលើមុខវិទ្យាណាខ្លះដែលត្រូវរៀនទុកជាមុននៅពេលឡើងថ្នាក់ ហើយពេលចូលរៀនទៅគឺគ្រាន់តែស្តាប់គ្រូពន្យល់បន្ថែមគឺយល់តែម្តង។ម្យ៉ាងវិញទៀត ការសិក្សាមិនមែនរៀនតែទ្រឹស្តីទេតែត្រូវយកមកអនុវត្តជាក់ស្តែងឱ្យបានច្រើន។ គីមសែ ប្រាប់ថា បើមកពីសាលារៀនវិញយ៉ាងហោចណាស់រូបគេក៏ត្រូវចំណាយពេល២ម៉ោងសម្រាប់រៀនហើយក៏មិនចូលចិត្តដើរលេងដែរ ព្រោះជាការឥតប្រយោជន៍។
លោក សម កំសាន្ត នាយករងកម្មវិធីសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ឱ្យដឹងថាការប្រកួតនេះក្នុងក្របខ័ណ្ឌទូទាំងប្រទេសដែលមានឈ្មោះថា«សហគមន៍អ្នកគណិតវិទ្យា»។សម្រាប់សិស្សនៅទូទាំងប្រទេសដែលគិតថា ខ្លួនមានសមត្ថភាពគឺអាចចុះឈ្មោះខ្លួនឯង មិនមែនខាងសាលាជាអ្នកបញ្ជូនទៅទេ។ សិស្សឈ្មោះពៅ គីមសែ រៀននៅថ្នាក់ទី9NGS-C3នៃសាលាជំនាន់ថ្មីព្រះស៊ីសុវត្ថិ ហើយគាត់ប្រកួតឈ្នះជយលាភីមេដាយមាសគណិតវិទ្យា។
លោកបានបន្តថា កម្មវិធីនេះគេហៅថាការប្រឡងគណិតវិទ្យាដោយប្រើម៉ាស៊ីនគិតលេខមានន័យថា កម្មវិធីគេអនុញ្ញាតឱ្យការប្រកួតគឺប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនគិតលេខ។ ចំពោះកម្មវិធីសាលាជំនាន់ថ្មីនេះ ជាកម្មវិធីមួយដែលក្រសួងអប់រំយុវជននិងកីឡាធ្វើកំណែទម្រង់ដើម្បីលើកកម្ពស់គុណភាពសិស្សតាមរយៈមធ្យោបាយសិក្សាហ្នឹងឱ្យមានសមត្ថភាពខ្ពស់ដែលអាចចូលរួមប្រកួតក្នុងកម្រិតជាតិនិងអន្តរជាតិបាន។រីឯការសិក្សាវិញតាមបែបវិធីសាស្ត្រថ្មីពោលគឺសិក្សាបែបស្រាវជ្រាវនិងធ្វើការងារជាក្រុមឬហៅថារៀនបែបស្ថាបនានិយម។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងវិធីសាស្ត្របង្រៀនក៏ថ្មីរបៀបរៀនក៏ថ្មីដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។ជាលទ្ធផលក្នុង ១ ឆ្នាំៗ សិស្សយើងប្រកួតថ្នាក់ជាតិនិងអន្តរជាតិទៅអាមេរិក ជប៉ុន ចិន ថៃ កូរ៉េ អូស្ត្រាលី សឹងតែជារៀងរាល់ខែ ហើយទទួលបានជាង ៥០០ មេដាយ ក្នុង ១ឆ្នាំៗ រាប់ទាំងមេដាយមាស សំរឹទ្ធ និងមេដាយប្រាក់និងប្រកួតគ្រប់មុខវិជ្ជា»។
អ្នកគ្រប់គ្រងផ្នែកជំនួញនៃបណ្ណាគារអន្តរជាតិ IBC ម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះដែលបានសហការក្នុងកម្មវិធីប្រកួតបានប្រាប់ថា ក្នុងកម្មវិធីប្រកួតប្រជែងលើកនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ និងប្រគល់មេដាយ ដោយក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១១ ហើយទាំងសាលាឯកជន និងសាលារដ្ឋគឺប្រកួតចម្រុះគ្នា។ ចំពោះសិស្ស ដែលបានចូលរួមប្រកួតមានជិត ៨០០ នាក់ មកពីរាជធានី-ខេត្តក្រុង នៅទូទាំងប្រទេស។ សម្រាប់សិស្សថ្នាក់ទី៧ ត្រូវរើសយកអ្នកជាប់ចំណាត់ថ្នាក់មេដាយមាស ម្នាក់មេដាយប្រាក់២ សម្រាប់សិស្ស ២ នាក់ និងមេដាយសំរឹទ្ធ ៣ សម្រាប់សិស្ស ៣ នាក់ រហូតដល់ថ្នាក់ទី១១ ក៏ដូចគ្នាដែរ។
លោកបានបញ្ជាក់ថា កម្មវិធីនេះរៀបចំដោយបណ្ណាគារអន្តរជាតិ IBC និងម៉ាស៊ីនគិតលេខកាស្យូ Singapore ដែលសិស្សជាប់ជយលាភីចំណាត់ថ្នាក់លេខ២ និងលេខ៣ ទទួលបានបណ្ណសសើរពីក្រសួងអប់រំយុវជននិងកីឡា ១ទទួលបានបណ្ណសរសើរពីកាស្យូ Singapore អាវយឺត ១ និងមួកសុវត្ថិភាព១។ រីឯសិស្សជាប់ជយលាភីលេខ១ ទទួលបានមេដាយមាស ពីក្រសួងអប់រំយុវជន និងកីឡា ១ គ្រឿង អមដោយកុំព្យូទ័រយួរដៃ ១ គ្រឿង និងបានបណ្ណសរសើរពីក្រសួងអប់រំយុវជន និងកីឡា ១ សន្លឹក និងបណ្ណសរសើរពីកាស្យូ Singapore ចំនួន ១ សន្លឹក ផងដែរ។ ដោយឡែក សម្រាប់យុវសិស្ស ពៅ គីមសែ បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបេក្ខជនថ្នាក់ទី៩ ដែលបានចូលរួមប្រកួតចំនួន ២១១ នាក់។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ឱ្យដឹងថា ក្រសួងអប់រំយុវជន និងកីឡា បានយកចិត្តទុកដាក់ជាពិសេស សម្រាប់មុខវិទ្យា Stem (Science,technology,engineering and math)។ កន្លងមកសាលារៀនជំនាន់ថ្មីក៏ដោយ និងកម្មវិធីថ្នាក់ជាតិក៏ដោយ គឺក្រសួងអប់រំយុវជន និងកីឡា ក៏មានរៀបចំពិព័រណ៍ Stem ដោយបានសហការជាមួយនឹងដៃគូពាក់ព័ន្ធក៏ដូចជាដៃគូអភិវឌ្ឍន៍ដែរ។
លោកស្រីបានបន្ដថា កិច្ចការនេះគឺដើម្បីអភិវឌ្ឍការរៀន និងការបង្រៀននៅកម្រិតមធ្យមសិក្សាទាំងបឋមភូមិទាំងទុតិយភូមិ ដើម្បីលើកស្ទួយផ្នែក Stem។ ពីមុនក្រសួងអប់រំយុវជន និងកីឡា ផ្តោតទៅលើវិធីសាស្ត្របង្រៀនវិធីសាស្ត្រប្រពៃណីបានន័យថាសិស្សដែលគាត់ចូលក្នុងថ្នាក់គឺគាត់ស្តាប់គ្រូជាដើម។
លោកស្រីបានបញ្ជាក់ថា៖ «ប៉ុន្តែក្នុងវិធីសាស្ត្របង្រៀនថ្មីនេះ សំដៅធ្វើម៉េចឱ្យសិស្សគាត់មានសកម្មភាព។ ឧទាហរណ៍ថាឱ្យសិស្សរៀបចំគម្រោងស្រាវជ្រាវសង្កេតអ៊ីចឹង ទៅពេលគាត់រៀនចប់ទៅមិនមែនគ្រាន់តែគាត់បានចំណេះដឹងដែលគាត់រៀនទេតែគាត់ចេះធ្វើការសហការគ្នាជាក្រុម ដើម្បីធ្វើយ៉ាងណាអនាគតទៅគាត់ចេញទៅធ្វើការមានប្រសិទ្ធភាព»៕