ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វប្បធម៌សន្ទនាដែល អាចប្រព្រឹត្តទៅបានលុះត្រាភាគីទាំង២បានយល់ស្រប និងឯកភាពគ្នា តែបើក្រុមប្រឆាំងនៅក្រៅប្រទេសនៅតែបន្តជេរប្រមាថ និងដាក់បណ្តាសា លោកជារហូតមក គឺមិនអាចទៅរួចទេ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកចុះជួបសំណេះសំណាលជាមួយនឹងកម្មករនិយោជិត ជិត២ម៉ឺននាក់ មកពីខណ្ឌដង្កោ និងខណ្ឌមានជ័យ ក្នុងរាជធានីភ្នំពេញ។
លោកបានថ្លែងថា៖ «គេចោទថាហ៊ុន ម៉ាណែត មិនព្រមសន្ទនា យើងខ្មែរដូចគ្នាសោះ។ តែនិយាយបានតែប៉ុន្មានម៉ាត់មិនបានប៉ុន្មាននាទីផង ជេរខ្ញុំរាប់ម៉ោងថា ហ៊ុន ម៉ាណែត អាក្រក់, ហ៊ុន ម៉ាណែត ឡើងតាមជើងខោឪ។ អារឿងវប្បធម៌សន្ទនា វាដើរទាល់តែភាគីទាំង២ ឯកភាពគ្នាយល់គ្នា។ ពួកម៉ាកជេរគ្នា ហើយមកបបួលឱ្យត្រូវគ្នា មិនត្រូវគ្នានោះទេ។ មកដល់ជេរឯងកប់ៗ ហើយបបួលឱ្យត្រូវគ្នា វាអត់ត្រូវទេ»។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីក៏បានរំឭកពីលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបង្កើតឱ្យមានវប្បធម៌សន្ទនា ជាមួយលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ននិរទេសនៅក្រៅប្រទេស មិនបានទទួលជោគជ័យនោះទេ ដោយសារតែភាគីលោក សម រង្ស៊ី មិនបានយល់គ្នា។
លោកបានថ្លែងថា៖«ពេលដែលត្រូវគ្នា បានដឹកដៃគ្នា គាត់ហៅទាំងកូនរបស់គាត់ មកជួបខ្ញុំ ជួបជាមួយសម្តេចតេជោ បាយជាមួយគ្នា យើងមានអីនិយាយជាមួយគ្នា ស្រាប់តែគាត់ចេញទៅក្រៅប្រទេស នៅស្រុកបារាំង គាត់ជេរសម្តេចកប់ៗមាត់បណ្តោយ» ។
លោក ហ៊ុន ម៉ាណែត បន្តថា ៖ «ឥឡូវកូនចៅគាត់ដូចគ្នា ...ថា កាលពីមុនគាត់ឈ្លោះជាមួយឪខ្ញុំឥឡូវមកដល់ជំនាន់កូន ហើយនៅប្រើវប្បធម៌ហ្នឹងទៀត។ ដៃម្ខាងស្រែកចង់សន្ទនា តែពេលជាមួយគ្នាហ្នឹងស្រែកជេរខ្ញុំកប់មាត់រាល់ពេល តើខ្ញុំសន្ទនាស្អីឥឡូវ? តើសុច្ឆន្ទៈ និងភាពស្មោះត្រង់នៅកន្លែងណា?»។
ក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អ្នកដែលជេរលោក ត្រូវធ្វើជាគំរូដល់ក្មេងៗ ជំនាន់ក្រោយផង ដោយមិនត្រូវយកគំរូតាមមេដឹកនាំខ្លួននោះទេ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៣ ខែតុលានេះដែរ បានបញ្ចេញនូវទស្សនៈយល់ថា វប្បធម៌សន្ទនាដែលអាចសន្ទនាទៅរួចបាន លុះត្រាតែគូភាគីមានសុច្ឆន្ទៈ ដូចគ្នា ឬទស្សនៈនយោបាយដែលត្រូវការសន្ទនាទើបអាចទៅរួច។
លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ អ្នកនយោបាយ ត្រូវតែមានការផ្តល់តម្លៃឱ្យគ្នា ឬគោរពគ្នាទៅវិញទៅមក ដោយចៀសវាងជេរដៀលគ្នាកប់ៗមាត់ និងតម្កល់ផលប្រយោជន៍ជាតិជាធំជាមួយគ្នាដោយកុំគិតថា ខ្លួនជាគណបក្សប្រឆាំង ឬគណបក្សកាន់អំណាច ទើបអាចសន្ទនាទៅរួចដែរ។
លោក យង់ ពៅ សង្កត់ធ្ងន់ថា ៖ «ចំពោះការសន្ទនានេះ អាចប្រព្រឹត្តទៅបានលុះត្រាតែកម្លាំងនយោបាយមានប្រហាក់ប្រហែលគ្នា ប៉ុន្តែបើកម្លាំងនយោបាយនៅឆ្ងាយពីគ្នា មិនអាចទៅរួចបាននោះទេ»៕